ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឡានដឹក​ប្រវឹង​១ពាន់ក្បាល…​ក្រោយ​​ដឹង​ពីបណ្តាញសម្ងាត់

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រថយន្ត​ឃ្លុប​១​គ្រឿង​មាន​ស្លាក​ក្រុមហ៊ុន CP ដឹក​ប្រវឹក​ជាង​១.០០០​ក្បាល​បាន​ត្រូវ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ស្ទាក់​ចាប់​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ។…

ខេត្តកំពង់ធំ ៖ រថយន្ត​ឃ្លុប​១​គ្រឿង​មាន​ស្លាក​ក្រុមហ៊ុន CP ដឹក​ប្រវឹក​ជាង​១.០០០​ក្បាល​បាន​ត្រូវ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ស្ទាក់​ចាប់​បាន​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ។ លោក ឈឿ​ង គុណ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោងបាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​បង្ក្រាប​រថយន្ត​ដឹក​សត្វព្រៃ​នេះ លោក​បាន​ទទួល​ព័ត៌មាន​ពី​បណ្តាញសម្ងាត់​មក​ថា មាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ចំណុះ​១,៥​តោន ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AJ-៨៣២៩ ប្រើប្រាស់​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​CP ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ លួច​ដឹក​សត្វព្រៃ​ចេញពី​ខេត្ត​សៀមរាប​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ឆ្លងកាត់​ខេត្ត​កំពង់ធំ ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ លោក​ក៏​សុំ​បទបញ្ជា​ពី​លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត ដើម្បី​ស្ទាក់​ចាប់​រថយន្ត​នោះ​ត្រួតពិនិត្យ​និង​ឃើញ​មាន​កេស​ជ័រ​ចំនួន​៧៦ ។ លុះ ពេល​ពិនិត្យ​នៅ​ក្នុង​កេស​ទាំង​អស់ គឺ​ដាក់​សុទ្ធតែ​ប្រវឹក​ព្រៃ ក៏​នាំ​ទាំង​រថយន្ត​និង​មនុស្ស​៣​នាក់​មក​កាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ។មនុស្ស​ទាំង​៣​នាក់​នេះ​មាន ១-​ឈ្មោះ ងួ​នសុភា អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​២​នាក់​ទៀត​ជា​កម្មករ​ឈ្មោះ​ព្រេន​និង​នី ។ ជន​ឈ្មោះ ងួ​ន សុ​ភី សារភាព​ថា រូបគេ​ដឹក​ប្រវឹក​នេះ​ចេញពី​ខេត្តសៀមរាប ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ចាប់​ឃាត់ វត្ថុ​តាង​ទាំងអស់​ត្រូវ​បាននាំ​យក​ទៅ​កាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ធ្វើ​កំណត់​ហេតុ និង​រាប់​សត្វ​ប្រវឹក​ទាំងអស់ មាន​ចំនួន​១.០៦៨​ក្បាល ។ បន្ទាប់​ពី​សាកសួរ​រួច ជន​ទាក់ទិន​នឹង​ការ​លួច​ដឹក​សត្វព្រៃ​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូ​ង ។ ចំណែក​ប្រវឹក​ទាំងអស់ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា អិ​ុ​ត សុធា រួម​ទាំង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង នាំ​យក​ទៅ​លែង​នៅ​បឹង​ធម្មជាតិ​រមណីយដ្ឋាន​ព្រៃ​ប្រស់ នា​រសៀល​ថ្ងៃ​ដដែល​នោះ ។

លោក​ព្រះរាជអាជ្ញា​ថ្លែង​ថា លោក​មានការ​សង្ស័យ​ថា រថយន្ត​នេះ​អាច​លួច​ប្រើប្រាស់​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន CP ក្លែងបន្លំ​ដឹក​បទល្មើសក៏​មិនដឹង ហើយ​លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់​រក​ម្ចាស់​ពិត ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ។

ជាមួយ​នេះ លោក​ក៏​ថ្លែងអំណរគុណ​ដល់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដែល​បាន​សហការ​គ្នា​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ទាំងនេះ ។ ការ​លួច​ដឹក​សត្វព្រៃ​មានទោស​មួយ​ទៅ​ហើយ និង​បើក​រក​ឃើញ​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​ដើម្បីក្លែងបន្លំ​នឹង​មានទោស​បន្ថែម​ទៀត ហើយ​ក្រុមហ៊ុន​ក៏​អាច​ប្តឹង​ជុំវិញ​ករណី​នេះ​ដែរ៕

អត្ថបទសរសេរ ដោយ