ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យុវជន២នាក់ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពអារ.កបណ្តាលឱ្យស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសស្រាល ដោយសាររត់រួច បន្ទាប់ពីកើតហេតុ ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់ ។
ហេតុការណ៍គួរឱ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នៅ ចំណុចក្បែរខ្ទមអ្នកតា (លោកតាជួងបឹងកន្លែង) ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើនេះ គេមិនដឹងថាផ្តើមចេញពីរឿងអ្វីនោះទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដ និងតាមចាប់ខ្លួនក្រុមឃាតករដែលរត់គេចខ្លួន ហើយមិនទាន់ដឹងថាក្រុមជនសង្ស័យមានគ្នាប៉ុន្មាននាក់នោះទេ និងមិនទាន់ដឹងពីអត្តសញ្ញាណនៅឡើយទេ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះអេង រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជាកូនអភិបាលរងស្រុកអូរជុំ ។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការក្រុងបានលុង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនក្រុមជនសង្ស័យទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ