ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក (ASF) ឆ្លង​មក​មនុស្ស​យើង​ទេ? Dj Nana អាច​ស្រាយ​ច​ម្ង​ល់​នេះ​បាន !

4 ឆ្នាំ មុន
  • ភ្នំពេញ

អាហារ គឺជា​កត្តា​សំខាន់​សម្រាប់​ការ​រស់នៅ ការ​បរិភោគ​អាហារ​ដែល​ល្អ នឹង​នាំ​ឲ្យ​គុណភាព​ជីវិត​លោក​អ្នក​កាន់តែ​ប្រសើរ​ឡើង ។ សាច់​ជ្រូក ជា​ប្រភេទ​សាច់​ដែល​ប្រជាជន​កម្ពុជា​ពេញ​និយម​ក្នុង​ការ​ចម្អិន​ទទួល​ទាន ការ​ជ្រើសរើស​ទិញ​សាច់​ជ្រូក​ដែល​ល្អ​យក​មក​ធ្វើ​អាហារ គួរតែ​ជា​សាច់​ដែល​មក​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រួក​ដែល​មាន​មាត្រដ្ឋាន​ការ​ចិញ្ចឹម​ត្រឹមត្រូវ ។…

អាហារ គឺជា​កត្តា​សំខាន់​សម្រាប់​ការ​រស់នៅ ការ​បរិភោគ​អាហារ​ដែល​ល្អ នឹង​នាំ​ឲ្យ​គុណភាព​ជីវិត​លោក​អ្នក​កាន់តែ​ប្រសើរ​ឡើង ។ សាច់​ជ្រូក ជា​ប្រភេទ​សាច់​ដែល​ប្រជាជន​កម្ពុជា​ពេញ​និយម​ក្នុង​ការ​ចម្អិន​ទទួល​ទាន ការ​ជ្រើសរើស​ទិញ​សាច់​ជ្រូក​ដែល​ល្អ​យក​មក​ធ្វើ​អាហារ គួរតែ​ជា​សាច់​ដែល​មក​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រួក​ដែល​មាន​មាត្រដ្ឋាន​ការ​ចិញ្ចឹម​ត្រឹមត្រូវ ។ បច្ចុប្បន្ន​នេះ មាន​ព័ត៌មាន​ដែល​ទាក់ទង​ជាមួយនឹង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ឬ​ត្រូវ​បាន​ហៅ​ថា ASF បាន​រាតត្បាត​នៅ​ក្នុង​ប្រទេស​ចិន វៀតណាម ដែល​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ។

តើ​អ្នក​ប្រើប្រាស់​ទាំងអស់​គួរ​យល់​ដឹង​ពី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​កតាម​រយៈ​អ្វី ?

​តាម​រយៈ​ការ​យល់​ដឹង​ពី​រោគ​សញ្ញា និង​អ​ការ​ជំងឺ​នេះ អ្នក​ក៏​ក្លាយជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​ការពារ​មិន​ឲ្យ​រីក​រាលដាល និង​បង្ក​ឲ្យ​មានការ​ខូចខាត ។

​ASF ជា​ជំងឺ​ដែល​កើត​ពី​វីរុស​នៅ​ក្នុង​រា​ង្គ​កាយ​ជ្រូក ដោយ​មាន​ដើម​កំណើត​នៅ​ទ្វីបអាហ្វ្រិក រួច​រាតត្បាត​ទៅ​អឺរ៉ុប ឆ្នាំ​មុន​នេះ​រាតត្បាត​ចូល​ប្រទេស​ចិន ហើយ​ឆ្នាំ​នេះ​មក​ដល់​ប្រទេស​វៀតណាម​ហើយ ។ ជំងឺ​នេះ​ធ្វើ​ឲ្យ​ជ្រូក​ងាប់​ភ្លាម​ៗ ទើប​យើង​រាប់​ជា​ជំងឺ​ដែល​បង្ក​ឲ្យ​មានការ​ខាតបង់​យ៉ាង​ខ្លាំងក្លា​ដល់​អ្នក​ចិញ្ចឹម​ជ្រូក ។

​វីរុស​មាន​ភាព​ធន់ ៖ អាច​រស់នៅ​ក្នុង​បរិស្ថាន​បាន​យូរ និង​ឆ្លង​ទៅ​ជ្រូក​យ៉ាង​ឆាប់រហ័ស តាម​រយៈ​ពី​សម្លៀក​បំពាក់ យានយន្ត ឬ​ក្នុង​អាហារ​ដែល​មាន​វីរុស​នេះ ទោះបីជា​បាន​ចម្អិន​រួច​ក៏​ដោយ ប៉ុន្តែ​វីរុស​នៅ​តែ​អាច​រស់នៅ​បាន ។

វិធី​ធ្វើការ​របស់​អ្នក​ចិញ្ចឹម​ជ្រូក ៖ ដោយសារ​តែ​ជំងឺ​នេះ​មិន​មាន​វ៉ាក់សាំង​បង្ការ ឬ​ថ្នាំ​ព្យាបាល​ទេ ដូច្នេះ​វិធីសាស្ត្រ​ក្នុង​ការ​ការពារ​ជំងឺ​ត្រូវ​តែ​ប្រើ​ប្រព័ន្ធ​ជីវៈ​សុវត្ថិភាព ឬ Biosecurity ដែល​ជា​ប្រព័ន្ធ​គ្រប់គ្រង​កសិដ្ឋាន ដោយ​ត្រូវ​ត្រួតពិនិត្យ ទាំង​បុគ្គលិក យានយន្ត និង​វត្ថុ​ទាំងអស់ ត្រូវ​លាង​សម្អាត និង​ឆ្លងកាត់​ការ​សម្លាប់​មេរោគ​គ្រប់ពេល​មុន​ចូល​កសិដ្ឋាន ។

​ខណៈ​ពេល​នេះ​ប្រទេស​កម្ពុជា​យើង មានការ​ភ្ញាក់ផ្អើល​ទៅ​នឹង​ជម្ងឺប៉េស្ត​ជ្រូក​ខ្លាំង​ណាស់ គ្រប់​ស្ថាប័ន ទាំង​រដ្ឋ ទាំង​ឯកជន និង សមាគម​អ្នក​ចិញ្ចឹម បាន​រួមដៃគ្នា​ក្នុង​ការ​ជួយ​ការ​ការពារ​ជំងឺ​នេះ​យ៉ាង​ពេញ​ទំហឹង ដោយ​មានការ​រៀបចំ​សិក្ខាសាលា​ផ្តល់​ចំណេះដឹង​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ទូ​ទាំង​ប្រទេស ដោយ​អញ្ជើញ​អ្នកឯកទេស​ដែល​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ និង​ផ្តល់​ចំណេះដឹង ព្រមទាំង​មានការ​តាមដាន​ស្ថានភាព​យ៉ាង​ខ្ជាប់ខ្ជួន ។

Dj Nana ចង់​ពន្យល់​អ្នក​បន្ថែម​ទៀត​តាម​រយៈ​វី​ដេ​អូ​ខាងក្រោម ៖

បើសិន​អ្នក​បរិភោគ​អាហារ​ដែល​មាន​មេរោគ​នេះ​ចូល​ទៅ តើ​អ្នក​នឹង​មាន​ផល​ប៉ះពាល់​ដែរ ឬទេ ?

ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​ទេ ! សូមកុំ​មានការ​ភ័យ​ខ្លាច​ចំពោះ​ជំងឺ​នេះ ព្រោះ​វីរុស​នេះ​ឆ្លង​ចំពោះតែ​ជ្រូក​ប៉ុណ្ណោះ ដែល​មិន​បង្ក​ផល​ប៉ះពាល់ ឬ​ចម្លង​ដល់​មនុស្ស​នោះ​ទេ ។ អ្នក​នៅ​តែ​អាច​ទទួលទាន​សាច់​ជ្រូក​បាន​តាម​ធម្មតា ដោយ​គ្រាន់តែ​យក​មក​ចម្អិន​ឲ្យ​ឆ្អិន​ត្រឹមត្រូវ ។ សម្រាប់​វិធីសាស្ត្រ​នៃ​ការ​ជ្រើសរើស​ទិញ​សាច់​ជ្រូក គួរតែ​ទិញ​ពី​កន្លែង​ដែល​មាន​អនាម័យ និង​ទុកចិត្ត​បាន ។

​តើ​អ្នក​ធ្លាប់​បានឃើញ​រូបភាព ឬ​ឃ្លី​ប​វី​ដេ​អូ​ដែល​បាន​ចែកចាយ​តាម​បណ្តាញ​សង្គម​ខ្លះ​ៗ​មក​ទេ ?

​ការ​ពិត​នោះ​ជំងឺ​ដែល​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ​ដែល​គ្មាន​អនាម័យ ជា​រឿយ​ៗ​តែងតែ​ឆ្លង​មេរោគ​ផ្សេង​ៗ ជា​ពិសេស​មេរោគ​បាក់តេរី ដែល​មាន​ជាប់​នៅ​ពេល​ផលិត ឬ​ពេល​រក្សា​ទុក​មិន​បាន​ត្រឹមត្រូវ ធ្វើ​អោយ​អាហារ​ឆាប់​ខូច និង​ការ​ចម្អិន​ដែល​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​អនាម័យ រួម​ទាំង​ការ​ចម្អិន​មិន​ឆ្អិន​ល្អ ។

​ក្នុង​នាម​ជា​អ្នក​បរិភោគ អ្នក​រួមចំណែក​ជួយ​ឲ្យ​ស្ថានភាព​នេះ​ប្រសើរ​ឡើង​វិញ​បាន​យ៉ាងដូចម្តេច​ខ្លះ ?

ជំងឺ​នេះ​មិន​បាន​ចម្លង​ដល់​មនុស្ស ហើយ​អ្នក​នៅ​តែ​អាច​បរិភោគ​សាច់​ជ្រូក​បាន​ដោយ​មិន​ព្រួយបារម្ភ​ឡើយ ប៉ុន្តែ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​ជំងឺ​នេះ អ្នក​គួរតែ​បញ្ឈប់​ការ​នាំ​ចូល ឬ​ទទួលទាន​អាហារ​ដែល​មិន​ស្គាល់​ប្រភព​ច្បាស់លាស់ ឬ​មក​ពី​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ ហើយ​លើស​ពី​នេះ​ទៀត​អ្នក​គួរតែ​ទុកដាក់​កាក​សំណល់​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ ។

អ្វី​ដែល​សំខាន់​មួយទៀត​នោះ គឺ​កុំ​ចែក​ចាយ​នូវ​ព័ត៌មាន​មិន​ពិត ព្រោះ​បុគ្គល​មួយ​ចំនួន បាន​ចែកចាយ​ព័ត៌​មាន​មិន​ពិត​តាម​រយៈ​បណ្តាញ​សង្គម​ដែល​យក​រូបភាព​សត្វ​ជ្រូក​ឈឺ ឬ​ងាប់​យក​មក​កាត់ត ក្នុង​គោល​បំណង​​ដើម្បី​ឲ្យ​មានការ​យល់​ច្រឡំ រហូត​ដល់​មានការ​ចែករំលែក​ត​ៗ​គ្នា ។ សូម​ឲ្យ​បងប្អូន​គិត​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ចែកចាយ សូម​បងប្អូន​មេត្តា​តាមដាន​ព័ត៌មាន​ដែល​ប្រកាស​ចេញពី​ប្រភព​ច្បាស់​លាស់​​ពី​ស្ថាប័នរដ្ឋ ឬ​ក៏​អង្គភាព​ដែល​អាច​ទុកចិត្ត​បាន «​សាច់​ជ្រូក នៅ​តែ​មាន​សុវត្ថិភាព ក្នុង​ការ​ទទួល​ទាន ដោយ​ពុំ​ចាំបាច់​ព្រួយបារម្ភ​» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ