ស្រូវ​ដើមរដូវ​ប្រភេទ​ស្រូវ​សែន​ក្រអូប​ជាង​​២​ម៉ឺន​ហិ​កតា​ប្រឈម​ការ​ខ្វះ​ទឹក


ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្រូវ​ដើមរដូវ​ប្រភេទ​ស្រូវ​សែន​ក្រអូប​ដែល​កំពុង​ដាក់​គ្រាប់ និង​ជិត​ទុំ​ប្រមាណ​ជាង​២៦.០០០​ហិ​កតា កំពុង​ប្រឈម​ខ្វះខាត​ទឹក បើ​គ្មាន​ភ្លៀង​រយៈពេល​កន្លះ​ខែ​ទៀត នឹង​បណ្តាល​ឱ្យ​ខូចខាត ឬ​ងាប់​តែ​ម្តង​។

នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់ ឱ្យ​ដឹង​ថា ដោយ​មានការ​ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ រួម​ជាមួយ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​កំពុង​ប្រឈម​ខ្វះខាត​ទឹក ដែល​ត្រូវ​បាន​ដោះស្រាយ​ជួយ​អន្តរាគមន៍​ដោយ​យក​ម៉ាស៊ីនបូមទឹក​ធុន​ធំ​របស់​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ មក​បូមទឹក​ពី​ដងស្ទឹង​សិរី​សោភ័ណ​ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​បន្ទាន់​ផង​ដែរ ។ នេះ​ជា​ការ​ណែនាំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​ប្រធាន​ក្រុម​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ជួយ​ជា​ប្រេង​សម្រាប់​ម៉ាស៊ីនបូមទឹក​បញ្ចូល​ស្រែ​ដើម្បី​សង្គ្រោះ​ស្រូវ​ដែល​កំពុង​ប្រឈម​។

លោក​បាន​បញ្ជាក់​ថា ក្នុង​ក្រុង​សិរី​សោភ័ណ មាន​ស្រូវ​ដើមរដូវ​ប្រភេទ​ស្រូវ​សែន​ក្រអូប ដែល​កំពុង​លូតលាស់ និង​ខ្លះ​ដាក់​គ្រាប់ កំពុង​ប្រឈម​ការ​ខ្វះខាត​ទឹក​មាន​ផ្ទៃដី​ប្រមាណ​ជិត​២.០០០​ហិ​កតា ដែល​កំពុង​បង្ក​ការ​ប៉ះពាល់​ដល់​៥​សង្កាត់ ក្នុង​នោះ​រួម​មាន​សង្កាត់​កំពង់ស្វាយ សង្កាត់​អូរ​អំបិល សង្កាត់​ព្រះ​ពន្លា សង្កាត់​ភ្នៀ​ត និង​សង្កាត់​កោះ​ពង​សត្វ​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី បានឱ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា នៅ​ក្នុង​ឃុំ​ទាំង​១៣​ក្នុងស្រុក​មង្គល​បូ​រី ស្រូវ​ដើមរដូវ​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​កំពុង​ប្រឈម​ការ​ប៉ះពាល់​ដោយ​ខ្វះ​ទឹក​ប​ញ្ជូ​ល​ស្រែ​​មាន​ផ្ទៃដី​ប្រមាណ​២៤.០៤៤​ហិ​កតា លើ​ផ្ទៃដី​ផែនការ​ជាង​៥០.០០០​ហិ​កតា ​ភាគច្រើន​ជា​ប្រភេទ​ស្រូវ​ដើមរដូវ​។ នៅ​ពេល​នេះ​លោក​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​និង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អោយ​បានដឹង ព្រោះ​ដងស្ទឹង​មង្គល​បូ​រី​មានទឹក​តិចតួច​សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ហើយ​ផ្នែក​ខាងលើ​បាន​បើក​បង្ហូរទឹក​ដែរ តែ​មានការ​ខ្វះខាត​ដូច​គ្នា​។

លោក​អភិបាលស្រុក​មង្គលបុរី​បាន​បញ្ជាក់​បន្ត​ថា ស្រូវ​ដើមរដូវ​ក្នុងស្រុក​មង្គល​បូ​រី​មាន​១៣​ឃុំ​ដែល​ប្រឈម​​ការ​ខ្វះខាត​ទឹក​បូម​បញ្ចូល​ស្រែ​ប្រមាណ​ជាង​២​ម៉ឺន​ហិ​កតា ។ តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថាបើ​គ្មាន​ទឹកភ្លៀង​ធ្លាក់​រយៈពេល​កន្លះ​ខែ​ទៀត ស្រូវ​អាច​ប្រឈម​ការ​ខូចខាត​ដោយ​ងាប់​តែ​ម្តង បើ​មាន​ភ្លៀង​ធ្លាក់​រយៈពេល​៧​ស​ប្តា​ហ៍​ទៀត អាច​សង្ឃឹម​ទទួល​បាន​ផល​បាន​ខ្លះ ព្រោះ​ភាគច្រើន​ស្រូវ​សែន​ក្រអូប​ដែល​កំពុង​ដាក់​គ្រាប់ និង​ខ្លះ​ទៀត​កំពុង​ទុំ​ជា​បណ្តើ​រហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ