អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថា ៖ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​អាច​ឆ្លង​ដល់​មនុស្ស​ឡើយ


រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​បាន​ប្រកាស​អំពី​ស្ថាន​ភាព​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​មិន​អាច​ឆ្លង​ដល់​មនុស្ស​ឡើយ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​អះអាង​ថា ទោះបី​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ​ក​មិន​ទាន់​មាន​វាក់​សាំង​ចាក់​ការពារ​ទប់​ស្តា​ត់​ការ​រាតត្បាត​ជំងឺ​នេះ​ក៏​ដោយ ប៉ុន្តែ​ស្ថានភាព​ជំងឺ​នេះ​ពុំ​បាន​បណ្តាល​ឲ្យ​ឆ្លង​ដល់​មនុស្ស​ឡើយ ពោល​គឺ​វា​ឆ្លង​តែ​សត្វ​ជ្រូក​គ្នា​វា​ប៉ុណ្ណោះ ។

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បង្ក​ឡើង​ដោយ​វីរុស​ដែល​មិន​ទាន់​មាន​ចាក់​វ៉ាក់សាំង​ការពារ​នៅឡើយ​ទេ ប៉ុន្តែ​ជំងឺ​នេះ​មិន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​មនុស្ស​ឡើយ ព្រោះថា​សាច់​ជ្រូក​ដែល​មុន​នឹង​យក​មក​លក់​តាម​ទីផ្សារ គឺ​មានការ​ពិនិត្យ​ពី​សំណាក់​មន្ត្រី​ជំនាញ ដើម្បី​ធានា​ថា​សាច់​ជ្រូក​ពិតជា​មាន​សុវត្ថិភាព​។

លោក​បាន​បញ្ជាក់​ថា ទោះបីជា​មេរោគ​ជម្ងឺប៉េស្ត​ជ្រូក​នេះ​ចូល​ក្នុង​ខ្លួន​មនុស្ស​យើង​ក៏​ដោយ ក៏​មេរោគ​មួយ​នេះ​អាច​ងាប់​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង ឬ​បញ្ចេញ​ចោល​តាម​រយៈ​លាមក មិន​បង្ក​បញ្ហា​អ្វី​ឡើយ ។

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​បង្ហាញ​ដូច្នេះ ខណៈ​ដែល​ជម្ងឺប៉េស្ត​ជ្រូក​អា​ហ្រិ្វ​ក​កំពុង​រាតត្បាត​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ហើយ​បាន​ធ្វើ​ឲ្យ​សត្វ​ជ្រូក​ងាប់​ជា​ច្រើន​ក្បាល ដែល​បង្ក​ភ័យ​ខ្លាច​ដល់​មនុស្ស​មិន​ហ៊ាន​បរិភោគ ។ លោក​បញ្ជាក់​ថា ក្រសួង​មាន​វិធានការ​តឹង​រឹង​ក្នុង​ការ​នាំ​ចូល​សាច់​ជ្រូក​មុន​នឹង​ដឹក​មក​លក់​លើ​ទីផ្សារ ដោយ​បាន​សហការ​ពី​ជំនាញ​បសុពេទ្យ​និង​ម្ចាស់​កសិដ្ឋាន​នានា​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​បាន​នឹង​កំពុង​ផ្ទុះ​ឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តតាកែវ និង​ខេត្តកណ្តាល ដែល​កន្លង​មក​ជំងឺ​នេះ​ក៏​ធ្លាប់​ផ្ទុះ​នឹង​ខេត្តរតនៈគិរី ផង​ដែរ ។

តាម​តួលេខ​របស់​នាយកដ្ឋាន​សុខភាព​សត្វ​និង​សុខភាព​សាធារណៈ​បសុព្យាបាល​បាន​បង្ហាញ​ថា ជំងឺប៉េស្ដ​ជ្រូក​អាហ្វ្រិក​បាន​ធ្វើ​ឱ្យ​ជ្រូក​ចំនួន​២៥០០​ក្បាល​ងាប់ ដែល​ក្នុង​នោះ​ប្រហែល​៧០០ ក្បាល​ត្រូវ​បាន​សម្លាប់​ចោល ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ