សាស្ត្រាចារ្យជប៉ុនមួយរូប បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅពេលដែលគាត់អាចគ្រប់គ្រងពន្លឺ LED អស់រយៈពេលជាច្រើនម៉ោងដោយប្រើទឹកនោមតិចតួចក្នុងអំឡុងពេលពិសោធន៍ដែលធ្វើឡើងកាលពីថ្ងៃទី ១៨ ខែមេសាកន្លងមក ។
លោក Keiichi Kaneto សាស្ត្រាចារ្យនៃវិទ្យាស្ថានបច្ចេកវិជ្ជាអូសាកាបានបង្កើតគំនិតនេះ ដោយសង្ឃឹមថា វាអាចត្រូវបានប្រើដោយអ្នកទាំងឡាយណា ដែលមានវត្តមាននៅក្នុងធម្មជាតិ ដូចជាការឡើងភ្នំ ឬប្រើនៅពេលមានគ្រោះមហន្តរាយជាដើម ។ នេះបើយោងតាមកាសែត The Yomiuri Shimbun តាមរយៈ The Japan News ។
គំនិតនេះ ត្រូវបានសម្រេចដោយការប្រើប្រាស់ថាមពល ដែលមានសក្តានុពលក្នុងសមាសធាតុ Urea ដែលជាសមាសធាតុមួយនៅក្នុងទឹកនោម ។ សមាសធាតុ Urea មានផ្ទុកនូវអ៊ីដ្រូសែនដែលត្រូវការសម្រាប់កោសិកាឥន្ធនៈ ។ អ្នកវិទ្យាសាស្ត្ររូបនេះបានធ្វើក្រដាសមួយដែលត្រូវបានគេនិយាយថាមានកម្រាស់ប្រហែល ១ មិល្លីម៉ែត្រ ។ សន្លឹកក្រដាសនេះត្រូវបានគ្របដោយក្រណាត់ដែលមានលោហធាតុទង់ដែង និង នីកែល ដែលវាអាចផលិតអគ្គិសនីបាន ។
អំពូល LED ពណ៌ខៀវតូចមួយត្រូវបានបំភ្លឺដោយប្រើទឹកនោមតែ ២-៣ ដំណក់ប៉ុណ្ណោះនៅលើសន្លឹកក្រដាសនេះដែលត្រូវបានតភ្ជាប់នៅក្នុងស៊េរី ។ ហើយប្រសិនបើក្រណាត់ធ្វើពីសរសៃកាបូន Fiber ដែលមានលក្ខណៈនាំអគ្គិសនីខ្ពស់នោះ គឺទិន្នផលអាចត្រូវបានកើនឡើងផងដែរ ។
លោក Kenji Miyatake សាស្ត្រាចារ្យជំនាញផ្នែកគីមីវិទ្យា Macromolecular នៅមជ្ឈមណ្ឌលស្រាវជ្រាវថាមពលស្អាតរបស់សាកលវិទ្យាល័យ Yamanashi បាននិយាយថា «មិនធ្លាប់ប្រើវត្ថុធាតុដើម និងជ័រដែលមានស្រាប់ដើម្បីបង្កើតកោសិកាប្រេងឥន្ធនៈដែលអាចប្រើបានគ្រប់ពេល គ្រប់ទីកន្លែងទេ។
ជាមួយនឹងការកែលម្អមួយចំនួនវាអាចត្រូវបានប្រើក្នុងវិធីផ្សេងៗគ្នា» ។ ក្រៅពីទឹកនោមកោសិកាឥន្ធនៈក៏អាចផលិតអគ្គិសនីបានដែរដោយប្រើដំណក់ទឹកក្រូច ឬទឹកក្រូចស្រស់ ៕ ប្រភព៖ nextshark ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ