បុរសម្នាក់ចូលបន្ទប់មួយភ្លែតសោះ នាងៗ​ទាំង២នាក់​ប្រើល្បិចម៉ាស្អាត​


រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រឡប់​មក​ពី​ធ្វើការ​ទុក​ម៉ូតូ​នៅ​មុខ​បន្ទប់​ជួល​ហើយ​ចូល​ហូប​បាយ​មួយ​ភ្លែត ស្រាប់តែ​ត្រូវ​ស្ត្រី​ជា​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​មុខ​បន្ទប់​ជួល ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សូ សុខ​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ភូមិ ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ប្រពន្ធ​ឈ្មោះ សាន សុខ​ហេង អាយុ ២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GS-៤៧២៦​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គាត់​ទើបតែ​ត្រឡប់​មក​ពី​ធ្វើការ ដោយ​បាន​ទុក​ម៉ូតូ​នៅ​មុខ​បន្ទប់​ជួល ហើយ​ចំហ​ទ្វារ​បន្តិច​ផង​ដែរ បន្ទាប់​មក​គាត់​ក៏​ចូល​ហូប​បាយ​អស់​រយៈពេល​ប្រមាណ​ជិត​១០​នាទី ក្រោយ​ហូប​បាយ​រួច​គិត​ថា​នឹង​យក​ម៉ូតូ​ចូល​ទុក​ក្នុង​បន្ទប់​ជួល លុះ​ពេល​គាត់​ចេញ​មក​ក្រៅ ស្រាប់តែ​បាត់​ម៉ូតូ ​ហើយ​​គាត់​ក៏បាន​សួរនាំ​អ្នក​ជិតខាង គេ​ប្រាប់​ថា ឃើញ​មាន​ស្ត្រី​២​នាក់​បាន​ជិះ​ម៉ូតូ​នោះ​ចេញ​ទៅ​បាត់ ព្រោះ​អ្នក​ជិតខាង​នឹក​ស្មានថា​ជា​ប្អូនរបស់​​ជន​រង​គ្រោះ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​នាំ​គ្នា​ដើរ​រក​ម៉ូតូ​អស់​រយៈពេល​ប្រមាណ​ជិត​មួយ​ម៉ោង ទើប​រត់​មក​ប្តឹង​សមត្ថកិច្ច​ដើម្បី​អោយ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ខាងលើ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ