ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល១៩ឆ្នាំ​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​វិស័យ​សំណង់​ជាង៤៤ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ ២០០០ រហូត​ដល់​ដំណាច់​ខែឧសភា ឆ្នាំ ២០១៩ នេះ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ដែល​កម្ពុជា​ទទួល​បាន​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៤៤.៥៧៥,៧៨ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ចំនួន…

រាជធានី​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ ២០០០ រហូត​ដល់​ដំណាច់​ខែឧសភា ឆ្នាំ ២០១៩ នេះ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ដែល​កម្ពុជា​ទទួល​បាន​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៤៤.៥៧៥,៧៨ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ចំនួន ៤៥.២៦៥ គម្រោង​ផង​ដែរ ។ នេះ​បើ​យោង​តាម​របាយការណ៍​រយៈពេល ៥ ខែ​ដំបូង​ឆ្នាំ ២០១៩ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

នៅ​ក្នុង​របាយការណ៍​នោះ​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល ១៩ ឆ្នាំ និង ៥ ខែ​នេះ​គម្រោង​វិនិយោគ​ដែល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​សាងសង់​ជា​ផ្លូវការ​មាន​ចំនួន ១១៩.៤១៧.៧០៤ ម៉ែត្រការ៉េ ក្នុង​នោះ​គម្រោង​អគារ​ខ្ពស់​ៗ​កម្ពស់​ចាប់ពី ៥ ជាន់ឡើង​ទៅ​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន ១.៣២៩ គម្រោង និង​បុរី​លំនៅ​ឋាន ព្រមទាំង​បណ្ដុំ​លំនៅ​ឋាន​មាន​លក្ខណៈ​បុរី​មាន​ចំនួន ២៥៨ ទីតាំង ។
ក្នុង​របាយការណ៍​ដដែល​នោះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ ២០០០ ដល់​ខែឧសភា ឆ្នាំ ២០១៩ នេះ​កម្ពុជា​ទទួល​បានការ​ចុះបញ្ជី​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​និង​សាងសង់​បាន​ចំនួន ២.៣៩៤ ក្រុមហ៊ុន ក្នុង​នោះ​នៅ​មាន​សុពលភាព​ចំនួន ៩៧៤ ក្រុមហ៊ុន ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​លោក ប៉ែន សុផល ដែល​ជា​រដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​កម្ពុជា​មាន​ប៉ូ​ល​អភិវឌ្ឍន៍​សំណង់​បី រួម​មាន​រាជធានី​ភ្នំពេញ​, ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ។ លោក​បន្ត​ថា វិស័យ​សំណង់​នៅ​តែ​មាន​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ ដូច្នេះ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​នៅ​តែ​អាច​បណ្ដាក់ទុន​វិនិយោគ​ទៅ​តាម​ជំនាញ​របស់​ខ្លួន​បាន ដោយ​រាជរដ្ឋាភិបាល​បាន​រក្សា​នូវ​ស្ថេ​រ​ភាព​នយោបាយ និង​សេដ្ឋកិច្ច​រីក​ចម្រើន​ជា​បន្តបន្ទាប់ ។ រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ស្វាគមន៍​នូវ​គ្រប់​វិនិយោគិន​បរទេស​មក​ពី​គ្រប់​ទិស​ទី ដែល​ចង់​បណ្ដាក់ទុន​លើ​វិស័យ​នានា​ផង​ដែរ ។

បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោក​ឧកញ៉ា នួន រឹ​ទ្ធី បាន​លើក​ឡើង​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ​វិស័យ​សំណង់​ហាក់ដូចជា​មិន​មាន​បញ្ហា​អ្វី​ជា​ឧបសគ្គ​នោះ​ទេ ពោល​វិស័យ​នេះ​នៅ​តែ​មាន​សក្ដា​នុ​ព​សម្រាប់​វិនិយោគ ទាំង​អគារ​ខ្ពស់ និង​លំនៅ​ឋាន ជាក់ស្ដែង​តម្រូវការ​លំនៅ​ឋាន​ជា​ពិសេស​លំនៅ​ឋាន​តម្លៃ​សមរម្យ មាន​តម្រូវការ​ខ្ពស់ ទាមទារ​ឱ្យ​មាន​អ្នក​វិនិយោគ​បន្ថែម​ទុន​ក្នុង​ការ​វិនិយោគ​បន្ថែម​ទៀត ។ ក្រៅពី​នោះ​អគារ​ការិយាល័យ និង​ខុន​ដូ ក៏​មាន​តម្រូវការ​ខ្ពស់​ដែរ នៅ​ពេល​អនាគត​ដ៏​ខ្លី​នេះ ហើយ​ការ​ព្យាករណ៍​រយៈពេល​ប្រមាណ​ពី ៥ ទៅ ១០ ឆ្នាំ​ខាង​មុខ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ងាក​មក​រស់នៅ​ក្នុង​ខុន​ដូ​កាន់តែ​ច្រើន ។

សូម​រំឭក​ផង​ដែរ​ថា ដើម្បី​គ្រប់គ្រង​គុណភាព​សំណង់​ទូ​ទាំង​ប្រទេស​រាជរដ្ឋាភិបាល​បាន​ចាត់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ការដ្ឋាន​សំណង់​នានា​ក្នុង​ប្រទេស ហើយ​ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការ​យកចិត្ត​ទុក​លើ​សំណង់​ដែល​កំពុង​សាងសង់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផង​ដែរ ជាក់ស្ដែង​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់​ឱ្យ​អាជ្ញាធរ​នៅ​តាម​ខេត្ត ដែល​កំពុង​មាន​សក្ដានុពល​អភិវឌ្ឍន៍​វិស័យ​សំណង់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ពង្រឹងគុណភាព​សំណង់​បន្ថែម ធ្វើ​យ៉ាងណា​ត្រូវ​ធានា​ឱ្យ​បាន​ថា សំណង់​ដែល​សាងសង់​ឡើង​នោះ ត្រូវ​តែ​មានគុណ​ភាព​តាម​ស្ដង់ដារ​ជាតិ​និង​អន្តរជាតិ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ចិន​បាន​ក្លាយជា​វិនិយោគិន​លំដាប់​កំពូល​ដែល​បាន​ដាក់​ទុន​វិនិយោគ​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាក់ស្ដែង​គម្រោង​វិនិយោគ​ធំ​ៗ​នៅ​ពេល​នេះ​ត្រូវ​បាន​កាន់កាប់ និង​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន តួយ៉ាង​គម្រោង​អគារ​ធំ​ៗ នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​តាម​ដង​វិ​ថី​សំខាន់​ៗ ត្រូវ​បាន​កាន់កាប់ និង​កំពុង​អភិវឌ្ឍន៍​ដោយ​វិនិយោគិន​ចិន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ