ខេត្តស្វាយរៀង ៖ ប្រភពពីលោកយាយផ្ទាល់និយាយថា គាត់បានពន្លត់ភ្លើងធូប និងចង្កៀងអស់ហើយ ចុះមូលហេតុអី្វមានភ្លើងឆេះទៀត សង្ស័យមានគេលួចដុតផ្ទះគាត់ និងសូមឲ្យសមត្ថកិច្ចស្រាវជ្រាវរឿងនេះផង ។
សូមបញ្ជាក់ថា លំនៅឋានលោកយាយម្នាក់អាយុ៧៩ឆ្នាំ ដែលរស់នៅជាមួយចៅ២នាក់តូចៗ បានក្លាយជាចំណីភ្លើងលេបត្របាក់អស់គ្មានសល់ ខណៈគាត់មិននៅផ្ទះ កាលពីវេលាម៉ោងប្រមាណ៥និង១០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ។
បើតាមលោកស្រី ពេជ្រ ស្រីមុំ ជំទប់ទី១ឃុំធ្មា បានឲ្យដឹងថា លោកយាយជាម្ចាស់ផ្ទះ សំ សាំ ហើយផ្ទះរបស់គាត់ដែលត្រូវភ្លើងឆេះនេះ មាន ទំហំ៤ម៉ែត្រ×៥ម៉ែត្រ ជញ្ជាំងស្លឹក ដំបូលស័ង្កសី ត្រូវឆេះអស់ រួមទាំងសម្ភារផ្សេងទៀតរួមមាន កន្ទេល មុង ភួយ ខ្នើយ អង្ករ១ធុងស្ពេត្រូ គ្រែធំមួយ ធុងស្ពេត្រូចំនួន៣ និងសម្ភារមួយចំនួនទៀត ។
ប្រភពដដែលបន្តថា ភ្លើងឆេះផ្ទះនេះ សង្ស័យមកពីដុតធូប និងដុតចង្កៀងចោល ។ លោកស្រី ពេជ្រ ស្រីមុំ ដែលត្រូវបានពលរដ្ឋក្នុងឃុំគោរពស្រឡាញ់គាត់ស្ទើរគ្រប់គ្នានោះ បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ និងបានសម្តែងការសោកស្តាយជាពន់ពេក ដែលលោកយាយមានជីវភាពក្រីក្រខ្លាំង រស់នៅជាមួយចៅ
តូចៗ២នាក់ ត្រូវប្រឈមនឹងអត់ទីជម្រក ។
លោកស្រីក៏សូមអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅ ប្រទេស សូមមេត្តាជួយដល់លោកយាយផង គ្រាដែលគាត់ជួបទុក្ខធំគឺបាត់បង់ផ្ទះដែលកំពុងរស់នៅនេះ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ