ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​កម្ពុជា​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ថាមពល​ឱ្យ​សិង្ហ​បុរី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រភព​ពី​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​នាំ​ចេញ​ទំនិញ​មក​កាន់​ប្រទេស​សិង្ហ​បុរី ប៉ុន្តែ​ការ​នាំ​ចេញ​ដោយ​កម្ពុជា​មក​សិង្ហ​បុរី​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ នេះ​បើ​យោង​តាម​លោក ឆាន ឈុ​ន​ស៊ី​ង (Chan…

រាជធានីភ្នំពេញ ៖ ប្រភព​ពី​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា កម្ពុជា ជា​ប្រទេស​មួយ​ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​នាំ​ចេញ​ទំនិញ​មក​កាន់​ប្រទេស​សិង្ហ​បុរី ប៉ុន្តែ​ការ​នាំ​ចេញ​ដោយ​កម្ពុជា​មក​សិង្ហ​បុរី​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ នេះ​បើ​យោង​តាម​លោក ឆាន ឈុ​ន​ស៊ី​ង (Chan Chun Sing) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី ។

ទោះជា​យ៉ាងនោះ​ក្តី​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ការងារ​កាលពី​ថ្ងៃ​ទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី លោក ឆាន ឈុ​ន​ស៊ី នៅ​តែ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សិង្ហ​បុរី ដោយ​ទំនិញ​ដូច​ជា បន្លែ ផ្លែ​ឈើ ត្រី​សាច់ ម្ហូប​សមុទ្រ សុទ្ធតែ​ជា​ទំនិញ​ដែល​សិង្ហ​បុរី​មាន​តម្រូវការ​ខ្ពស់ ។ ក្រៅពី​នេះ​កម្ពុជា​ក៏​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​នាំ​ចូល​មក​កាន់​សិង្ហ​បុរី​នូវ​បរិក្ខារ​សំណង់​ដូច​ជា​ស៊ីម៉ង់ត៍ និង ខ្សាច់ ហើយ​ទៅ​អនាគត​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត និង ថាមពល​ផង​ដែរ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា លោក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឯកភាព​ចំពោះ​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​សិង្ហ​បុរី ដោយ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នេះ គឺ​ស្រប​តាម​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន ក្នុង​ការ​ជំរុញ​ឲ្យ​រឹតតែ​ច្រើន​ឡើង​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​អាស៊ាន ។

ចំពោះ​ផលិតផល​នាំ​ចេញ​លោក ប៉ាន សូរ​ស័ក្ដិ ក៏​បាន​ណែនាំ​បន្ថែម​ដូច​ជា ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចថ្លុង​កោះ​ទ្រុង ដែល​សុទ្ធតែ​ជា​ផលិតផល​កំណត់​ភូមិសាស្ត្រ ជា​ពិសេស​ម្រេច​កំពត​ដែល​ជា​ប្រភេទ​ម្រេច​ល្អ​លើសគេ និង​មាន​តម្លៃ​ខ្ពស់ ។ ក្រៅពី​នេះ​លោក​ក៏​បាន​ណែនាំ​អំពី​ផលិតផល​ស្វាយ និង​អង្ករ​បន្ថែម​ទៀត ព្រមទាំង​អញ្ជើញ​ក្រុមហ៊ុន​សិង្ហ​បុរី ឲ្យ​មក​ស្វែង​យល់​បន្ថែម​ឲ្យ​រឹតតែ​ស៊ីជម្រៅ​ពី​ផលិតផល​សក្ដានុពល​របស់​កម្ពុជា ៕ ប្រភព​៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ