ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ទេសចរណ៍​ ៖ ទប់ស្កាត់​រឿងមួយនេះ ព្រោះ​ប៉ះពាល់​​កិត្តិនាម​ជាតិ និង​នយោបាយ​ទេសចរណ៍​​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ដោយសារ​ការ​មើលឃើញ​សកម្មភាព​ការី​ទេសចរណ៍​រកស៊ី​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ ឬ​ហៅ​ថា​អាជីវកម្ម​បែប Zero Package Tour ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នៅ​តែ​កើត​មាន ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​ទេសចរ​អន្តរជាតិ​ជា​រឿយ​ៗ​នោះ…

​រាជធានី​ភ្នំពេញ ៖ ដោយសារ​ការ​មើលឃើញ​សកម្មភាព​ការី​ទេសចរណ៍​រកស៊ី​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ ឬ​ហៅ​ថា​អាជីវកម្ម​បែប Zero Package Tour ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​នៅ​តែ​កើត​មាន ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ និង​ទេសចរ​អន្តរជាតិ​ជា​រឿយ​ៗ​នោះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​ប្រកាស​ទប់ស្កាត់​ការ​ប្រកប​អាជីវកម្ម​ប្រភេទ​នេះ ដោយ​បាន​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងឡាយ​ណា​ដែល​នៅ​តែ​គ​គ្លើ​ន​។

​ការ​ប្រកាស​យ៉ាង​ដាច់អហង្កា​យ៉ាង​ដូច្នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១ ស្តី​ពី​ការ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប នា​ចុង​ស​ប្ដា​ហ៍​នេះ​។ ​តើ​អ្វី​ទៅ​ជា​ការ​ប្រកប​អាជីវកម្ម​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ (Zero Package Tour) ក្នុង​វិស័យ​ទេសចរណ៍? ការ​លក់​កញ្ចប់​ទស្សនកិច្ច​ថ្លៃ​សូន្យ សំដៅលើ​សកម្មភាព​លក់​កញ្ចប់​ទស្សនកិច្ច​នៅ​ថ្លៃ​ទាប ឬ​លក់​ទាំង​ខាត ដោយ​តម្រូវ​ឱ្យ​ទេសចរ​អន្តរជាតិ ទិញ​ទំនិញ​ក្នុង​តម្លៃ​ខ្ពស់ ដើម្បី​ប៉ះប៉ូវ​ការ​ខាតបង់​ទាំងនោះ​។ ​លោក ថោ​ង ខុន បាន​លើក​ឡើង​ថា ការី​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម Zero Package Tour ជា​មេរោគ​បំផ្លាញ​គោលដៅ​ទេសចរណ៍​នៅ​តំបន់​សៀមរាប​អង្គរ ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ទាំងមូល ពីព្រោះ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន​ទាំងនេះ​មានការ​ខាតបង់ និង​ខកចិត្ត​យ៉ាង​ខ្លាំង រហូត​ដល់​អ្នកខ្លះ​ក៏​លែង​ចង់​មក​ទស្សនា​នៅ​កម្ពុជា​លើក​ក្រោយ​ទៀត​ដែរ​។

បើ​តាម​លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជាក់​ថា «​នេះ​ជាប​ញ្ហ​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម និង​នយោបាយ​ទេសចរណ៍​ជាតិ ដែល​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ឱ្យ​បាន​។ យើង​កុំ​បន្ទោស​ភ្ញៀវ ពួក​គេ​អត់​ដឹង​ទេ តែ​ក្រុមហ៊ុន​អ្នក​រកស៊ី Zero Package Tour នេះ គឺជា​អ្នក​បំផ្លាញ​គោលដៅ​ទេស​រណ៍​តែ​ម្ដង មាន​ន័យ​ថា ពួក​គេ​រកស៊ី​ដោយ​មិន​គិត​ចំណេញ​ក្នុង​កញ្ចប់ តែ​ពួក​គេ​យក​ភ្ញៀវ​មក​ដើម្បី​កាប់​ស៊ី តាម​រយៈ​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ គ្រឿងអលង្ការ​ក្លែងក្លាយ ទំនិញ និង​សេវាកម្ម​អន់​គុណភាព ដោយ​ទទួល​បាន​លុយ​ក្រៅ ឬ​ហៅ​ថា Comission ហួសហេតុ​ពី​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទាំងនោះ រហូត​មាន​ករណី​ពួក​ក្រុមហ៊ុន​ទេសចរណ៍​ជា​ការី​ទេសចរណ៍ ឬ​ភ្នាក់ងារទេសចរណ៍​ខ្លះ ជំពាក់​លុយ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មិន​សង ឬ​សង​យឺតយ៉ាវ​ផង​ដែរ ដែល​នាំ​ឲ្យ​គុណភាព​សេវាកម្ម​កាន់តែ​ធ្លាក់​ចុះ​» ។

​លោក​បញ្ជាក់​ថា នេះ​ហើយ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​សណ្ឋាគារ ភោជនីយដ្ឋាន​ខ្លះ​ត្រូវ​បិទទ្វារ ពីព្រោះ​ក្រុមហ៊ុន​អ្នក​រកស៊ី Zero Package Tour មិន​ទាន់​សង ឬ​មិន​សង​លុយ ហើយ​រត់​ចោល​បាត់​ស្រមោល​។ ​លោក ថោ​ង ខុន បាន​បន្ថែម​ថា មាន​ក្រុមហ៊ុន​ខ្លះ​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ៦២​ដុល្លារ សម្រាប់​រយៈពេល​៣​ថ្ងៃ តែ​ភូតភរ​ភ្ញៀវ​នាំ​ភ្ញៀវ​ចូល​ទស្សនា​អង្គរវត្ត​តែ ១​ថ្ងៃ​ទេ ហើយ​ថ្ងៃ​ទី​២ បន្ត​ទៅ​ទស្សនា​នៅ​ប្រាសាទបេង​មាលា ១​ថ្ងៃ (​តម្លៃពិត ៥​ដុល្លារ​) និង​ប្រាសាទ​កោះ​កេរ ១​ថ្ងៃ​ទៀត (​តម្លៃពិត ១០​ដុល្លារ​)​។ ពួក​គេ​ភូតភរ​ទេសចរ​ថា ប្រាសាទបេង​មាលា និង​ប្រាសាទ​កោះ​កេរ ក៏​ជា​អង្គរវត្ត​ដែរ ដោយ​គាត់​បាន​ចំណេញ​ប្រាក់​ពី​ភ្ញៀវ​ដល់​ទៅ ១៥​ដុល្លារ​។ ​

បញ្ហា​នេះ បាន​ជំរុញ​ឱ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ធ្លោយមាត់​ប្រកាស​ថា ក្រសួងទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ​អប្សរា បាន​ឯកភាព​គ្នា​ថា​នៅ​ថ្ងៃ​ខាង​មុខ នឹង​បញ្ចូល​ប្រាសាទបេង​មាលា និង​ប្រាសាទ​កោះ​កេរ ទៅ​ក្នុង​កញ្ចប់​ទស្សនា​ជាមួយ​ប្រាសាទអង្គរវត្ត​តែ​ម្តង ដើម្បី​កុំឱ្យ​ក្រុមហ៊ុន​រកស៊ី​បោកប្រាស់​ទាំងនោះ​កុហក​ភ្ញៀវ​បាន​ទៀត​។

​ប៉ុន្តែ​ទោះជា​យ៉ាងណា នៅ​ពេល​ភ្ញៀវ​បានដឹង​ពី​ការ​បោកប្រាស់​នេះ ភ្ញៀវ​ខ្លះ ទោះបី​ប្រាសាទ​អង្គរ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ដ៏​អស្ចារ្យ​ល្បីល្បាញ​ក៏​ដោយ ក៏​ពួក​គេ​បាន​រិះគន់​និយាយ​មិនល្អ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា ខ្លះ​មិន​ចង់​មក​ទស្សនា​សៀមរាប​-​អង្គរ ភ្ញៀវ​ខ្លះ​ក៏​លែង​ទុកចិត្ត​ក្រុមហ៊ុន​ការី​ទេសចរណ៍​នៅ​កម្ពុជា ជា​ហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​ជាតិ ខាតបង់​ប្រយោជន៍​ជាតិ ហើយ​ក៏​ខាតបង់​ដល់​ការ​ប្រកប​អាជីវកម្ម​របស់​សណ្ឋាគារ ភោជនីយដ្ឋាន​មួយ​ចំនួន​នោះ​ផង​ដែរ​, នេះ​បើ​តាម​លោក ថោ​ង ខុន​។ ជាមួយនឹង​សម្ដី​ខ្លាំង​ៗ ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ប្រកាស​ហាមឃាត់​យ៉ាង​ដាច់អហង្កា​ថា «​កម្ពុជា​មិន​អនុ​ញ្ញា​ឱ្យ​ការី​ទេសចរណ៍ ឬ​ក្រុមហ៊ុន​ទេសចរណ៍​ណាមួយ ប្រកប​អាជីវកម្ម​បែប Zero Package Tour ក្នុង​វិស័យ​ទេសចរណ៍​ទៀត​នោះ​ឡើយ​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ