ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ល្ខោនបាសាក់ ​ខ្លះសម្តែង​មិន​ត្រូវ​ទម្រង់​ដើម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​លោក​អុល សំអាង ប្រធាន​ក្រុម​ល្ខោនបាសាក់​អុល​សំអាង រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​អ្នកសិល្បៈ​ល្ខោនបាសាក់​ទាំងអស់​ធ្វើ​យ៉ាងណា​ត្រូវ​សម្តែង​ឲ្យ​ត្រូវ​ទម្រង់​ដើម ខណៈ​ពេល​ដែល​កន្លង​មក​មាន​វង់​ល្ខោន​ខ្លះ​បាន​ធ្វើ​ខុស​ច្រើន​ពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​យើង​មួយ​នេះ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​អុល សំអាង…

រាជធានី​ភ្នំពេញ​៖​លោក​អុល សំអាង ប្រធាន​ក្រុម​ល្ខោនបាសាក់​អុល​សំអាង រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​អ្នកសិល្បៈ​ល្ខោនបាសាក់​ទាំងអស់​ធ្វើ​យ៉ាងណា​ត្រូវ​សម្តែង​ឲ្យ​ត្រូវ​ទម្រង់​ដើម ខណៈ​ពេល​ដែល​កន្លង​មក​មាន​វង់​ល្ខោន​ខ្លះ​បាន​ធ្វើ​ខុស​ច្រើន​ពី​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​យើង​មួយ​នេះ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​អុល សំអាង បញ្ជាក់​ថា តាម​ការ​សង្កេត​តាម​រយៈ​ការ​មើល​តាម​ប្រព័ន្ធ​យូ​ធូប និង​វង់​ល្ខោនបាសាក់​មួយ​ចំនួន​គឺ​រៀបចំ​ខុស​ពី​ទម្រង់​ដើម​ទាំង​សម្លៀក​បំពាក់ ចម្រៀង និង​បញ្ហា​មួយ​ចំនួន​ទៀត​។ ខ្លះ​ការ​សម្តែង​មើលទៅ​មាន​ភាព​រញ៉េរញ៉ៃ កែ​រឿង ខុស​ខ្លាំង​ពេក​ទៅ​នឹង​ទម្រង់​សិល្បៈ​ល្ខោន​បាសាក់​ដែល​ជា​កេរដំណែល​ដ៏​ល្អ​ផូរផង់​របស់​ដូនតា​ខ្មែរ​ដែល​បាន​បន្សល់​ទុក ។ វង់​ល្ខោន​ទាំងអស់​គួរតែ​រក្សា​តម្លៃ​របស់​ខ្លួន ដើម្បី​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ ក៏​ដូច​ជា​ឲ្យ​មាន​តម្លៃ​ទៅ​លើ​តួ​សម្តែង នីមួយ​ៗ ចៀស​វាង​ការ​ជ្រែ​តម្លៃ​គ្នា បាន​តម្លៃ​ថោក​ចេញ​សម្តែង​ច្រើន តែ​គ្មាន​គុណភាព ។

ក្រុម នីមួយ​ៗ​គួរតែ​យកចិត្តទុកដាក់ និង​ពង្រឹង​ក្រុម​របស់​ខ្លួន​ឲ្យ​បាន​ល្អ ចៀសវាង​កែ​រឿង​ខុស​លក្ខណៈ​ដើម តួ​ត្លុក​មាន​សម្តី​អាសអាភាស សម្លៀក​បំពាក់​មាន​ភាព ដដែល​ៗ​មិន​មានការ​ទាក់ទាញ​ពី​អ្នក​ទស្សនា។

លោក​អុល សំអាង ថា តួ​សម្តែង​គួរ​រក្សា​នូវ​ទម្រង់​ដើម​របស់​ល្ខោនបាសាក់ ដោយ​មិន​ត្រូវ​កែ​រឿង​ពី​បុរាណ មក​សម័យ​ខុស​ក្បួន ជាមួយនឹង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ដែល​មិន​ត្រូវ​ចំ​ទៅ​នឹង​ទម្រង់​ល្ខោនបាសាក់ ដែល​នាំ​ឲ្យ​មហាជន​មានការ​រិះគន់ ។

បើ​តាម​លោក​អុល សំអាង «​សិល្បៈ​ល្ខោនបាសាក់​ប្រសិនបើ​ចង់​ឲ្យ​មានការ​គាំទ្រ និង​រីក​ចម្រើន គឺ​យើង​ត្រូវ​តែ​អភិវឌ្ឍ​ក្រុម​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ជា​មុន​សិន ជា​ពិសេស​ការ​ជ្រើសរើស​តួ​ដែល​មាន​ជំនាញ និង​ទេព​កោសល្យ​ពិតប្រាកដ ។ សិល្បៈ​ល្ខោនបាសាក់​កំពុង​តែ​មាន​ភាព​ធ្លាក់​ចុះ​ទៅ​ហើយ ហើយ​យើង​ជា​អ្នក​សម្តែង​តាម​ក្រុម នីមួយ​ៗ បន្ទាប​តម្លៃ ដើម្បី​ប្រជែង​យក​ទីផ្សារ តែ​សម្តែង​គ្មាន​គុណភាព នោះ​វា​រឹតតែ​ធ្វើ​ឲ្យ​សិល្បៈ​មួយ​នេះ​កាន់តែ​អស់​តម្លៃ ។ ចំពោះ​បញ្ហា​តម្លៃ​នៃ​ការ​សម្តែង​ល្ខោនបាសាក់​នេះ​គឺ​យើង​មិន​បាន​បង្កើន​តម្លៃ​ឲ្យ​ខ្ពស់​ហួសហេតុ​ពេក​ទេ ពោល​គឺ​យើង​កំណត់​តម្លៃ​មួយ​ដែល​អាច​ទទួលយក​បាន ។

ប្រសិនបើ​យើង​ទទួល​បាន​កម្រៃ​ពី​ការ​ជួល​បាន​សមរម្យ​នោះ​គឺ​យើង​អាច​ធ្វើការ​បែងចែក​ឲ្យ​សិល្បករ​បាន​រស់​ចិញ្ចឹមជីវិត​បាន​សមរម្យ ។ ប៉ុន្តែ​បើ​យើង​ទទួល​តម្លៃ​បាន​តិច​ពេក​នោះ​យើង​ក៏​បែងចែក​ទៅ​អ្នក​សម្តែង​បាន​តិចតួច គឺ​បើ​គិត​ទៅ​គ្រាន់តែ​ចំណាយ​ការ​ធ្វើ​ដំណើរ ហូប​ចុក​នោះ​គឺ​សឹង​មិន​គ្រប់​ផង ដែល​កត្តា​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​អាក្រក់ និង​បំបាក់ទឹកចិត្ត​ដល់​អ្នកសិល្បៈ​ផង​ដែរ »​។

ក្នុង​នាម​ជា​អ្នកដឹកនាំ​ក្រុម​ល្ខោនបាសាក់​មួយ​រូប​លោក​អុល សំអាង ទទូច​ដល់​ក្រុម​សិល្បៈ​ល្ខោនបាសាក់ ផ្សេង​ៗ​នៅ​ទូ​ទាំង​ប្រទេស សូម​រក្សា​នូវ​តម្លៃ​របស់​ខ្លួន និង​ជា​ពិសេស​ពង្រឹង​ក្រុម​របស់​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​លើកតម្កើង​កិត្តិយស តម្លៃ​អ្នកសិល្បៈ និង​វប្បធម៌​ខ្មែរ ដើម្បី​ថែរក្សា​នូវ​សិល្បៈ​វប្បធម៌​ដ៏​ល្អ​ផូរផង់​មួយ​នេះ​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ