ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ចូល​វស្សា​ជា​ពិធី​សំខាន់​នៃ​ព្រះពុទ្ធ​សាសនា

4 ឆ្នាំ មុន

បុណ្យ​ចូល​ព្រះ​វស្សា​គឺជា​ពិធី​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ព្រះសង្ឃ​បាន​រៀន​ធម៌ វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​។ ចំណែក​បរិស័ទ​ដែល​ជា​អ្នកមាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា តែង​ប្រារព្ធ​ពិធីបុណ្យ​ដោយ​នាំ​យក​សំពត់​សាដក ភេសជ្ជៈ និង​របស់​ប្រើប្រាស់​ផ្សេង​ៗ មាន​ទៀន និង​ធូប​ជាដើម​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​លទ្ធភាព ។…

បុណ្យ​ចូល​ព្រះ​វស្សា​គឺជា​ពិធី​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធ​សាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ព្រះសង្ឃ​បាន​រៀន​ធម៌ វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​។ ចំណែក​បរិស័ទ​ដែល​ជា​អ្នកមាន​ជំនឿ​ទៅ​លើ​ព្រះពុទ្ធ​សាសនា តែង​ប្រារព្ធ​ពិធីបុណ្យ​ដោយ​នាំ​យក​សំពត់​សាដក ភេសជ្ជៈ និង​របស់​ប្រើប្រាស់​ផ្សេង​ៗ មាន​ទៀន និង​ធូប​ជាដើម​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​លទ្ធភាព ។

ព្រះសង្ឃ​ត្រូវ​ចូល​កាន់​វស្សា តាម​ពុទ្ធានុញ្ញាត​អស់​រយៈពេល ៣​ខែ (​មួយ​ត្រីមាស​) ក្នុង​វស្សានរដូវ ហើយ​ត្រូវ​ចាំ​វស្សា​ដោយ​ត្រឹមត្រូវ មិន​ឲ្យ​ដាច់​វស្សា​ឡើយ ។ ចំណែកឯ​ពុទ្ធបរិស័ទ​ជា​ទាយក ទាយិកា ឧបាសក ឧបាសិកា វិញ ក៏​នាំ​គ្នា​ប្រារព្ធ​ធ្វើបុណ្យ​ចូល​វស្សា​នោះ​ដែរ ជា​ពិសេស​គឺ ចាត់ចែង​វ​ស្សិកសា​ដក​(​សំពត់​សំរាប់​ងូតទឹក​ភ្លៀង​) ដែល​និយម​ហៅ​ថា សំពត់​សាដក​ចំណាំ​វស្សា ព្រមទាំង​ប្រេងកាត ទៀន ធូប និង​ភេសជ្ជៈ មួយ​ចំនួន​ទៀត​តាម​លទ្ធភាព ។

ពាក្យ​ថា វស្សា មក​អំពី​ពា្យ​បាលី​ថា វ​ស្ស ប្រែ​ថា​ភ្លៀង ឬ​រដូវភ្លៀង ដែល​មាន​កំណត់​រយៈ ពេល ៤​ខែ​គឺ​រាប់​ពី​ថ្ងៃ ១​រោច ខែ​អាសាធ រហូត​ដល់​ថ្ងៃ ១៥​កើត​ខែកត្តិក រយៈពេល​នេះ ឯង ហៅ​ថា​វស្សានរដូវ ។ បានជា​ព្រះ​បរម​សាស្តា​នៃ​យើង ព្រះ​អង្គ​ទ្រង់ អនុញ្ញាត​ឲ្យ​ព្រះ​ភិក្ខុសង្ឃ មាន​កិច្ច​ចូល​ចាំ​វស្សា​នោះ​មក​អំពី​ហេតុ​ខាង​ដើម​២​យ៉ាង​គឺៈ

១- ភិក្ខុ​ទាំងឡាយ​ត្រាច់ចរ​ទៅ​កាន់​ទីកន្លែង​ផ្សេង​ៗ​មាន គួរ​ខ្លះ មិន​គួរ​ខ្លះ មានការ ដើរ​ជាន់​នៅ​ភូតគាម ពីជគាម និង​ធញ្ញជាតិ​ផ្សេង​ៗ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នកស្រុក​រិះគន់​តិះដៀល និង​ពោល​នូវ​ទោស​ដែល​មាន​ប្រការ​ផ្សេង ។

២- ជា​រដូវភ្លៀង​ជោកជាំ​ផង ព្រះពុទ្ធ​អង្គ​មាន​បំណង​កុំ​ឲ្យ​បព្វជិត​ក្នុង​សាសនា​លំបាក​ក្នុង ការ​ធ្វើ​ដំណើរ​ទៅ​មក គឺ​ឲ្យ​នៅ​ចាំ​វស្សា​តែ​មួយ កន្លែង​អស់​រយៈពេល​៣​ខែ ។
បុព្វហេតុ​នៃ​ការ​ចូល​ព្រះ​វ​ស្សាៈ

សម័យ​នោះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់នៅ​វត្ត​វេឡុវ័ន​ទៀប​ក្រុង​រាជគ្រឹះ ។ គ្រានោះ​ឯង ការ​នៅ​ចាំ​វស្សា​មិន​ទាន់​មានការ​បញ្ញត្តិ​ដល់​ភិក្ខុសង្ឃ​ទាំងឡាយ​នៅឡើយ​ទេ ភិក្ខុ​ទាំងនោះ​ក៏​ចេញ​ដើរទៅ​កាន់​ចារិក​អស់​ហេមន្តរដូវ​ខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់​វស្សានរដូវ​ខ្លះ​តាមតែ​សេចក្តី​ប្រាថ្នា ។ មនុស្ស​ទាំងឡាយ​ឃើញ​ហើយ​ក៏​ពោលទោស​តិះដៀល​បន្តុះបង្អាប់​ថា ពួក​សមណៈ​ជា​សក្យ​បុត្ត មិនសមបើ​នឹង​ដើរ ទៅ​កាន់​ចារិក​អស់​ហេមន្តរដូវ​ខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់​វស្សានរដូវ​ខ្លះ​យ៉ាងនេះ​ទេ ដើរ​ជាន់​ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​នូវ​វត្ថុ​ដែល​មានជីវិត ញុំា​ង​សត្វ​តូច​ៗ​ជា​ច្រើន​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស សូ​ម្បី​ពួក​បរិ​ព្វា​ជក​មាន​លទ្ធិ​ដទៃ​ពី​នេះ ដែល​ជា​អ្នក​ពោល​ធម៌​អាក្រក់ ម្តេច​គង់នៅ​សម្ងំ​ឈប់​សម្រាក​នៅ​ចាំ​វស្សា ។​ សូ​ម្បី​ទាំង​ពួក​សត្វ​ស្លាប​នោះ​ទៀត​សោត ក៏​គង់​ធ្វើ​សំបុក​លើ​ចុងឈើ​ទាំងឡាយ ហើយ​សម្ងំ​ឈប់​សម្រាក​នៅ​ចាំ​វស្សា​ដែរ​។ ចម្លែក​អី​តែ​ពួក​សមណៈ​ជា​សក្យ​បុត្ត​នេះ នៅ​តែ​ដើរទៅ​កាន់​ចារិក​មិន​ស្គាល់​កាល​វេលា​សោះ​យ៉ាងនេះ ។

កាល​មនុស្ស​ទាំងឡាយ កំពុង​ពោលទោស​តិះដៀល​បន្តុះបង្អាប់ ភិក្ខុ​ទាំងឡាយ​ក៏​បានឮ​ច្បាស់ គ្រានោះ​ឯង​ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​សេចក្តី​នោះ​ដល់​ព្រះ​មាន​ព្រះ​ភាគ ព្រះ​អង្គ​ក៏​ធ្វើ​នូវ​ធ​ម្មី​កថា​ក្នុង​វេលា​នោះ​ឯង រួច​ហើយ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក អនុញ្ញាត​ថា អនុ​ជានា​មិ ភិ​ក្ខ​វេ វ​ស្សំ ឧ​ប​គ​ន្តុ​ន្តិ ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាត​ឲ្យ ភិក្ខុ​ចូល​ចាំ​វស្សា ។

ពាក្យ​ថា ចូល​វស្សា ឬ​នៅ​ចាំ​វស្សា​ជា​ពុទ្ធ​សាសនវោហារ បាន​សេចក្តី​ថា កាលដែល​ភិក្ខុសង្ឃ​ឈប់​សម្រាក​នៅ​ទីណា​មួយ ឬ​វត្ត​ណាមួយ កំណត់​អស់​វេលា​៣​ខែ ក្នុង​រដូវភ្លៀង ដោយ​មិន​បាន​ត្រាច់​ទៅ​ណា​មក​ណា​ឲ្យ​កន្លង​រាត្រី​ឡើយ វៀ​លែង​តែ​មាន​ហេតុការណ៍​ចាំបាច់​ដូច​ជា មាតាបិតា ឬ​គ្រូអាចារ្យ​ឈឺ​ជា​ទម្ងន់ ឬ​ដល់​នូវ​មរណៈ ឬ​ក៏​ឧបាសក​និមន្ត​ទៅ​សម្តែងធម៌​ជាដើម ទើប​ទៅ​បាន​ដើម្បី​ជួយ​បំពេញ​សទ្ធា​ញាតិ​ញោម ដោយ​តាំងចិត្ត​ថា​នឹង​ត្រឡប់​មក​វិញ​ឱ្យទាន់​ក្នុង​រវាង​៧​ថ្ងៃ ។

ចូល​ព្រះ​វស្សា​ត្រូវ​បាន​បញ្ញត្តិ​ឡើង​នៅ​ថ្ងៃ​១​រោច​ខែ​អាសាធ ជា​ថ្ងៃ​ត្រូវ​ចូល​វស្សា​របស់​បព្វជិត ក្នុង​ព្រះពុទ្ធ​សាសនា​ទាំង​ភិក្ខុ​ទាំង​សាមណេរ​ជា​ការ​ចាំបាច់​តាម​ពុទ្ធានុញ្ញាត ។ រីឯ​ទាយក ទាយិកា ឧបាសក ឧបាសិកា ជា​ពុទ្ធសាសនិក ចំណុះ​ជើងវត្ត​នីមួយ​ៗ ក្រោម​ការ​ដឹកនាំ​របស់​លោក​អាចារ្យវត្ត​ក៏​ប្រារព្ធ​ធ្វើបុណ្យ​ចូល​វស្សា ឬ​កាន់​វស្សា​ផង​ដែរ តែ​ធ្វើ​នៅ​ថ្ងៃ​១៥​កើត​ខែ​អាសាធ មុន​ព្រះសង្ឃ​ចូល​ព្រះ​វស្សា ១​ថ្ងៃ ហើយ​លោក​អាចារ្យ ប្រ​កូក​ប្រកាស​ជម្រាប​ពុទ្ធបរិស័ទ​ឲ្យ​ដឹង​អំពី​ថ្ងៃ​ចូល​វស្សា​ត្រូវ​ចូល​មក​ដល់ ដើម្បី ឲ្យ​បរិស័ទ​ត្រៀមលក្ខណ​:​រៀបចំ​ចតុប្បច្ច័យ ទេយ្យវត្ថុ មាន​សាដក ទៀន ធូប ប្រេង​ចំណាំ​វស្សាជាដើម​សម្រាប់​ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​ទី​អាវាស​វត្ត​អស់​រយៈពេល​៣​ខែ​ដោយ​បរិបូណ៌ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ