ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង អំពាវនាវ​ភាគី​ពាក់ព័ន្ធ​រាយការណ៍​ជនបរទេស​រស់នៅ​កម្ពុជា​ដើម្បី​ងាយស្រួល​គ្រប់គ្រង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស​រស់នៅ​កម្ពុជា ដើម្បី​ងាយស្រួល​គ្រប់គ្រង ។ យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​មា​ហា​ផ្ទៃ​ចេញផ្សាយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស​រស់នៅ​កម្ពុជា ដើម្បី​ងាយស្រួល​គ្រប់គ្រង ។ យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួង​មា​ហា​ផ្ទៃ​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១៩ កក្កដា បាន​ឲ្យ​ដឹង​ថា កន្លង​មកនេះ​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្តីណែនាំ​លេខ​០០៩​សណ​ន ចុះ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១០ ស្តី​ពី​ការ​គ្រប់គ្រង​វត្តមាន​ជនបរទេស ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​អនុវត្ត​មាត្រា​១៨ មាត្រា​២០ និង​មាត្រា​២២ នៃ​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ឱ្យ​មាន​ប្រសិទ្ធភាព ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ចេញ​សេចក្តីណែនាំ​ខាងលើ​រួច​មក​ក្រសួងមហាផ្ទៃ បាន​ពិនិត្យ​ឃើញ​ថា មាន​ម្ចាស់ ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ​ជា​ច្រើន បាន​អនុវត្ត​តាម​សេចក្តីណែនាំ​ដោយ​ស្មារតី​ភ្ញាក់រលឹក​រួសរាន់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ប៉ុន្តែ​នៅ​មាន​ម្ចាស់ ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន​មួយ​ចំនួន​ពុំ​ទាន់​យល់​អំពី​កាតព្វកិច្ច និង​អនុវត្ត​ត្រឹមត្រូវ​តាម​ការ​កំណត់​នៃ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នៅឡើយ ។ សម្តេច​បាន​បញ្ជាក់​ថា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​សំដៅ​បង្កើន​ការ​គ្រប់គ្រង​វត្តមាន​នៃ​ការ​ស្នាក់​នៅ​របស់​ជនបរទេស​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ធានា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ក៏​ដូច​ជា សុវត្ថិភាព​ផ្ទាល់​របស់​ជនបរទេស​គ្រប់​រូប​ដែល​ស្នាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងមហាផ្ទៃ សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖ ១- ម្ចាស់ ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ​ត្រូវ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស​ដែល​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់​នៅ​ក្នុង​មូលដ្ឋាន​នោះ តាម​រយៈ​គំរូ​របាយការណ៍ ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់គ្រង​វត្តមាន​ជនបរទេស ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ មិន​ឱ្យ​លើស​ពី​រយៈពេល​២៤​ម៉ោង ។

ក្នុង​ករណី​ម្ចាស់ ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ​ជា​ជនបរទេស​ត្រូវ​រាយការណ៍​បន្ថែម​អំពី​វត្តមាន​របស់​ខ្លួនឯង និង​សមាជិក​ដែល​ជា​ជនបរទេស​ក្នុង​បន្ទុក ក្នុង​រយៈពេល​មិន​លើស​ពី​២៤​ម៉ោង​ដូច​គ្នា ។ ២-​ខ្លឹមសារ​នៃ​សេចក្តីរាយការណ៍ ត្រូវ​បញ្ជាក់​ច្បាស់​អំពី​រយៈពេល​ស្នាក់​នៅ​រយៈពេល​បន្ត​ការ​ស្នាក់​នៅ និង​ឧប្បទ្ទវហេតុ​នានា​លើ​ជនបរទេស ដើម្បី​កម្លាំង​សមត្ថកិច្ច​មាន​វិធានការ​សម​ស្រប​ទាន់​ពេលវេលា ។ ៣-​ចំពោះ​ម្ចាស់ ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន​ណា​ដែល​មិន​បាន​រាយការណ៍​ពី​វត្តមាន​នៃ​ការ​ស្នាក់​នៅ​របស់​ជនបរទេស​តាម​ការ​កំណត់​នៃ​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​នានា​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​បទ​ប្បញ្ញតិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍ និង​ច្បាប់​ផ្សេង​ៗ​ទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

៤-​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​ផ្តល់​គំរូ​របាយការណ៍ និង​ពាក្យ​ស្នើ​សុំ​បង្កើត​គណនី​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់គ្រង​វត្តមាន​ជនបរទេស​ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដល់​ម្ចាស់ ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ ដើម្បី​ធ្វើ​សេចក្តីរាយការណ៍​ប្រចាំ​ថ្ងៃ និង​ត្រូវ​បូក​សរុប​របាយការណ៍​ផ្ញើ​មក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។ ៥-​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ត្រូវ​រាយការណ៍​មក​ក្រសួងមហាផ្ទៃ​តាម​រយៈ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អំពី​មរណៈភាព ការ​បាត់​ខ្លួន និង​ឧប្បទ្ទវហេតុ​នានា​របស់​ជនបរទេស និង​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​ត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍ ដែល​បាន​មក​តាំង​ទីលំនៅ ឬ​ទើប​មក​តាំង​ទីលំនៅ​ក្នុង​ដែនដី​ក្រោម សមត្ថកិច្ច​របស់​ខ្លួន ។ ៦-​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវ​រៀបចំ​ផែនការ​អនុវត្ត និង​ផ្សព្វផ្សាយ​ណែនាំ​ដល់​ម្ចាស់ ឬ​អ្នកកាន់កាប់​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត សមត្ថកិច្ច​ពាក់ព័ន្ធ និង​សាធារណៈជន និង​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​សេចក្តីណែនាំ​នេះ​ព្រមទាំង​ធ្វើការ​បូក​សរុប​វាយតម្លៃ​រាយការណ៍​ជូន​ក្រសួងមហាផ្ទៃ ដើម្បី​មាន​គោលការណ៍​ដឹកនាំ ។ ៧-​ក្រសួងមហាផ្ទៃ សូម​អំពាវនាវ​ដល់​សាធារណៈជន មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ​ត្រូវ​ចូលរួម​ចំណែក​ផ្តល់​ព័ត៌មាន និង​រាយការណ៍​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​អំពី​វត្តមាន​ជនបរទេស​ដែល​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ក្នុង​សេចក្តីណែនាំ​បន្ថែម​ថា នៅ​ពេល​ទទួល​បាន​សេចក្តីណែនាំ​នេះ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ ត្រូវ​ផ្សព្វផ្សាយ និង​ចាត់តាំង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ