ខេត្តកំពង់ឆ្នាំង ៖ ជាធម្មតាសត្វកណ្ដុរគឺជាសត្វចង្រៃ ដែលតែងតែកាត់បំផ្លាញទ្រព្យសម្បត្តិ ពិសេសគឺដំណាំស្រូវប្រាំងនិងស្រូវវស្សា ប៉ុន្តែសត្វចង្រៃមួយប្រភេទនេះ បែរជាមានប្រយោជន៍ ដល់កសិករនៅក្នុងស្រុកជលគីរីទៅវិញ ដោយពួកគាត់ចាប់ទាំងរស់ទុកលក់ ក្លាយជាមុខរបរប្រចាំថ្ងៃ បង្កើនចំណូលជីវភាពគ្រួសារ ដែលតាមការប្រមាណក្នុងមួយស្រុកជលគរី ត្រូវបានឈ្មួញប្រមូលទិញកណ្តុរបានប្រមាណ១តោនក្នុងមួយថ្ងៃ ។
កសិករឈ្មោះ លាស់ យ៉ាន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិឫស្សីដង្កួច ឃុំជលសារ ស្រុកជលគីរី បាននិយាយថា ក្រៅពីការងារស្រែចម្ការ និងនេសាទ ប្រជាកសិករក្នុងស្រុកជលគីរី មួយភាគធំបានឆ្លៀតបង្កើតមុខរបរមួយផ្សេងទៀត គឺចាប់កណ្ដុរនៅពេលយប់ ។
សម្រាប់គាត់បានប្រកបមុខរបរមួយនេះ រយៈពេលជាង៣ឆ្នាំហើយ ដោយរកចំណូលបានពី៤ទៅ៥ម៉ឺនរៀលក្នុង១ថ្ងៃ និងអាចច្រើនជាងនេះនៅពេលទឹកទន្លេឡើងខ្ពស់ ។ ពេលចាប់បានគឺលក់ឱ្យឈ្មួញ ដែលដើរទិញតាមផ្ទះ ដោយកណ្តុររស់ ក្នុង១គីឡូក្រាម តម្លៃ១ម៉ឺនរៀល ហើយក្នុងមួយថ្ងៃគាត់ចាប់បានពី៤ទៅ៥គីឡូក្រាម ។ ប៉ុន្តែសម្រាប់អ្នកដែលមានធនធានគ្រាន់ជាងគាត់ ទិញអង្គប់ចាប់កណ្តុរច្រើនក៏ចាប់បានច្រើនជាងគាត់ដែរ គឺមានប៉ុន្មានក៏អត់សល់ដែរ ។
បុរសរូបនោះ បានបន្តថា៖ អ្នកស្រុកព្រៃគ្រីភាគច្រើនណាស់ បានបង្កើតមុខរបរចាប់កណ្ដុរដូចគាត់ដែរ ដោយធ្វើអង្គប់ឬទិញពីផ្សារនូវអង្គប់ចាប់សត្វកណ្តុរ យកទាំងរស់ បើងាប់ឈ្មួញមិនទិញទេ ។ សម្រាប់គាត់ គឺគាត់បានទិញអង្គប់ពីគេដែរ ដោយអង្គប់ខ្លះចាប់បានតែកណ្តុរ១ទេ តែអង្គប់ខ្លះទៀតចូលហើយចេញវិញមិនរួច អាចចាប់បាន៤ទៅ៥ក្បាល ។
ការដាក់អង្គប់ចាប់កណ្តុរ នៅពេលយប់ដូចយើងដាក់មងចាប់ត្រីដែរ ដោយក្នុង១យប់ យើងត្រូវដើរមើល និងដោះកណ្តុរចេញពីអង្គប់យកដាក់ក្នុងទ្រុងជាច្រើនសា ព្រោះតែអង្គប់ចាប់កណ្តុរភាគច្រើនចូលបានតែ១ទេ ។ ហេតុនេះហើយទើបយើងត្រូវដើរមើលនិងដោះជាប្រចាំ ។ តាមការប្រមាណអ្នកស្រុកព្រៃគ្រី ចាប់កណ្តុរលក់ឱ្យឈ្មួញ ក្នុង១យប់អាចពី៨រយគីឡូក្រាមទៅ១តោនដែរ ព្រោះអ្នកចាប់កណ្តុរមានច្រើនគ្នាណាស់ ចំណែកឈ្មួញក៏ចុះមកទិញច្រើននាក់ដែរ គឺគ្រប់កន្លែងអ្នកដែលរស់នៅតាមដងទន្លេ ។
ដោយឡែក ឈ្មួញកណ្ដាលដែលជិះម៉ូតូដាក់ទ្រុង មកទិញកណ្ដុរតាមផ្ទះតាមភូមិក៏បាននិយាយដែរថា ក្នុងឈ្មួញម្នាក់អាចទិញបានជាង១០០គីឡូក្រាមយកទៅលក់នៅរាជធានីភ្នំពេញ និងឈ្មួញទិញបន្តយកទៅប្រទេសវៀតណាមទៀត ដែលតាមការផ្ដល់ព័ត៌មាន ថា សត្វកណ្តុរទាំងនេះត្រូវបានយកទៅធ្វើម្ហូបតាមហាងនៅប្រទេសវៀតណាម ដោយគេនិយមចូលចិត្តបរិភោគបំផុត ។
គួរកត់សម្គាល់ថា មិនមែនមានតែអ្នកស្រុកជលគីរីទេដែលមានមុខរបរចាប់កណ្តុរគឺមានស្រុករលាប្អៀរ ស្រុកកំពង់លែង និងកំពង់ត្រឡាច ដែលមានភូមិសាស្ត្រជាប់ដងទន្លេ ក៏មានមុខរបរចាប់កណ្ដុរលក់ដូចគ្នានេះដែរ ដោយឈ្មួញជាអ្នកមកប្រមូលទិញដល់ៗផ្ទះតែម្តងអត់ពិបាករកម៉ូយទេ ។ កណ្តុររស់ទោះមានប៉ុន្មានក៏លក់អស់ដែរ ទីផ្សារធំសម្រាប់សត្វកណ្តុរ គឺឆ្លងដែនទៅប្រទេសវៀតណាម ដែលមានឈ្មួញចាំទទួលទិញនៅព្រំដែនស្រុកកោះធំ ស្រុកស្អាង ខេត្តកណ្តាល ។
នៅប្រទេសវៀតណាម មានភោជនីយដ្ឋានច្រើនណាស់ និយមធ្វើម្ហូបកណ្តុរ ហៅកណ្តុរបំពងឬកណ្តុររ៉ូតទីដ៏ឈ្ងុយឆ្ងាញ់ និងពេញនិយមទទួលទាន ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ