ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ៖ របប​ដឹកនាំ​អតីតកាល​ជា​ការ​ដឹកនាំ​ខុស​ទើប​ធ្វើ​ឲ្យ​ប្រទេស​ក្រឡាប់ចាក់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក​ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​បែប​នេះ ខណៈ​លោក​ធ្វើ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារសិក្សា​១​ខ្នង​៥​បន្ទប់ នៅ​សាលា​បឋម​សិក្សា​មេ​មាំ​ង…

ខេត្តកំពង់ចាម ៖ លោក​ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​បែប​នេះ ខណៈ​លោក​ធ្វើ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារសិក្សា​១​ខ្នង​៥​បន្ទប់ នៅ​សាលា​បឋម​សិក្សា​មេ​មាំ​ង ស្ថិត​នៅ​ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ ។

ថ្លែង​ទៅ​កាន់​អ្នកចូលរួម​លោក ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ថា សមិទ្ធផល​ថ្ងៃនេះ​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​នៃ​ការ​កសាង​សមិទ្ធផល​សម្រាប់​កូនចៅ​ប្រជា​ព​រដ្ឋ​នៅ​តំបន់​នេះ ដើម្បី​សិក្សា​រៀនសូត្រ​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ហើយ​សមិទ្ធផល​នេះ​ចេះ​តែ​វិវត្តន៍​ទៅ​មុខ និង​បន្ត​រីក ចម្រើន​ដែល​នេះ គឺជា​មោទនភាព​សម្រាប់​យើង​ទាំងអស់​គ្នា ហើយ​យើង​មិន​បញ្ចប់​ត្រឹមនេះ​ទេ យើង​នឹង​បន្ត​កសាង​តទៅ​មុខ​ទៀត ដើម្បី​បំពេញតម្រូវការ​នៃ​ល្បឿន​កំណើនប្រជាជន ។

លោក​បន្ត​ថា ទោះបី​សប្បុរ​ជន​ជា​ខ្មែរ​ទៅ​នៅ​បរទេស​ក៏​ដោយ​ក៏​បេះដូង​នៅ​តែ​ជា​ខ្មែរ ហើយ​ជួយ​គៀងគរ​សប្បុរសជន​កសាង​សមិទ្ធផល​ផ្សេង​ៗ​នៅ​ក្នុង​ដំណាក់ កាល​ប្រទេស​មាន​សុខ​សន្តិភាព​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​មាន​លទ្ធភាព​ចូលរួម​កសាង​សមិទ្ធផល និង​ជួយ​ស្រុក​កំណើត ។ នេះ​ហើយ គឺជា​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព និង​ធ្វើ​ឲ្យ​ខ្មែរ​នៅ​លើ​ពិភពលោក​បាន​ជួយ​គ្នា រួម​គ្នា​កសាង​សមិទ្ធផល​នៅ​ក្នុងស្រុក ។ នេះ គឺជា​មោទនភាព​ណាស់​ដែល​ខ្មែរ​រួបរួម​គ្នា​ជួយ​គ្នា ។

លោក ហ៊ុន ម៉ា​ណែ​ត រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​ណាស់​នូវ​អ្វី​ដែល​ជា​តម្រូវការ​របស់​ប្រជាជន ខិតខំ​កសាង​សមិទ្ធផល​នានា និង​បង្ក​ឱកាស​សប្បុរសជន អង្គការ សមាគម​ចូលរួម​កសាង​សមិទ្ធផល​ផ្សេង​ៗ​រួម​មាន​មន្ទីរពេទ្យ​វត្ត​អារាម សាលារៀន ដែល​អាច​ជួយ​ដោះស្រាយ​តម្រូវការ​ប្រជាពលរដ្ឋ និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កូនចៅ ។ នេះ គឺជា​គោល​គំនិត​សំខាន់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ ។ លោក​អះអាង​ថា អ្នក​ដែល​ដើរតួ​សំខាន់​ក្រៅពី​រដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​អប់រំ គឺ​លោកគ្រូ អ្នកគ្រូ ដែល​ជួយ​កសាង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ។ នេះ គឺជា​គុណ​បំណាច់​របស់​លោកគ្រូ អ្នកគ្រូ មិន​ត្រឹមតែ​កសាង​ធនធានមនុស្ស​ជួយ​ឱ្យ​មនុស្ស​មាន​អនាគត​មានចំណេះ​ដឹង​នោះ​ទេ ប៉ុន្តែ​បាន​លើក​ស្ទួយ​ប្រទេស​ជាតិ​យើង​តាម​រយៈ​កសាង​សមត្ថភាព​មន្ត្រី​អប់រំ​របស់​យើង ។

យើង​ក្លាយជា​ប្រទេស​កូន​ខ្លា​សេដ្ឋកិច្ច​មួយ​នៅ​អាស៊ី​ដោយសារ​តែ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​មន្ត្រី​យើង ដោយសារ​ប្រព័ន្ធ​អប់រំ​ខ្មែរ​យើង ។ ដូច្នេះ​គុណ​បំណាច់​របស់​លោកគ្រូ អ្នកគ្រូ​គ្រប់​ជំនាន់ គឺ​មានគុណ​ខ្លាំង​ណាស់ ក្នុង​អាជីព​សំខាន់​បំផុត​ដែល​ធានា​និរន្ត​ភាព​នៃ​ការ​រីក​ចម្រើន ។ លោក ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​ដែរ​ថា កា​រវិ​វត្ត​ទៅ​មុខ​របស់​ប្រទេស​ជាតិ និង​ការ​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នៅ​ថ្ងៃនេះ គឺ​បាន​មក​ពី​ការ​ដឹកនាំ​មាន​និរន្តរភាព​៤០​ឆ្នាំ ព្រោះថា ការ​ដឹកនាំ​ខុស​ធ្វើ​ឲ្យ​ប្រទេស​ក្រឡាប់ចាក់ ។ ការ​ដឹកនាំ​ក្រោយ​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ យើង​មាន​ស្ថិរភាព យើង​ដើរទៅ​មុខ​។ ដូច្នេះ​ការ​ថែរក្សា​សុខ​សន្តិភាព ការ​ជ្រើសរើស​មេដឹកនាំ​ត្រូវ សម្រាប់​ដឹកនាំ​ប្រទេស​ឲ្យ​មាន​រីក​ចម្រើន គឺ​សំខាន់​ណាស់​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ