ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ភូមិ​ស្រះ​កែវ​បោះបង់​មុខរបរ​បណ្តុះ​ផ្សិត​លក់​ដោយសារ​តែ​ខាត​ទុន

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មុខរបរ​បណ្តុះ​ផ្សិត​ចំហុយ​លក់​ត្រូវ​បាន​ប្រជា​កសិករ​នៅ​ភូមិ​ស្រះ​កែវ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច បោះបង់​ចោល​ទាំងស្រុង ហើយ​នាំ​គ្នា​ងាក​ទៅ​ចាប់​យកមុខ​របរ​ធ្វើស្រែ​ចម្ការ និង​មុខរបរ​ផ្សេង​ៗ​ជំនួស​វិញ​ដោយសារ​តែ​មុខរបរ​នេះ​ធ្វើ​មិន​ចំណេញ​ខាតបង់​ដើមទុន​ច្រើន ។ លោកស្រី…

ខេត្តព្រៃវែង ៖ មុខរបរ​បណ្តុះ​ផ្សិត​ចំហុយ​លក់​ត្រូវ​បាន​ប្រជា​កសិករ​នៅ​ភូមិ​ស្រះ​កែវ ឃុំ​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច បោះបង់​ចោល​ទាំងស្រុង ហើយ​នាំ​គ្នា​ងាក​ទៅ​ចាប់​យកមុខ​របរ​ធ្វើស្រែ​ចម្ការ និង​មុខរបរ​ផ្សេង​ៗ​ជំនួស​វិញ​ដោយសារ​តែ​មុខរបរ​នេះ​ធ្វើ​មិន​ចំណេញ​ខាតបង់​ដើមទុន​ច្រើន ។

លោកស្រី ជា សាបាន ប្រធាន​សហគមន៍​បណ្តុះ​ផ្សិត​ចំហុយ នៅ​ភូមិ​ស្រះ​កែវ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សហគមន៍​របស់​គាត់​មាន​ប្រជា​កសិករ​ចំនួន​២៣​គ្រួសារ​ដែល​ជា​សមាជិក និង​ចាប់​យកមុខ​របរ​បណ្តុះ​ផ្សិត​ចំហុយ​លក់​ដូច​ៗ​គ្នា ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​គម្រោង​កសិកម្ម និង​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច និង​គាំទ្រ​បច្ចេកទេស​ដោយ​មន្ទីរ​កសិកម្ម​ខេត្ត ដែល​ចាប់​អនុវត្ត កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧ ។

លោកស្រី ជា សាបាន បញ្ជាក់​ថា ពី​ដំបូង​ការងារ​បណ្តុះ​ផ្សិត​នេះ គឺ​ទទួល​បាន​ជោគជ័យ​ល្អ​ណាស់​ផ្សិត​ដែល​ពួក​គាត់​បណ្តុះ​ផ្តល់​ទិន្នផល​បាន​ច្រើន គួប​ផ្សំ និង​តម្លៃនៅលើទីផ្សារ​លក់​បាន​ថ្លៃ​ផង​នោះ​ធ្វើ​អោយ​ពួក​គាត់​ចំណេញ​បាន​ច្រើន​គួរសម ។ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មិនដឹង​មក​ពី​មូលហេតុ​អ្វី​ពួក​គាត់​គ្រប់​គ្នា​បណ្តុះ​ផ្សិត​មិន​ដុះ​សោះ​ទោះបី​ពួក​គាត់​ខំ​ប្រើ​វិធីសាស្ត្រ​ផ្លាស់​ប្តូរ​មេ​ពូជ​ផ្សិត​ដោយ​យក​ពូជ​ផ្សិត​មក​ពី​ខេត្តកំពង់ចាម​ផង និង​យក​ពី​ប្រទេស​ថៃ ផង និង​ធ្វើ​តាម​រូបមន្ត​បច្ចេកទេស​ដែល​បាន​រៀន​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ហើយ​ក្តី ក៏​ផ្សិត​ដែល​ពួក​គាត់​បណ្តុះ​ចេញ​មក​នៅ​តែ​មិន​បាន​ល្អ និង​អោយ​ផល​បាន​ទាប​បំផុត​ធ្វើ​អោយ​ពួក​គាត់​ម្នាក់​ៗ​ត្រូវ​ខាតដើម​មិន​ក្រោម​៤​លាន​រៀល​នោះ​ទេ ។

ក្រុម​ប្រជា​កសិករ​នៅ​ភូមិ​ស្រះ​កែវ​បាន​បញ្ជាក់​ប្រាប់​ថា ផ្សិត​ចំហុយ​បើ​បណ្តុះ​បាន គឺ​លក់​បាន​ថ្លៃ​ណាស់ ហើយ​មាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ​មិន​ខ្វះ​ទីផ្សារ​ទេ ប៉ុន្តែ​ពួក​គាត់​ប្រើ​គ្រប់​វិធីសាស្ត្រ និង​ធ្វើ​យ៉ាង​ត្រឹមត្រូវ​តាម​ការ​បង្ហាត់បង្ហាញ​របស់​មន្ត្រី​បច្ចេក​ទស នៃ​មន្ទីរ​កសិកម្ម​ហើយ​ក្តី ក៏​ការ​បណ្តុះ​ផ្សិត​របស់​ពួក​គាត់​នៅ​តែ​បរាជ័យ​ទើប​នៅ​អំឡុង​ដើមខែ​ឧសភា ពួក​គាត់​ទាំងអស់​គ្នា បាន​សម្រេចចិត្ត​បោះបង់​មុខរបរ​នេះ​ចោល ហើយ​នាំ​គ្នា​ងាក​ទៅ​ប្រកប​មុខរបរ​ផ្សេង​ជំនួស​វិញ ដោយ​អ្នកខ្លះ​ធ្វើស្រែ​ចម្ការ ខ្លះទៅ​ធ្វើ​សំណង់ និង​ខ្លះ​ទៀត​នាំ​គ្នា​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​ផ្សេង​ៗ​តាម​ដែល​អាច​ធ្វើ​បាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​តែ​ម្តង ។

ឆ្លើយ​តប​ទៅ និង​បញ្ហា​នេះ​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង​បានអោយ​ដឹង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​១៨ កក្កដា​ថា បងប្អូន​ប្រជា​កសិករ​នៅ​ភូមិ​ស្រះ​កែវ​នោះ មិនមែន​បោះបង់​មុខរបរ​បណ្តុះ​ផ្សិត​នេះ​ចោល​ទេ​មក​ពី​ពួក​គាត់​មិន​ចេះ​និយាយ​តាម​ពិត គឺ​គ្រាន់តែ​ពួក​គាត់​ផ្អាក​ធ្វើ​មុខរបរ​នេះ​មួយ​រយៈ​ប៉ុណ្ណោះ ដោយសារ​អត់​មាន​មេ​ពូជ​ផ្សិត គួប​ផ្សំ និង​កត្តា​មួយ​ចំនួន​ទៀត​ដូច​ជា ខ្វះ​ចំបើង និង​អាកាសធាតុ​មិន​អំណោយផល​ជាដើម ។

លោក អ៊ុ​ក សំណាង បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ខាង​មន្ទីរ​ក៏​កំពុង​ព្យាយាម​ស្វែងរក​មេ​ពូជ​ផ្សិត​ជូន​ប្រជា​កសិករ​ទាំងនោះ​ផង​ដែរ ប៉ុន្តែ​នៅ​រក​មិន​ទាន់​បាន ដោយសារ​អ្នក​ផលិត​មេ​ពូជ​ផ្សិត​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​ធ្លាប់​ទិញ​កន្លង​មក​គេ​ឈប់​ផលិត ហើយ​បើ​ធ្វើការ​ផលិត​ខ្លួនឯង​ក៏​ទៅ​មិន​រួច​ដែរ ព្រោះ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន​ណាស់ លើ​ឧបករណ៍​សម្ភារ ។ តែ​ទោះជា​យ៉ាងណា​លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​យើង​រក​មេ​ពូជ​បាន​នោះ​កសិករ​ទាំងអស់​នៅ​ភូមិ​ស្រះ​កែវ និង​ត្រឡប់​មក​ចាប់​ធ្វើ​មុខរបរ​បណ្តុះ​ផ្សិត​លក់​វិញ​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ