រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញវិធានការ៤ចំណុចដល់គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ជាពិសេសកម្លាំងនគរបាល ត្រូវតែយកចិត្ត ទុកដាក់ប្រយុទ្ធប្រឆាំងឲ្យខាងតែបានជាដាច់ខាត មិនត្រូវបន្ធូរដៃ ប្រយុទ្ធប្រឆាំងឲ្យបានខ្លាំងក្លាឡើងបន្ថែមទៀត ។
សម្តេចក្រឡាហោម បានដាក់វិធានការបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ។វិធានការទាំង៤ចំណុច ដែលគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវអនុវត្តឲ្យខាងតែបានជាដាច់ខាតគឺ ៖
ទី១-បញ្ហាគ្រឿងញៀនតាមរយៈយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានអនុវត្តរយៈពេលជិត២ឆ្នាំនេះ ទទួលបានលទ្ធផលល្អ ហើយទទួលបានការសាទរ និងសប្បាយរីករាយពីប្រជាពលរដ្ឋ ដូច្នេះសមត្ថកិច្ចមិនត្រូវបន្ធូរដៃនោះទេ ។ ជាពិសេស បន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ។ ការប្តេជ្ញាចិត្តរបស់យើង គឺការបោសសម្អាតការប្រើប្រាស់ ការចែកចាយគ្រឿងញៀន នៅតាមក្លិបកម្សាន្តនានានៅចុងឆ្នាំ២០១៩នេះ ។ អុីចឹងទេ សុំឱ្យគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេស គឺស្នងការនគរបាលរាជធានី-ខេត្ត ជាអ្នកអនុវត្តការងារនេះ ដែលត្រូវខិតខំប្រឹងប្រែង» ។
ទី២-ការប្រយុទ្ធប្រឆាំងនឹងការលាងលុយ ការសម្អាតលុយនៅតាមច្រកទ្វារចេញចូលប្រទេសទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ឬវិធីផ្សេងទៀត ។ នេះក៏ជាបញ្ហាមួយដែលវាទាក់ទងនឹង ។បើនិយាយពីគោលការណ៍របស់យើង ច្បាប់ក៏មានគោលការណ៍ គោលនយោបាយ ទិសដៅរបស់រាជ រដ្ឋាភិបាលក៏មាន ដែលយើងអត់ត្រូវរាថយទេ ពីព្រោះវាពាក់ព័ន្ធដល់កិត្តិយសមុខមាត់ ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិទៀត ។ ដូចខ្ញុំធ្លាប់បានលើកឡើងថា បើសិនជាគេចាត់ទុកកម្ពុជាជាប្រទេសដែលលាងលុយ ជាប្រទេសដែលខ្មៅ នោះយើងនឹងប៉ះពាល់ដល់ប្រព័ន្ធធនាគាររបស់យើង រាប់ទាំងធនាគារជាតិផង មិនថាតែធនាគារឯកជនទេ ។ ជាឧបសគ្គមួយធំណាស់ ។ អុីចឹងហើយ យើងត្រូវយល់បញ្ហានេះឱ្យបានស៊ីជម្រៅទាំងអស់គ្នា ហើយយកចិត្តទុកដាក់អនុវត្តឱ្យបាន ។មិនត្រូវស៊ុមគ្រលុំ វាបានផលប្រយោជន៍ទៅបុគ្គលនេះ បុគ្គលនោះអុីចឹងមែន ប៉ុន្តែយើងត្រូវគិតដល់ផលប្រយោជន៍ជាតិជាធំ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ។ អុីចឹងហើយ ត្រូវប្តេជ្ញាធ្វើបញ្ហនេះឱ្យបាន ។
ទី៣-ការប្រឆាំងការជួញដូរមនុស្សដែលយើងបានយកចិត្តទុកដាក់ធ្វើយ៉ាងសកម្មដែរ ក៏ប៉ុន្តែពេលខ្លះគេវាយតម្លៃថាយើងធ្វើបានល្អ ពេលខ្លះគេថាមិនទាន់បានល្អទេ ។ ដូច្នះ សុំឲ្យគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏ដូចក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំប្រឹងប្រែងបញ្ហានេះ ។ គ្មាននរណាអាចធ្វើតែឯងបានទេ ។
ទី៤-ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលខាងមុខនេះ គ្រប់កម្លាំងមានសមត្ថកិច្ចត្រូវតែយកចិត្តទុកដាក់តាមមណ្ឌលប្រឡង ព្រោះការប្រឡងលើកនេះមិនមានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយចូលរួមទេ ៕