ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ម្នាក់​… ឆបោក​យក​លុយ​គេ​អស់​រាប់​ម៉ឺន​ដុល្លារ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បើ​តាម​ប្រភព​ព័ត៌មាន​ចេញពី​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​ម្នាក់​ពូកែ​ខាង​ទ្រឹស្តី និយាយ​សម្តី​ផ្អែម​ពិ​រោះ​ធ្វើ​ឱ្យ​គេ​ជឿ​ទុកចិត្ត​រហូត​ដល់​ម្ចាស់​ប្រគល់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ដើម្បី​ឱ្យ​យក​ទៅ​ទិញ​ដី​រត់ការ​ប្លង់ ស្រាប់តែ​រូបគេ​យក​ទៅ​ទិញ​ដី​ដាក់​ឈ្មោះ​ខ្លួនឯង និង​យក​លុយ​នោះ​ទៅ​សាងសង់​ផ្ទះសំណាក់​ផ្ទាល់ខ្លួន​ទៅ​វិញ ។…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បើ​តាម​ប្រភព​ព័ត៌មាន​ចេញពី​មន្ត្រី​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​ម្នាក់​ពូកែ​ខាង​ទ្រឹស្តី និយាយ​សម្តី​ផ្អែម​ពិ​រោះ​ធ្វើ​ឱ្យ​គេ​ជឿ​ទុកចិត្ត​រហូត​ដល់​ម្ចាស់​ប្រគល់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ដើម្បី​ឱ្យ​យក​ទៅ​ទិញ​ដី​រត់ការ​ប្លង់ ស្រាប់តែ​រូបគេ​យក​ទៅ​ទិញ​ដី​ដាក់​ឈ្មោះ​ខ្លួនឯង និង​យក​លុយ​នោះ​ទៅ​សាងសង់​ផ្ទះសំណាក់​ផ្ទាល់ខ្លួន​ទៅ​វិញ ។

ក្រោយ​ពី​ម្ចាស់​ប្រាក់​ប្តឹង​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​នេះ នគរបាល​ក៏​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។ តែ​ទោះបីជា​យ៉ាងណា​ស្ត្រី​វ័យក្មេង​ពូកែ​ល្បិច​ខាងលើ​មិន​ព្រម​សារភាព និង​ទទួល​សង​លុយ​គេ​វិញ​នោះ​ទេ ទើប​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា​ដដែល​នេះ​ម្ចាស់​លុយ​រក​មេធាវី ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត​នៅ​ក្នុង​តុលាការខេត្ត​ប៉ៃលិន ។

បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​នគរបាល​បានឱ្យ​ដឹង​ថា ស្ត្រី​ឆ​បោកប្រាក់គេ​មានឈ្មោះ រឿ​ន ចរិយា អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​សុរិយោដី រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួច​ទៅ​ហើយ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ពាក់ព័ន្ធ​នឹង​ករណី​ដី​ជម្លោះដីធ្លី ។ ចំណែក ឯ​ជន​រង​គ្រោះ​មិន​បញ្ចេញ​ឈ្មោះ​ទេ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ត្រូវ​គេ​បោក​លុយ​អស់​ជាង​២០​ម៉ឺន​ដុល្លារ ខណៈ​ជន​រង​គ្រោះ​បាន​ពឹងពាក់​ឱ្យ​ស្ត្រី​ឆបោក​ខាងលើ​យក​លុយ​ទៅ​រក​ទិញ​ដី​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ លុះ​ម្ចាស់​ប្រាក់​ទើបតែ​ប្រគល់​ឱ្យ​ជាង​២០​ម៉ឺន​ដុល្លារ ដើម្បី​យក​ទៅ​កក់​ថ្លៃ​ដី និង​រត់ការ​ប្លង់ ស្រាប់តែ​ស្ត្រី​ខាងលើ​មិន​ដាក់​ឈ្មោះ​ម្ចាស់​ប្រាក់​នោះ​ទេ ដោយ​ដាក់​ឈ្មោះ​ខ្លួនឯង​ជំនួស ហើយ​តែងតែ​និយាយ​កុហក់​ម្ចាស់​ប្រាក់ និង​ម្ចាស់​ដី ដោយ​បង្វែរ​មិន​ឱ្យ​ពួក​គេ​ជួប​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ ហើយ​គេច​មុខ​ថែម​ទៀត លុះ​ម្ចាស់​ប្រាក់​សង្ស័យ​ក៏​តាម​រហូត​ដល់​ជួប​ម្ចាស់​ដី ទើប​ដឹង​រឿង​ពិតប្រាកដ​ថា ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ខាងលើ​ជា​ជន​ឆបោក​អស់​រាប់​ម៉ឺន​ដុល្លារ ។ ប្រភព​បញ្ជាក់​ទៀត​ថា ស្ត្រី​ជើងឆើត​រូប​នេះ​មិន​ត្រឹមតែ​ឆបោក​ប្រាក់​ស្ត្រី​ម្នាក់​ខាងលើ​ប៉ុណ្ណោះ​ទេ គឺ​បោក​អ្នក​ដទៃ​ជា​ច្រើន​ទៀត ហើយ​ក៏​មាន​ពាក្យបណ្តឹង​បន្តបន្ទាប់​ផង​ដែរ ។

ចំណែក​ស្ត្រី​ម្ចាស់​ប្រាក់​មិន​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ប្រាក់​ដែល​គាត់​ប្រគល់​ឱ្យ​ជនសង្ស័យ​យក​ទៅ​ទិញ​ដី​នោះ​មិន​បាន​ដី​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ​ទេ គឺ​ស្ត្រីជន​ឆបោក​ឈ្មោះ រឿ​ន ចរិយា បាន​ដាក់​ឈ្មោះ​របស់​គេ​ទាំងអស់ ។ ប្រភព​បន្ត​ទៀត​ថា ស្ត្រី​ឆបោក​ខាងលើ​មិន​ត្រឹមតែ​យក​ប្រាក់​ទៅ​ទិញ​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួនឯង​នោះ​ទេ ថែម​ទាំង​យក​ទៅ​សាងសង់​ផ្ទះសំណាក់​មួយ​យីហោ «​កូ​ឡាប​ប៉ៃលិន​» ស្ថិត​នៅ​ក្បែរ​ស្ពានថ្ម​ជាប់​នឹង​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​សាងសង់​រួចរាល់​អស់ហើយ​ថែម​ទាំង​ជិត​ដំណើរការ​បើក​សម្ពោធ​ដាក់​ឱ្យ​ភ្ញៀវ​ស្នាក់​នៅ​ថែម​ទៀត​ផង ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ម្ចាស់​ប្រាក់​នៅ​តែ​កើតទុក្ខ​មិន​សុខចិត្ត គឺ​នឹង​ប្តឹង​ទាមទារ​យក​លុយ​របស់​ខ្លួន​ទាំង​អស់នោះ​មក​វិញ ហើយ​ឱ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក សូ សុ​ខុន ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​បាន​ទទួលស្គាល់​ថា ស្ត្រី​ជា ជន​ឆបោក​ម្នាក់​ឈ្មោះ រឿ​ន ចរិយា ពិតជា​មន្ត្រី​របស់​លោក​ប្រាកដ​មែន ដោយ​ទទួល​បន្ទុក​ផ្នែក​លំនៅ​ឋាន​ពី​មុន​ជា​មន្ត្រី​ផ្នែក​ភូមិបាល​ក្រុង ។ លោក​បន្ត​ទៀត​ថា ស្ត្រី​ខាងលើ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​សួរនាំ​បន្ទាប់​ពី​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយកាក់​គេ​អស់​រាប់​ម៉ឺន​ដុល្លារ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ