ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនដំណឹង​ហើយ ១២​គ្រួសារ​ត្រូវ​តែ​ចាកចេញ​ភ្លាម​ជា​បន្ទាន់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​មាន​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាក្រុង​កំពង់ឆ្នាំង ដល់​ប្រជាពលរដ្ឋ​១២ គ្រួសារ ដែល​កំពុង​រស់នៅ​ផ្ទះល្វែង​នៅ​ចំណុច​ផ្សារឆ្នាំង ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង អោយ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន ព្រោះ​មាន​ហានិភ័យ…

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបី​មាន​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាក្រុង​កំពង់ឆ្នាំង ដល់​ប្រជាពលរដ្ឋ​១២ គ្រួសារ ដែល​កំពុង​រស់នៅ​ផ្ទះល្វែង​នៅ​ចំណុច​ផ្សារឆ្នាំង ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង អោយ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន ព្រោះ​មាន​ហានិភ័យ អាច​នឹង​បាក់​ស្រុត ឬ​រលំ ដោយ​សារ​តែ​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​ក្តី ក៏​មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​មិន​ទាន់​ចេញពីផ្ទះ​ល្វែង​នោះ​នៅឡើយ​ទេ អាច​នឹង​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃ​ណាស​មួយ​ជា​ពុំខាន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាក្រុង​កំពង់ឆ្នាំង​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​សំណង់​អាគារ​លេខ​១៣​ល្វែង ចាប់ពី​អាគារ​លេខ B134 ដល់​B 147 ដែល​មាន​ប្រជាពលរដ្ឋ ១២ គ្រួសារ កំពុង​រស់នៅ បាន​បញ្ជាក់​ថា ៖ យោង​តាម​មន្ត្រី​ជំនាញ​ដែល​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវ ជ្រាវ​នៅ​អាគារ​ខាងលើ​នេះ អាច​នឹង​បាក់​ស្រុត រលំ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន ព្រោះតែ​អគារ​នេះ​មាន​អាយុកាល​ប្រមាណ​ជិត​១០០ ឆ្នាំទៅ​ហើយ មាន​សភាព​ពុក​ផុយ​ដោយ​កន្លែង​ទៀត​ផង ។

ហេតុនេះ​ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​តែ​ស្នាក់​នៅ មិន​ត្រូវ​ដេក មិន​ត្រូវ​ចូល​ជ្រក ឬ​សម្រាក​ឡើយ និង​សូម​ផ្អាក​ធ្វើ​អាជីវកម្ម​លក់ដូរ​ចាប់ពី​ថ្ងៃ​ទី​២៨ មិថុនា តទៅ ។ ក៏​ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ​ជាង​កន្លះ​ខែ​ទៅ​ហើយ ប្រជាពលរដ្ឋ​ទាំងនោះ​នៅ​មិន​ទាន់​ចាកចេញ​នៅឡើយ​ទេ ។

ជុំវិញ​បញ្ហា​នេះ​លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា បាន​ប្រាប់​ភ្នាក់ងារ​យើង​តាម​ទូរស័ព្ទ​ថា ៖ លោក​បាន​ជូនដំណឹង​ដល់​អ្នក​រស់នៅ​លើ​ផ្ទះល្វែង​ដែល​មាន​អាយុកាល​ដ៏​ចំណាស់​នេះ​ហើយ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​មិន​ព្រម​ចេញ​លោក​មិនដឹង​ធ្វើ​ម៉េច​ដែរ បើ​មាន​គ្រោះថ្នាក់​សូមកុំ​បន្ទោស​អាជ្ញាធរ ព្រោះ​អាជ្ញាធរ​បាន​ជូនដំណឹង​ដល់​ពួក​គាត់​ហើយ ។

យ៉ាងនេះ​ក្តី​តាម​រយៈ​ប្រ​ព​ន្ឋ័​ផ្សព្វផ្សាយ លោក​សូម​អំពាវនាវ​ជា​ថ្មី ដល់​ប្រជាពលរដ្ឋ​កំពុង​ស្នាក់​នៅ​ក្នុង​អាគារ​ខាងលើ​នេះ សូម​មេត្តា​ចាកចេញ រក​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន ហើយ​សហការ​គ្នា វាយ​អាគារ​ចាស់ ធ្វើ​អាគារ​ថ្មី​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ចុះ ព្រោះ​ក្នុង​ចំណោម​ផ្ទះ​ទាំង​១៣​ល្វែង មាន​មួយ​ភាគ​ជា​អាគារ​របស់​រដ្ឋ​ដែល​អាជ្ញាធរ​ខេត្ត​ទើប​សុំ​កាត់​ចេញពី​បញ្ជីសារពើភ័ណ្ឌ​រួច​ហើយ​ដែរ ដើម្បី​ប្រគល់​ជូន​អ្នក​ដែល​បាន​កាន់កាប់ តាំងពី​ដើម​មក ។

គួរ​រំលឹក​ដែរ​ថា អគារ​ផ្ទះល្វែង​១៣​ល្វែង​ខាងលើ​នេះ​គឺ​កសាង​សម័យ​អាណានិគមនិយម​បារាំង​ក្នុង​ឆ្នាំ​១៩៣១ មក​ដល់​ពេល​នេះ​មាន​អាយុកាល​៨៨​ឆ្នាំ​ហើយ​កំពុង​មាន​សភាព​ទ្រុឌទ្រោម​ជា​ខ្លាំង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ