ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​ប្លា​ស្ទិ​ក​1600​តោន​ នាំ​ចូល​ពី​អា​មេ​រិ​ក និង​កា​ណា​ដា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឆ្លើយ​តប​នឹង​បញ្ហា​ក្តៅ​គគុក​ ជុំវិញ​ការ​លួច​នាំ​ចូល​កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក​ចូល​ទឹកដី​កម្ពុជា​ប្រមាណ​៨៣​កុងតឺន័រ ដែល​ជា​ចំនួន​ដ៏​ច្រើន​មួយ​មាន​ទម្ងន់​ដល់​ទៅ​១៦០០តោន ។​ នៅ​រសៀល​ថ្ងៃ​ទី​១៧ កក្កដា លោក…

រាជធានី​ភ្នំពេញ ៖ ទីបំផុត ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ឆ្លើយ​តប​នឹង​បញ្ហា​ក្តៅ​គគុក​ ជុំវិញ​ការ​លួច​នាំ​ចូល​កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក​ចូល​ទឹកដី​កម្ពុជា​ប្រមាណ​៨៣​កុងតឺន័រ ដែល​ជា​ចំនួន​ដ៏​ច្រើន​មួយ​មាន​ទម្ងន់​ដល់​ទៅ​១៦០០តោន ។​

នៅ​រសៀល​ថ្ងៃ​ទី​១៧ កក្កដា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ឲ្យ​ដឹង​ថា កាក​សំណល់​ខុសច្បាប់​ទាំងនេះ មាន​ប្រភព​នាំ​ចូល​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កា​ណា​ដា និង​ត្រៀម​ឲ្យ​បញ្ជូន​ទៅ​កាន់​ប្រទេស​ដើម​វិញ ។ ប៉ុន្តែ​លោក​មិន​បាន​បរិយាយ​លម្អិត​ពី​ការ​នាំ​ចូល​ដោយ​វិធី​ណា​ហើយ​នរណា​ជា​អ្នក​ទទួលខុសត្រូវ​នោះ​ទេ ។

អ្នកនាំពាក្យ​រូប​នោះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​តាម​ទិន្នន័យបឋម​ដែល​ទទួល​បាន​ពី​សមត្ថកិច្ច​ស៊ើបអង្កេត សំណល់​សំរាម​ប្លា​ស្ទិ​ក​ទាំង​៨៣​កុងតឺន័រ ដែល​ជា​ទំនិញ​ហាមឃាត់ ត្រូវ​បាន​សមត្ថកិច្ច បង្ក្រាប​បាន​នៅ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កា​ណា​ដា មាន​ទម្ងន់​ប្រមាណ​១៦០០​តោន ។ សមត្ថកិច្ច​កំពុង​រៀបចំ​ដំណើរការ​នីតិវិធី ដើម្បី​បញ្ជូន​ទៅ​ប្រភព​ដើម​វិញ និង​ធ្វើការ​ផាក​ពិន័យ​លើ​ក្រុមហ៊ុន ដែល​នាំ​ចូល​មក​នោះ​តាម​ច្បាប់​ជា​ធរមាន​» ។

លោក​ក៏​បានឱ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​បន្ត​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឱ្យ​មានការ​នាំ​ចូល​សំណល់​ប្លា​ស្ទិ​ក​នេះ ដែល​ជា​ទំនិញ​ត្រូវ​ហាមឃាត់ មក​កាន់​ប្រទេស​កម្ពុជា​ ។

សមត្ថកិច្ច​ក៏​បាន​និង​កំពុង​ស៊ើបអង្កេត​ស្វែងរក​ក្រុមហ៊ុន ដែល​លួច​នាំ​ចូល​នូវ​សំណល់​ប្លា​ស្ទិ​ក​នេះ​ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់​ជា​ធរមាន នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សកម្ម​មួយ​រូប​របស់​ក្រសួងបរិស្ថាន ។ លោក​បន្ថែម​ថា ការ​លួច​នាំ​ចូល​ទំនិញ​ហាមឃាត់​សំណល់​ប្លា​ស្ទិ​ក​ត្រូវ​បាន​គេ​ក្លែង​ឈ្មោះ​ទំនិញ​ដោយ​ដាក់​ថា ជា​«​ផលិតផល​សម្រាប់​កែ​ច្នៃ​ឡើង​វិញ​» ដោយ​មិន​បាន​បញ្ជាក់​ថា​ជា «​សំណល់​ប្លា​ស្ទិ​ក​» ឡើយ ។

តាម​ប្រសាសន៍​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ជា​ផ្លូវការ​ថា កុងតឺន័រ​ចំនួន​៨៣ ដែល​មាន​ផ្ទុក​កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក​ដែល​នាំ​ចូល​ពី​ក្រៅប្រទេស ត្រូវ​កម្លាំង​សមត្ថកិច្ច នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​១៦ កក្កដា ក្រសួង​បរិ​ស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្រេច​គាស់​ទូរ​កុងតឺន័រ​ទាំងអស់​នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង ។

ការ​គាស់​ទូ​កុងតឺន័រ​នោះ​មានការ​ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ និង​លោក សាយ សំ​អាល់ រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​ខេត្ត​ព្រះ​សីហ​នុ និង លោក លូ គឹ​ម​ឈ​ន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ជា​ច្រើន​លើក​រួច​មក​ហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ជា​ដាច់ខាត ចំពោះ​ការ​នាំ​ចូល​កាក​សំណល់​
ប្លា​ស្ទិ​កមក​កែ​ច្នៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កម្ពុជា​មិនមែន​ជា​ធុងសំរាម​សម្រាប់​ជនបរទេស យក​កាក​សំណល់​​មក​បោះចោល​នោះ​ទេ ។

លោក នេត្រ ភ​ត្រា ក៏​បាន​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ជា​ដាច់ខាត​ក្នុង​ការ​នាំ​ចូល​សំណល់​ប្លា​ស្ទិ​កមក​កែ​ច្នៃ ក៏​ដូច​ជា​សំណល់​ផ្សេង​ៗ​ទៀត ហើយ​កម្ពុជា​មិនមែន​ជា​ធុងសំរាម​សម្រាប់​ការ​បោះចោល​បច្ចេក​វិជ្ជា​ហួស​សម័យ​នោះ​ទេ ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ជំទាស់​ជា​និច្ច​នូវ​ការ​នាំ​ចូល​កាក​សំណល់​ប្លា​ស្ទិ​ក និង​ប្រេងម៉ាស៊ីន​មក​កែ​ច្នៃ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ។

ការ​ប្រទះ​ឃើញ​សំរាម​ក្នុង​កុងតឺន័រ​រហូត​ដល់​ជាង​៨០​កុងតឺន័រ​នេះ ក៏​បាន​ធ្វើ​ឱ្យ​មានការ​នឹកឃើញ​កាលពី​ឆ្នាំ​១៩៩៨ ដែល​មានការ​រក​ឃើញ​កាក​សំណល់​ផ្ទុក​សារធាតុ​បរមាណូ ជិត​៣​ពាន់​តោន បាន​ដឹក​តាម​នាវា​របស់​ក្រុមហ៊ុន​ចិនតៃវ៉ាន់​មួយ​មក​ចាក់ចោល​នៅ​ក្រុងព្រះសីហនុ​អស់​រយៈពេល​ជា​ច្រើន​ខែ ទើប​សម្រេច​ដឹក​ជញ្ជូន​ចេញ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ។

លោក នេត្រ ភក្ត្រា ត្រូវ​បាន​ដកស្រង់​ប្រសាសន៍​ដោយ​វិទ្យុ​ជា​ខេមរភាសា​(​បារាំង​អន្តរជាតិ​)​ថា សំរាម​ចំនួន​៨៣​កុងតឺន័រ ដែល​ចាប់​បាន​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​នោះ គឺជា​ប្រភេទ​ថង់​ប្លា​ស្ទិ​ក ។ ថង់​ប្លា​ស្ទិ​ក​ប្រ​សិន​គេ​យក​វា​ទៅ​ដុត​ចោល​នឹង​ធ្វើ​ឱ្យ​មាន​ផ្សែង​ពុល​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​ប្រសិនបើ​យក​វា​ទៅ​កប់​ចោល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​គុណភាព​ដី និង​ទឹក ។

នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​អ្នកនាំពាក្យ​រូប​នេះ​។ ជាមួយ​គ្នា​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិ​ស្ថាន បាន​ថ្លែង​បន្ថែម​ថា កាក​សំណល់​ប្លា​ស្ទិ​ក​គឺជា​មុខទំនិញ​ហាម​ចូល​កម្ពុជា ប៉ុន្តែ​កម្ពុជា​លើកទឹកចិត្ត​ឲ្យ​មាន​ការ​កែ​ច្នៃ​កាក​សំណល់​ប្លា​ស្ទិ​ក ដែល​ប្រើប្រាស់​នៅ​ក្នុងស្រុក​។

កាលពី​ខែឧសភា ប្រទេស​ជាង​១៨០ បាន​ព្រមព្រៀង​គ្នា​ធ្វើ​វិសោធនកម្ម យន្តការ​ច្បាប់​ដើម្បី​ចាត់ចែង​សំរាម​ប្លា​ស្ទិ​ក ។ ចិន​ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​ទិស​ដៅ​នាំ​ចូល​សំរាម​បា្ល​ស្ទិ​ក​សម្រាប់​កែ​ច្នៃ​ឡើង​វិញ លំដាប់​លេខ​មួយ បាន​បញ្ឈប់​ការ​នាំ​ចូល​សំរាម​ប្លា​ស្ទិ​ក តាំងពី​ដើមឆ្នាំ​២០១៨ ហើយ​ពេល​នេះ សំរាម​ប្លា​ស្ទិ​ក​របស់​ប្រទេស​ជឿនលឿន (​អា​មេ​រិ​ក និង​កា​ណា​ដា ជាដើម​) បាន​តម្រង់​ទិស​មក​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​ម៉ា​ឡេ​ស៊ី ។

សម្រាប់​កម្ពុជា​វិញ​កាលពី​ខែមីនា ឆ្នាំ​២០១៥ ក៏​ចាប់​បាន​សំរាម​កន្ទុយបារី​៨០​តោន ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន​មួយ ក្រោម​លេស​យក​មក​ធ្វើ​ជី​កសិកម្ម ។ ចំណែក​ការ​ចាប់​បាន​សំរាម​ថង់​ប្លា​ស្ទិ​ក​ចំនួន​៨៣​កុងតឺ
ន័រ​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ គឺ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​សំណល់​ប្លា​ស្ទិ​ក និង​ប្រេងម៉ាស៊ីន​មក​កែ​ច្នៃ​នៅ​កម្ពុជា ជា​ដាច់ខាត ។

កាលពី​ពេល​ថ្មី​ៗ​នេះ​រលក​កម្តៅ​ដោយសារ​សំរាម​នេះ​បាន​ដុត​បញ្ឆេះ​កំហឹង​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន ចំពោះ​ការ​លួច​នាំ​ចូល​សំរាម​ប្លា​ស្ទិ​ក កាលពី​ឆ្នាំ​២០១៣ ដល់​២០១៤ ពី​ប្រទេស​កា​ណា​ដា ចំនួន​៦៩​កុងតឺន័រ ។ ដោយ​សារ​ប្រតិកម្ម​សំរាម​នោះ​ត្រូវ​បាន​ដឹក​ទៅ​ប្រទេស​កា​ណា​ដា​វិញ ៕

អត្ថបទសរសេរ ដោយ