ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ចាប់​អ្នក​មិន​ពាក់​មួក​សុវត្ថិភាព​ដោយ​មិន​ផាកពិន័យ​តែ​ប៉ូលិស​តម្រូវ​ឱ្យធ្វើ​រឿង​១

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ កក្កដា ស្ថិត​នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប សមត្ថកិច្ច​ចម្រុះ​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍…

ខេត្តសៀមរាប ៖ នា​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ កក្កដា ស្ថិត​នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប សមត្ថកិច្ច​ចម្រុះ​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក និង​អនុវត្ត​រឹត​បន្តឹង អ្នក​មិន​ពាក់​មួក​សុវត្ថិភាព មិន​បាន​ផាកពិន័យ ដល់​ពួក​គាត់​ទេ ប៉ុន្តែ​ឱ្យ​ពួក​គាត់​ទៅ​ទិញ​មួក ឬ​យក​មួក​មក​ពី​ផ្ទះ​មក​ពាក់​នៅ​មុខ​សមត្ថកិច្ច​ទើប​អនុ​ញ្ញាត​​ឱ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត ។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​សម្រាប់​អ្នកបើកបរ​រក​ឃើញ​អ្នក​អត់​ពាក់មួក​សុវត្ថិភាព​ប្រុស​ស្រី​ចំនួន​១២​នាក់ និង​អ្នក​រួម​ដំណើរ​ប្រុស​ស្រី​ចំនួន​១៣​នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី តេ​ង ច័ន្ទ​ណាត ស្នងការ​រង​ទទួល​ការងារ​ចរាចរណ៍​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ថា​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្តសៀមរាប​បាន​សហការ​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿងញៀន ចុះ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ខេត្តសៀមរាប ពិសេស​ការ​រឹត​បណ្ដឹង ចំពោះ​អ្នកបើកបរ​ម៉ូតូ អ្នក​រួម​ដំណើរ ដែល​មិន​ពាក់មួក​សុវត្ថិភាព និង​អ្នកបើកបរ​រថយន្ត​មិន​គោរព​ច្បាប់ ។

លោក​បន្ត​ថា ក្នុង​យុទ្ធនាការ​រយៈពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ តទៅ គឺ​ដោយ​យោង​តាម​អនុសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប ។

លោក​បន្ត​ថា អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ ប្រសិនបើ​គ្មាន​មួក​សុវត្ថិភាព​ពាក់​នោះ​ទេ នឹង​ត្រូវ​ឃាត់ មិន​ឲ្យ​ធ្វើ​ដំណើរ រហូត​ទាល់តែ​មាន​មួក​ពាក់​ទើប​ឲ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត ។ ក្នុង​ពេល​ចុះ​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ដែរ បាន​សង្កេត​ឃើញ​ថា មាន​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​មួយ​ចំនួន​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ។

លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​គ្នា​ពិសេស​ពេល​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ត្រូវ​ពាក់មួក​សុវត្ថិភាព ។ ជាមួយ​គ្នា​នេះ​ដែរ​លោក​សង្ឃឹមថា ក្រោយ​ពី​មានការ​ត្រួតពិនិត្យ​នេះ​រួច​មក អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ និង​រថយន្ត អាច​នឹង​មានការ​គោរព​ច្បាប់​ចរាចរ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​អាច​នឹង​ថយ​ចុះ​ផង​ដែរ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ