ចិន​ជួយ​ព្យាបាល​កុមារ​កម្ពុជា​មាន​ជំងឺ​បេះដូង​ចំហ​៣១​នាក់​ទទួល​បាន​ជោគជ័យ​ដោយ​មិន​គិតថ្លៃ


រាជធានី​ភ្នំពេញ ៖ កុមារ​កម្ពុជា​ចំនួន​៣១​នាក់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ក្នុង​ខេត្ត​យូ​ណា​ន ប្រទេស​ចិន​ព្យាបាល​ទទួល​បាន​ជោគជ័យ ហើយ​បន្ត​ជួយ​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​បេះដូង ចំហ​បន្ថែម​ទៀត ។

លោក​វេជ្ជបណ្ឌិត ម៉ា លី​ន​ឃុន អនុប្រធាន​មន្ទីរពេទ្យ​បេះដូង​ហ្វូ​វ៉ា​យ​ខេត្ត​យូ​ណា​ន​បាន​ឲ្យ​ដឹង​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​របស់​កុមារ​» នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា នៅ​ស​ណ្ឋា​គ្នា​ភ្នំពេញ​ថា ដោយ​មានការ​សហការ​ពី​ក្រុម​គ្រូពេទ្យ​កម្ពុជា​លោក​បាន​ចុះ​ទៅ​កាន់​សាលារៀន​ចំនួន​៣៨​កន្លែង នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៥ ហើយ​បាន​ស្វែងរក​កុមារ​ដែល​សង្ស័យ​មាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​មាន​ចំនួន​១៨១៦៦​នាក់ និង​បាន​រក​ឃើញ​កុមារ​ដែល​កើត​ជំងឺ​បេះ​ដួង​ចំហ​នេះ ១១៣​នាក់ ដោយ និង​បាន​ធ្វើ​ព្យាបាល​បាន​ចំនួន​៣១​នាក់ ហើយនឹង​យក​កុមារ​៦​នាក់​ទៀត​ទៅ​ព្យាបាល​នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ ។ លោក​បន្ថែម​ថា កុមារ​ដែល​ត្រូវ​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​ចិន​នោះ​ត្រូវ​បាន​យកចិត្តទុកដាក់ និង​មើលថែរ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ព្រមទាំង​មានការ​ផ្ត​ត់​ផ្គង់​ពី​ជា​សម្ភារ ការ​ហូប​ចុក ស្នាក់ នៅ​ជាដើម ។

ទាក់ទិន​នឹង​ការ​ព្យាបាល​នេះ​ដែរ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ស៊ា ហួង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កោតសរសើរ​ចំពោះ​កិច្ចសហការ​ល្អ​រវាង​មន្ទីរពេទ្យ​បេះដូង ហ្វូ​វ៉ា​យ ខេត្ត​យូ​ណា​ន និង​ក្រសួងសុខាភិបាល​ក្នុង​ការ​ផ្តល់​នូវ​សេវា​ព្យាបាល និង​វះកាត់​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​នេះ ។ លោក​បញ្ជាក់​ថា «​ខ្ញុំ​ក៏​សូម​ចូលរួម​អបអរសាទរ​ចំពោះ​សុខភាព​ល្អ ក្រោយ​ពី​ការ​វះកាត់​នៅ​មន្ទីរពេទ្យ​បេះដូង​ខេត្ត​យូ​ណា​ន របស់​កុមារ​ទាំង​៣១​រូប ដែល​ក្នុង​នោះ​២៩​រូប មក​ពី​ខេត្តបាត់ដំបង និង​២​រូប​មក​ពី​ស្រុក​បាទី ខេត្តតាកែវ ដែល​នេះ​ជា​សក្ខីភាព​យ៉ាង​ល្អ​នូវ​ការ​ជួយ​ជ្រោមជ្រែង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរពេទ្យ​បេះដូង ខេត្ត​យូ​ណា​ន ហើយ​ក៏​ជា​ការ​បញ្ជាក់​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​រវាង​ក្រុម​គ្រូពេទ្យ​នៃ​ប្រទេស​យើង​ទាំង​ពីរ​លើ​វិស័យ​សុខាភិបាល​និយាយ​រួម​លើ​ផ្នែក​វះកាត់ និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​នេះ ។

លោក​បន្ថែម​ថា ការ​បកស្រាយ​ពន្យល់​ពី​ជំងឺ​បេះដូង​ចំហ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ប្រកបដោយ​ពុទ្ធិ និង​បទ​ពិសោធន៍​យ៉ាង​ជ្រៅជ្រះ​ពី​ជំងឺ​នេះ​នឹង​ក្លាយជា​ធាតុ​ចូល​សំខាន់​បន្ថែម​ទៀត​ដល់​ក្រុម​គ្រូពេទ្យ​កម្ពុជា ហើយ​ក៏​ជា​ចំណេះដឹង​បន្ថែម​ដល់​អាណាព្យាបាល ប្រជាជន​កម្ពុជា​ផង​ដែរ ។ សិក្ខាសាលា​នេះ​ក៏​នឹង​ផ្តល់​នូវ​ការ​យល់​បន្ថែម​ជូន​ដល់​គ្រូពេទ្យ​កម្ពុជា​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​វិធីសាស្ត្រ​វះកាត់​ស្រប​តាម​និយាម​វេជ្ជសាស្ត្រ​ទំនើប​របស់​មិត្ត​ចិន​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋលេខាធិការ​ក៏​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដែល​ជា​និច្ចកាល​បាន​យកចិត្តទុកដាក់ និង​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ទាំង​ផ្នែក បច្ចេកទេស ដល់​កិច្ចសហការ​លើ​ការ​ពិនិត្យ ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ជូន​ដល់​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង​ចំហ​ទៀត​ផង ។

ចំណែក​លោកស្រី Zuon Wen Xing តំណាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ជួយ​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​បេះដូង​ចំហ​នេះ​ក៏​បាន​បង្ហាញ​ពី​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា ចិន​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ។ លោកស្រី​បញ្ជាក់​ថា ៖«​ការ​ព្យាបាល​កុមារ​នេះ​នឹង​ក្លាយជា​រឿង​និយាយ​នៅ​ពេល​អនាគត ។ ខ្ញុំ​សង្ឃឹមថា កុមារ​ដែល​ទទួល​បានការ​ព្យាបាល​សះស្បើយ​នឹង​ក្លាយជា​អ្នក​បន្តវេន ក្នុង​បេស​កម្ម​ចំណងមិត្តភាព ចិន និង​កម្ពុជា​ផង​ដែរ​» ។

ចំណែក​លោក ដា​នី ដែល​មានកូន​កើត​ជំងឺ​បេះដូង​ចំហ ហើយ​ត្រូវ​បាន​ក្រុម​គ្រួ​ពេទ្យ​ព្យាបាល​ទទួល​ជោគជ័យ​បាន​និយាយ កូន​របស់​លោក​មាន​អាយុ​៧​ឆ្នាំ​ហើយ មាន​ជំងឺ​បេះដូង​ចំហ​តាំងពី​កំណើត ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចិន​នៅ​ខេត្ត​យូ​ណា​ន​ទទួល​ជោគជ័យ ។ លោក​បន្ត​ថា កូន​របស់​លោក​ទើបតែ​ត្រឡប់​មក​ពី​ការ​ព្យាបាល​នៅ​ប្រទេស​ចិន ។ លោក​ថា នៅ​ពេល​បញ្ជូន​ទៅ​ប្រទេស​ចិន​លោក​ក៏​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​កូន​ដែរ ប៉ុន្តែ​ការ​យក​ទៅ​ព្យាបាល​នេះ​ត្រូវ​មានការ​ព្រមព្រៀង ហើយ​មានការ​ទទួលស្គាល់​ពី​ថ្នាក់ដឹកនាំ​នៅ​តាម​បណ្តា​ខេត្ត​យ៉ាង​ច្បាស់លាស់ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​អំពាវនាវ​ដល់​មាតា បិតា អាណាព្យាបាល​ដែល​មានកូន​កើត​ជំងឺ​បេះដូង​ចំហ​ធ្វើការ​ទាក់ទង​ទៅ​កាន់​អង្គការ​អ៊ី​នទី ឬ​ក្រសួងសុខាភិបាល ដើម្បី​ទទួល​បាន​ព្យាបាល ។

សូម​ជម្រាប​ថា សិក្ខាសាលា​ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរពេទ្យ​បេះដូង​ហ្វូ​វ៉ា​យ​ខេត្ត​យូ​ណា​ន និង​អង្គការ​អ៊ី​នទី នា​ថ្ងៃនេះ​ពិតជា​ឆ្លើយ​តប​ទាន់​ពេលវេលា​នូវ​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ឈ្វេងយល់​បន្ថែម​ទៀត​ពី​ជំងឺ​បេះដូង​ចំហ ហើយ​ក៏​ជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា និង​ការ​បម្រើ​សេវាកម្ម​សុខភាព​ជូន​ដល់​ប្រជាជន​កម្ពុជា​ដល់​មូលដ្ឋាន​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ