ទំនិញ​ខូចគុណភាព​គេច​ពី​ផ្សារ​ទៅ​លក់​នៅ​តាម​ផ្ទះ


ខេត្តពោធិ៍សាត់ ៖ កន្លង​មកនេះ​សមត្ថកិច្ច​កាំកុងត្រូល​តែងតែ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព​ផ្ដោត​សំខាន់​តែ​ទៅ​តាម​ផ្សារ​ប៉ុណ្ណោះ​មិនសូវ​ចាប់អារម្មណ៍​ការ​លក់ដូរ​នៅ​តាម​ផ្ទះ​នោះ​ទេ ។ ដោយ​មានការ​សង្ស័យ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​របស់​ខ្លួន ចុះ​ពិនិត្យ​មើល​ការ​លក់ដូរ​ចំណីអាហារ​នៅ​តាម​គេហដ្ឋាន​ប្រជាពលរដ្ឋ​ចាប់ពី​ភូមិ​ស្បូវ​រីក​ឃុំ​លា​ច រហូត​មក​ដល់​ភូមិ​អូរ​ស្រាវ​ឃុំ​ព្រ​ងិ​ល​ស្រុក​ភ្នំក្រវាញ ដើម្បី​រក​ទំនិញ​ខូចគុណភាព​។

មន្ត្រី​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ​ការ​លក់ដូរ​ជា​ច្រើន​ខ្នង​ផ្ទះ ប៉ុន្តែ​មាន​តែ​០៤​ខ្នង​ផ្ទះ​ប៉ុណ្ណោះ​ដែល​រក​ឃើញ​ទំនិញ​ដាក់​តាំង​លក់​ខូចគុណភាព ហើយ​បាន​ដកហូត​មាន​ដូច​ជា កូកាកូឡា​ដប​ធំ Sprite ហ្វា​នតា និង​ទឹកដោះគោ​ជូរ សរុប​ទម្ងន់​៨៣​គីឡូក្រាម ។ ជាមួយ​គ្នា​នេះ​មន្ត្រី​ជំនាញ​ក៍បាន​ចែក​ផ្ទាំង​រូបភាព​ដែល​និយាយ​អំពី​ទំនិញ​ឫ​ចំណីអាហារ​បែប​ណា ដែល​គួរ​ទទួលទាន​និង​មិន​គួរ​ទទួលទាន ដើម្បី​ឲ្យ​អាជីវករ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​បាន​យល់​ដឹង​បង្ការ​ទប់ស្កាត់​ទាំងអស់​គ្នា​។

លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់​និង​សហការី បាន​ណែនាំ​ដល់​អ្នក​លក់ដូរ​ទាំងអស់ ចៀសវាង​ការ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម​ទៅ​លើ​ផលិតផល​ម្ហូបអាហារ ឫ​ការ​កែ​ច្នៃ​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ទទួលទាន ។ ណែនាំ​ដល់​អាជីវករ​ឲ្យ​ចេះ​អនាម័យ រៀបចំ​ទំនិញ​ដាក់​លក់​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ ទៅ​តាម​ប្រភេទ​ទំនិញ​ហូប​ចុក​និង​ទំនិញប្រើប្រាស់​ឲ្យ​នៅ​ដាច់​ពី​គ្នា ចៀសវាង​កំប៉ុង​កំ​ពិត ឬ​ប៉ោង​បណ្ដាល​ឲ្យ​មាន​ច្រេះ​ខាងក្នុង​។

លោក តូច ចៅ​កុយ មាន​ប្រសាសន៍​ថា ក្រោម​ការ​ណែនាំ​ពី​សំណាក់​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​កាំកុងត្រូល សាខា​កាំកុងត្រូល​ទូ​ទាំង​ប្រទេស​បាន​នឹង​កំពុង​បន្ត​យុទ្ធនាការ ចុះ​ត្រួតពិនិត្យ​មើល​ទំនិញ​ដែល​ដាក់​តាំង​លក់​តាម​ផ្ទះ តាម​ទីផ្សារ ពិសេស​ទំនិញ​នាំ​ចូល​តាម​មាត់ច្រក​ទ្វា​ព្រំដែន ដើម្បី​រួមចំណែក​លើ​ការ​ការពារ​សុវត្ថិភាព​ចំណីអាហារ​ជូន​ប្រជាពលរដ្ឋ​។ មន្ត្រី​កាំកុងត្រូល​បាន​បង្រៀន​អាជីវករ និង​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​មើល​ផលិតផល​ហួស​កាលកំណត់ និង​ម្ហូបអាហារ​មាន​ផ្ទុក​សារធាតុ​គីមី មុន​នឹង​ទិញ​មក​ដាក់​តាំង​លក់ និង​ទិញ​មក​ទទួលទាន ។

ក្នុង​ថ្ងៃ​ដដែល​នោះ​មន្ត្រី​កាំកុងត្រូល​សហការ​ជាមួយ​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ចុះ​ពិនិត្យ​ផ្ទះ​មួយ​កន្លែង​នៅ​ភូមិ​ក្បាល ហុង​ឃុំ​វាល​ស្រុក​កណ្ដៀង​ដែល​ផលិត​និង​ស្ដុក​ប្រហិត​ត្រី សង្ស័យ​ថា​មានការ​ប្រើប្រាស់​សារធាតុ​គីមី​។ ប៉ុន្តែ​ជា​លទ្ធផល​ពុំ​មាន​អ្វី​នោះ​ទេ​គ្រាន់តែ​ការ​ថែរក្សា​ទុក​ខ្វះ​អនាម័យ​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​ក៍បាន​ណែនាំ​អំពី​អនាម័យ​នេះ​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ