ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ជនជាតិចិនម្នាក់រងរបួសបែកក្បាលហូរឈាមជោកពេញខ្លួន ដោយត្រូវបានជនមិនស្គាល់មុខម្នាក់យកដុំថ្ម១ដុំធំគប់ចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបែបនេះ ខណៈជនរងគ្រោះកំពុងដើរកម្សាន្តនៅតាមដងផ្លូវ ហើគេសង្ស័យថាជាអំពើប្លន់មិនបានសម្រេច ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១៩ ខែកក្កដានេះ នៅចំណុចផ្លូវកែងកាស៊ីណូហ្គ្រែនជេ.អឹម ស្ថិតនៅភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សេចក្តីរាយការណ៍បន្ត បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចូរ យ៉ុងស៊រ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរធ្វើសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ (រងរបួសគុម្ពត្រចៀកខាងឆ្វេង) ។ ប្រភពបន្តទៀតថា ជនសង្ស័យមានគ្នាពីរនាក់មិនស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុបានគេចខ្លួន) ។ ប្រភពបញ្ជាក់ថា មូលហេតុជនសង្ស័យឆក់ទូរស័ព្ទពីជនរងគ្រោះតែមិនបានសម្រេចក៏យកដំថ្មគប់ទៅលើជនរងគ្រោះចំត្រចៀកខាងឆ្វេង បណ្ដាលអោយរបួសហូរឈាមពេញខ្លួនតែម្តង ។
បច្ចុប្បន្នជរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត រីឯជនសង្ស័យកម្លាំងជំនាញកំពុងស៊ើបអង្កេតស្រាវជ្រាវតាមរកមុខសញ្ញា ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ