រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ត្រូវជនសង្ស័យ៣នាក់ធ្វើសកម្មភាពចាប់ចងដៃចងជើង រួចចាប់រំលោភ ប៉ុន្តែអ្នកជិតខាងឃើញទាន់រត់ចែកជើងគ្នាអស់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
ក្មេងស្រីរងគ្រោះខាងលើ អាយុ១១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌឫស្សីកែវ ។
បើតាមម្តាយក្មេងស្រីរងគ្រោះអាយុ32ឆ្នាំ បានឱ្យដឹងថា គាត់ជាស្ត្រីម៉េមាយ មានកូនទាំងអស់៥នាក់ ក្នុងនោះប្រុស៤នាក់ ។ បច្ចុប្បន្នគាត់ប្រកបមុខរបរធ្វើការរោងចក្រដើម្បីចិញ្ចើមកូនៗ និងបង់ថ្លៃផ្ទះមួយខែមិនចង់គ្រប់មួយខែផង ។
ប្រភពដដែលបន្តថា មុនកើតហេតុនេះ គាត់មិនបាននៅផ្ទះទេ គឺគាត់ចេញក្រៅដើរទៅខាងលើថ្នល់មានការបន្តិច ស្របពេលនោះក៏លេចមុខជនសង្ស័យ៣នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ពាក់ម៉ាសជិត រួចធ្វើជាសំលេងមនុស្សស្រីហៅក្មេងស្រីរងគ្រោះឱ្យបើកទ្វារឲ្យ ទើបកូនស្រីគាត់បានបើកទ្វារឲ្យ ស្រាប់តែក្រុមជនសង្ស័យនោះចូលទៅចាប់ចងដៃចងជើង រួចយកថ្នាំងងុយដេកកូរក្នុងទឹកឱ្យក្មេងស្រីរងគ្រោះផឹក គោលបំណងចាប់រំលោភ ប៉ុន្តែត្រូវបុរសម្នាក់ដែលជាអ្នកជិតខាងអាយុជាង30ឆ្នាំ ប្រទះឃើញទាន់ ហើយជនសង្ស័យទាំងនោះក៏រត់គេចខ្លួនបាត់អស់តែម្តង ។
ក្រោយពេលកើតហេតុ ម្តាយក្មេងស្រីរងគ្រោះមកដល់មិនទាន់បានទៅដាក់ពាក្យបណ្តឹងនោះទេ រង់ចាំថ្ងៃស្អែកពេលព្រឹក ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្វាយប៉ាក ដើម្បីឱ្យសមត្ថកិច្ចតាមចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ