ខេត្តកណ្តាល ៖ គួរឱ្យសង្វេគណាស់ គ្រួសារមួយត្រូវភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ ខណៈកំពុងលង់លក់ក្នុងដំណេកបណ្តាលឲ្យប្រពន្ធស្លាប់ ឯប្តីឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍គួរឲ្យរន្ធត់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ កក្កដា នៅភូមិពោធិ៍ក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ។
ម្ចាស់ផ្ទះដែលរងគ្រោះ ប្តីឈ្មោះ វេ៉ង វីរៈ អាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះ ហាន ស្រីមុំ អាយុ៣៣ឆ្នាំ ។ ឯផ្ទះដែលត្រូវភ្លើងឆេះមានទំហំ៩ម៉ែត្រគុណ៥ម៉ែត្រ ធ្វើពីឥដ្ឋប្រក់ស័ង្កសី ខូចខាតប្រមាណ៥០% ព្រមទាំងពូក ខ្នេីយ ខោអាវ និងទូដាក់ខោអាវ ។
តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកេីតហេតុ ទាំង២នាក់ប្តីប្រពន្ធដេកនៅក្នុងបន្ទប់ឡៅតឿដូចរាល់ដង ។ លុះនៅវេលារំលងអធ្រាត្រ ស្រាប់តែមានភ្លេីងឆាបឆេះក្នុងបន្ទប់កន្លែងដេក រហូតបណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ ឯបុរសជាប្តីរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យឯរាជធានីភ្នំពេញ ។
នៅពេលកើតហេតុនោះ អ្នកជិតខាងបាននាំគ្នាមកជួយពន្លត់ទើបភ្លើងរលត់ទៅវិញ ។ ចំណែកនគរបាលប៉ុស្តិ៍ និងនគរបាលស្រុក ក្រោយពីបានទទួលពត័មាននេះ ក៏បានទៅជួយអន្តាគមន៍ភ្លាមៗដែរ ៕
ចែករំលែកព័តមាននេះ