មានកត្តាជាច្រើនដែលចូលរួមក្នុងការធ្វើឲ្យអ្នកក្លាយជាអ្នកដែលជោគជ័យ ឬបរាជ័យក្នុងរឿងលុយ ប៉ុន្តែទម្លាប់ផ្ទាល់ខ្លួន និងអត្តចរិក គឺជាកត្តាសំខាន់មួយដែលអ្នកគួរតែត្រួតពិនិត្យមើល ។ ប្រសិនបើអ្នកអានពីប្រភេទមនុស្សខាងក្រោមហើយគិតថា ដូចខ្លួននោះអ្នកគួរតែចាប់ផ្តើមធ្វើការផ្លាស់ប្តូរ ព្រោះខាងក្រោមនេះ គឺជាប្រភេទមនុស្សដែលនឹងបរាជ័យរឿងលុយ ៖
១. មនុស្សដែលចូលចិត្តពន្យាពេល
មនុស្សដែលចូលចិត្តពន្យាពេលក្នុងការបំពេញកិច្ចការណាមួយ គឺសុទ្ធតែជាមនុស្សដែលមិនអាចជោគជ័យរឿងលុយបាន ។ ឧទាហរណ៍ដូចជា ចង់សន្សំលុយ តែចេះតែរកមូលហេតុមកដោះសារ និងពន្យាពេលក្នុងការចាប់ផ្តើមសន្សំរហូត ដែលមិនអាចជួយអ្វីដល់ពួកគេបានក្រៅពីធ្វើឲ្យពួកគេមិនអាចមានថ្ងៃសម្រេចគោលដៅដែលបានកំណត់ឡើយ ។
លើសពីនេះទៅទៀត មនុស្សប្រភេទនេះក៏ចូលចិត្តពន្យាពេលក្នុងការវិនិយោគ ឬធ្វើការសម្រេចចិត្តផ្សេងៗដែលទាក់ទិននឹងលុយដែរដូចជា ការចាប់ផ្តើមអាជីវកម្មណាមួយរហូតដល់អ្នកដទៃបានចាប់ផ្តើមនឹងជោគជ័យទៅមុខអស់ហើយ ។
២. អ្នកដែលចូលចិត្តពឹងផ្អែកលើអ្នកដទៃ
មនុស្សប្រភេទនេះអាចទទួលបានអត្ថប្រយោជន៍ តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ។ ពួកគេអាចជាមនុស្សដែលចិត្តល្អ ដែលអ្នកធ្លាប់ជួបពីមុនមក ប៉ុន្តែពួកគេធ្វើល្អដាក់អ្នកតែពេលពួកគេចង់បានអ្វីពីអ្នកប៉ុណ្ណោះដូចជា ពេលត្រូវការខ្ចីលុយជាដើម ហើយពួកគេនឹងរត់ចោលអ្នកពេលដែលអ្នកលែងមានអ្វីឲ្យពួកគេទៀត ។
៣. អ្នកដែលចូលចិត្តអួតអាង
អ្នកដែលស្រលាញ់ការអួតបង្ហាញអ្នកដទៃពីទ្រព្យសម្បត្តិ និងសម្ភារៈរបស់ខ្លួន ប៉ុន្តែមិនមានលុយជាប់ហោប៉ៅ គឺជាមនុស្សដែលមិនអាចជោគជ័យរឿងលុយបានឡើយ ។ ពួកគេប្រហែលជាមាន iPhone សេរ៊ីថ្មីៗ នាឡិកាមាស និងរថយន្តទំនើបៗពិតមែន ប៉ុន្តែបំណុលវិញក៏មានជាប់ខ្លួនដែរ។ ពួកគេសុខចិត្តប្រើលុយដែលខិតខំស្វែងរក ដើម្បីទិញសម្ភារៈទាំងនេះ និងមិនគិតគូក្នុងការសន្សំថវិកា ឬវិនិយោគផ្សេងៗដែលធ្វើឲ្យពួកគេមិនមានទ្រព្យសម្បត្តិជាប់ខ្លួនពិតប្រាកដឡើយ ។
៤. អ្នកដែលចិត្តល្អជ្រុល
អ្នកប្រហែលជាធ្លាប់ជួបហើយ មនុស្សដែលចិត្តល្អតែងតែជួយចេញលុយ ឬប៉ាវមិត្តភក្តិ និងក្រុមគ្រួសារខ្លួនដោយមិនគិតគូពីប្រាក់ចំណូលរបស់ខ្លួន ឬអ្នកដែលសុខចិត្តបញ្ចាំផ្ទះ និងសម្ភារៈនានា ដើម្បីជួយដល់មិត្តភក្តិ និងកូនៗជាដើម ។ ប្រាកដណាស់ ពួកគេជាមនុស្សដែលចិត្តល្អនិងមានចិត្តជួយអ្នកដទៃ ជាពិសេសអ្នកដែលខ្លួនស្រលាញ់ ប៉ុន្តែពួកគេធ្វើដូច្នេះដោយមិនគិតគូពីស្ថានការរបស់ខ្លួន ។
ពួកគេជាមនុស្សដែលសុខចិត្តលះបង់សន្តិសុខហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីជួយរំដោះទុកអ្នកដទៃ ឬធ្វើឲ្យអ្នកដទៃសប្បាយចិត្តទាំងដែលពេលខ្លះការធ្វើដូច្នេះមិនជួយដល់បុគ្គលដែលកំពុងរងទុក្ខទេ ក្នុងរយៈពេលវែង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ