អ្នកប្រហែលជាមិនដែលគិតទេថា ភាពជឿជាក់អាចជះឥទ្ធិពលដល់សមត្ថភាពក្នុងការគ្រប់គ្រង និងរកលុយរបស់អ្នកបាន ។ ការដែលមិនមានភាពជឿជាក់លើខ្លួនឯងក៏ជាឧបសគ្គមួយក្នុងការក្លាយជាមនុស្សជោគជ័យរឿងលុយដែរ ។ ប៉ុន្តែ តើភាពជឿជាក់អាចជួយឲ្យអ្នករកលុយបានដោយដូចម្តេច ?
១. អ្នកមិនខ្លាចក្នុងការស្នើសុំអ្វីដែលអ្នកចង់បាន
ការដែលមនុស្សមិនមានជំនឿចិត្តលើខ្លួនឯងភាគច្រើនតែងតែបង្កឲ្យពួកគេមិនជឿជាក់លើសមត្ថភាពរបស់ខ្លួន ។ ហើយពេលដែលករណីនេះកើតមានឡើងពួកគេអាចនឹងបាត់បង់ឱកាសជាច្រើន ដែលជួយឲ្យពួកគេរកលុយបានច្រើនជាងមុន ។ ផ្ទុយមកវិញ មនុស្សដែលជឿជាក់លើខ្លួនឯងវិញ មិនភ័យខ្លាចឡើយក្នុងការស្នើសុំអ្វីដែលពួកគេគិតថា ពួកគេគួរតែទទួលបានមិនថា ជាការឡើងប្រាក់ខែ ឬការសម្រេចចិត្តវិនិយោគណាមួយទេ ។
២. អ្នកបង្ហាញថា អ្នកមានសមត្ថភាពខ្ពស់
បើទោះជាអ្នកមិនស្នើសុំឡើងប្រាក់ខែ ឬទាមទារការគោរពពីអ្នកដទៃពិតមែនក្តី អ្នកដទៃនឹងចាប់អារម្មណ៍លើអ្នកជាក់ជាមិនខាន ព្រោះតែភាពជឿជាក់ដែលអ្នកបង្ហាញដល់មនុស្សដទៃថា អ្នកពិតជាសាកសមនឹងតំណែងដែលខ្ពស់ជាងបច្ចុប្បន្ន ឬអាចជាដៃគូអាជីវកម្មដែលអាចទុកចិត្តបានជាដើម ។
ជំនាញ និងបទពិសោធន៍ក៏ជាកត្តាដែលសំខាន់ ប៉ុន្តែភាពក្លាហាន និងស្វាហាប់ក៏ជាចំណុចដែលអាចទាក់ទាញមនុស្សឲ្យជឿជាក់លើអ្នកដែរ ។ ប្រសិនបើអ្នកដទៃមើលឃើញថា អ្នកមិនមានជំនឿចិត្តលើខ្លួននោះពួកគេអាចនឹងគិតថា អ្នកមិនទាន់ត្រៀមខ្លួនរួចសម្រាប់ទំនួលខុសត្រូវណាមួយឡើយ ដូច្នេះអ្នកអាចនឹងបាត់បង់ឱកាសច្រើន ។
៣. អ្នកមិនចាំបាច់អួតអាងអ្នកដទៃ
តើអ្នកដែលឃើញ ឬស្គាល់មនុស្សដែលខិតខំចាយវាយលើសម្ភារៈផ្សេងៗ ដើម្បីឲ្យខ្លួនចូលចំណោមក្រុមមនុស្សណាមួយចុះដែរទេ ? អ្នកប្រហែលជាមិនដឹងទេថា មនុស្សទាំងនេះ គឺភាគច្រើនជាមនុស្សដែលមិនមានជំនឿចិត្តលើខ្លួនឯង ។
អ្នកដែលជឿជាក់លើខ្លួនឯងដឹងថា ភាពជោគជ័យមិនអាស្រ័យតែលើសម្ភារៈដែលពួកគេមានទេ តែក៏អាស្រ័យលើការគ្រប់គ្រងលុយរបស់ពួកគេដែរ ។ អ្នកដែលរកប្រាក់ចំណូលបានតិចអាចនឹងនៅសល់លុយច្រើនជាងអ្នកដែលរកប្រាក់ចំណូលបានច្រើន ។ គំនិតបែបនេះជួយកាត់បន្ថយការចំណាយទៅលើសម្ភារៈដែលមិនចាំបាច់ និងជួយឲ្យពួកគេផ្តោតស្មារតីលើអ្វីផ្សេងដែលអាចសម្រេចគោលដៅរបស់ពួកគេវិញ ។ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ