ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារត្រូវជនសង្ស័យម្នាក់យកដែកឆាបចាក់ក្នុងជម្លោះហិង្សាខឹងសុំទិញថ្នាំញៀនមិនបាន ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៩ នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះដែលស្លាប់ឈ្មោះសុខ វិទូ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ និងមានទីលំនៅរាជធានីភ្នំពេញ ។ ជនរងគ្រោះត្រូវបានជនសង្ស័យយកដែកឆាបចាក់ចំ.ពោះខាងស្តាំ រងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់ពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ចំណែកជនសង្ស័យឈ្មោះថា វ៉ាន់តាក់ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅព្រឹកថ្ងៃដដែលនេះ កម្លាំងអាវុធហត្ថបាននាំជនសង្ស័យទៅកន្លែងកើតហេតុដើម្បីរកវត្ថុតាង(ដែកឆាប)ដែលលាក់ទុក។
ពេលសាកសួរពីមូលហេតុ ជនសង្ស័យបានប្រាប់សមត្ថកិច្ចឱ្យដឹងថា ដោយសារខ្លួនខឹងសុំទិញថ្នាំញៀនពីជនរងគ្រោះមិនព្រមលក់ឲ្យ ទើបផ្ទុះជម្លោះ ហើយខ្លួនក៏ទាញដែកឆាបចាក់ជនរងគ្រោះតែម្តង ។
សពជនរងគ្រោះត្រូវបានគេតម្កល់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីរង់ចាំម្តាយកំពុងធ្វើដំណើរមកពីភ្នំពេញមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតនាំយកទៅសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្តចាត់ការបន្តតាមនិតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ