ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សមត្ថកិច្ចចម្រុះបានអន្តរាគមន៍ករណីបុរសជនជាតិចិនម្នាក់ចង់លោតសម្លាប់ខ្លួន ពីអគារកាស៊ីណូមួយកន្លែង យីហោ ប៊ីវិន តាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងក្រុម2 ភូមិ4 សង្កាត់លេខ4 ក្រុង និងខេត្តព្រះសីហនុ នាព្រលប់ថ្ងៃទី១៨ កក្កដានេះ ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយប្រើពេលច្រើនម៉ោងតាមនីតិវិធី គិតមកដល់ម៉ោងជិត៨យប់ ថ្ងៃដដែលទើបសមត្ថកិច្ចបានឡើងទៅយកបុរសជនជាតិចិនរូបនេះពីកន្លែងដែលគេចង់លោតសម្លាប់ខ្លួន ចុះមកក្រោម ហើយភ្លាមៗបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបន្ត ។
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានពីសាវតា និងមូលហេតុថា បណ្តាលមកពីអ្វីឡើយ ដោយប្រាប់បណ្តាញផ្សព្វផ្សាយថា រង់ចាំសាកសួរចប់ ។ ជនជាតិចិនដែលប៉ុនប៉ងធ្វើអត្តឃាតមានឈ្មោះ SI CHANGMENG អាយុ២២ឆ្នាំ ។
សូមបញ្ជាក់ផងដែរថា ក្នុងយុទ្ធការជួយសង្គ្រោះនេះផងដែរ គេសង្កេតឃើញមានកម្លាំងចំរុះរួមមានសមត្ថកិច្ចប៉ូលិស កងរាជអាវុធហត្ថ ក្រុមសង្គ្រោះ RRC711 រួមជាមួយកម្លាំងប្រជាការពារផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ