ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍បឋម ដំណាំស្រូវជាច្រើនហិកតារបស់ប្រជាពលរដ្ឋក្នុងស្រុកចុងកាល់ ជួបគ្រោះធម្មជាតិរាំងស្ងួតត្រូវបានងាប់ជាបណ្តើៗ ខណៈគ្មានទឹកភ្លៀងធ្លាក់លើទឹកដីស្រុកចុងកាល់នៃខេត្តឧត្តរមានជ័យ ។
លោកគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញដល់មន្ទីពាក់ព័ន្ធប្រឹងរិះរកមធ្យោបាយឱ្យអស់ពីលទ្ធិភា ពក្នុងការជួយសង្គ្រោះដំណាំស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋក្នុងតំបន់ ដោយមានការចូលរួមពីលោកអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធព្រមទាំងលោកមេបញ្ជាការ លោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ភេទ ជាច្រើនរូបផងដែរ ។
ការចុះពិនិត្យមើលស្ថានភាពស្រូវពង្រោះប្រជាកសិករកំពុងប្រឈមកង្វះទឹកក្នុងភូមិសាស្ត្រក្នុងស្រុកចុងកាល់នេះ នៅថ្ងៃទី១៩ កក្កដានេះ ឯកឧត្តមគន់ គីម បានជំរុញដល់មន្ត្រីមន្ទីពាក់ព័ន្ធត្រូវប្រឹងឱ្យអស់ពីលទ្ធិភាពក្នុងការចុះជួយសង្គ្រោះដំណាំស្រូវប្រជាពលរដ្ឋក្នុងស្រុកចុងកាល់ និងនៅតាមតំបន់ផ្សេងៗទៀត ។
លោកបានបញ្ចាក់ថា ការចុះពិនិត្យជាក់ស្តែងនេះ ដំណាំស្រូវពង្រោះរបស់ប្រជាកសិករប្រមាណជាង១០០០ហិកតា នៅក្នុងស្រុកចុងកាល់ កំពុងប្រឈម និងគ្រោះធម្មជាតិកង្វះទឹកដោយមិនគ្រប់គ្រាន់ ក្នុងនោះតំបន់មួយចំនួនកំពុងបានជួយសង្គ្រោះ និងតំបន់មួយចំនួនទៀត កំពុងរិះរកមធ្យោបាយនាំប្រភពទឹកចូលសង្គ្រោះស្រូវទាំងនោះ ហើយស្រូវទាំងនោះ បើមិនមានការអន្តរាគមន៍សង្គ្រោះបន្ទាន់ទេ ក្នុងរយ:ពេលមួយខែខាងមុខត្រូវជួបបញ្ហាជាក់ជាមិនខាន ។
លោកញឺន កួន ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យបានឱ្យដឹងថា ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ខណៈនេះបានបញ្ជូនម៉ាស៊ីនបូមទឹក កម្លាំង៦៥សេះ បន្ថែមចំនួន៥គ្រឿង និងអ៊ិចស្កាវ៉ាទ័រចំនួន២គ្រឿងបន្ថែមទៀត ដើម្បីកាយប្រឡាយនាំបន្ថែមប្រភពទឹកឱ្យទទួលគ្រប់តំបន់ ។
លោកបន្ថែមថា ក្រុមការងារមន្ទីបានចុះជួយសង្គ្រោះស្រូវដល់ប្រជាពលរដ្ឋ គឺចាប់តាំងពីថ្ងៃទី១៥ ខែកក្កដាមកម្លេះ បានជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវដែលកំពុងខ្វះទឹកចំនួន៨៨០ហិកតា ស្ថិតនៅភូមិក ភូមិគោកវត្ត ភូមិព្រៃធំ ភូមិចុងកាល់ ឃុំចុងកាល់ និងភូមិគោកពង្រ ឃុំជើងទៀន ស្រុកចុងកាល់ ។ ក្រៅពីតំបន់នេះក្រុមការងារមន្ទីរក៏បានចុះពិនិត្យជាប្រចាំដែរ នៅតំបន់ផ្សេងទៀត ដើម្បីជួយដល់បងប្អូនប្រជាកសិករដែលមានដីស្រែខ្វះទឹក ហើយមានប្រភពទឹកអាចជួយសង្គ្រោះបាន តាមរយៈការប្រើប្រាស់ម៉ាស៊ីនខ្នាតតូចៗរបស់ប្រជាកសិករដោយមន្ទីរបានផ្ដល់ជូនប្រេងម៉ាស៊ូត ដើម្បីបូមទឹកដាក់ស្រែផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ