រាជធានីភ្នំពេញ៖ ស្ថិតក្នុងបរិបទវិស័យសំណង់មានការរីកចម្រើនស្ទើរទូទាំងប្រទេសជាពិសេសកំណើនវិនិយោគិនពីប្រទេសចិនលើវិស័យសំណង់និងអចលទ្រព្យ គឺកត់សម្គាល់ឃើញថាវិស័យនេះកំពុងជំរុញឱ្យទីផ្សារនិងតម្រូវការកម្មករមានកាន់តែច្រើនខ្ពស់ផងដែរ ជាពិសេសគឺនៅខេត្តព្រះសីហនុតែម្តង ។
ទន្ទឹមនឹងតម្រូវកម្មករសំណង់នៅតាមការដ្ឋាននានាមានការកើនឡើងនេះ គេសង្កេតឃើញកម្មករកំពុងធ្វើការនៅក្រុមហ៊ុនបរទេសទាំងអ្នកគ្មានជំនាញ និងមានជំនាញ គឺទទួលបានប្រាក់កម្រៃពលកម្មខ្ពស់ជាងកម្មករធ្វើការជាមួយក្រុមហ៊ុនក្នុងស្រុក ខណៈដែលការងារកម្មករសំណង់ប្រឈមមុខទៅនឹងការកើតជំងឺមហាសួតក្នុងពេលណាមួយតាមរយៈគ្រឿងសំណង់ខ្លះមានផ្ទុកនូវសាធាតុអាបេសស្តុសក៏ដោយ ។
តាមកម្មករសំណង់មកពីខេត្តព្រៃវេង លោក ឈួន រតនា បន្ទាប់ពីបានចូលធ្វើការងារជាកម្មករសំណង់ផ្នែករៀបឥដ្ឋរយៈពេល៣ឆ្នាំកន្លងមកនេះជីវភាពគ្រួសារមានលក្ខណៈប្រសើរជាងពេលមុន ដោយសារប្រាក់កម្រៃពលកម្មធ្វើការពីក្រុមហ៊ុនបរទេសទទួលបានខ្ពស់ជាងមុន ពោលក្នុងមួយថ្ងៃលោកទទួលបានជិត៥ម៉ឺនរៀល ហើយប្រពន្ធរបស់លោកវិញក៏ទទួលបានជាង៣ម៉ឺនរៀល ឬស្មើនឹង៩ដុល្លារអាមេរិក ខណៈដែលកម្មករធ្វើការនៅក្រុមហ៊ុនក្នុងស្រុកបានតែ២៧០០០ រៀលទៅជាង ៣ម៉ឺនរៀល សម្រាប់អ្នកមានជំនាញនោះ ។
លោក ឈួន រតនា បានឱ្យដឹងថា «ខ្ញុំចូលធ្វើការក្នុងវិស័យសំណង់នេះមានរយៈពេល២ទៅ៣ឆ្នាំហើយ ជាងអ្នករៀបចំឥដ្ឋនិងបូកស៊ីម៉ង់ត៍។ សព្វថ្ងៃនេះទទួលបានចំណូលពីការងារប្រចាំថ្ងៃបានជិត ៦ម៉ឺនរៀល ឬស្មើប្រមាណ១៤ ទៅ ១៥ដុល្លារអាមេរិក ខណៈពេលចូលធ្វើការដំបូងបាន១២ដុល្លារអាមេរិកតែប៉ុណ្ណោះ »។
ទន្ទឹមនឹងការទទួលបានប្រាក់កម្រៃពលកម្មក្នុងមួយថ្ងៃជិត៦ម៉ឺនរៀលនេះលោក ឈួនរតនាក៏មានភាពរអ៊ូរទាំខ្លះដែរ ព្រោះរយៈពេលធ្វើការច្រើនម៉ោងជាង កម្មករធ្វើការនៅក្នុងក្រុមហ៊ុនក្នុងស្រុក។ ប៉ុន្តែទោះជាយ៉ាងនេះក្តីបើមើលទៅជីវភាពរបស់គ្រួសារលោកគឺមានភាពប្រសើរជាងមុន។ លោកបានបញ្ជាក់ថា «ក្នុងមួយខែ ក្រៅពីកាត់ចំណាយហើយ ពីរនាក់ប្តីប្រពន្ធអាចសន្សំបានប្រាក់ពី៣០០ទៅ៤០០ដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់ដល់ក្រុមគ្រួសារ»។
ចំណែកលោក ញឹម ណាក់ ជាកម្មករសំណង់មកពីខេត្តកំពង់ស្ពឺ ជាកម្មករធម្មតាធ្វើការងារចល័តរយៈពេលច្រើនឆ្នាំបានឱ្យដឹងថា ក្នុងមួយថ្ងៃទទួលបានប្រាក់កម្រៃពលកម្ម ទទួលបានសព្វថ្ងៃនេះ ច្រើនជាងឆ្នាំមុន គឺថាបច្ចុប្បន្នទទួលបានកម្រៃ ចំនួន ៣២០០០ រៀលក្នុងមួយថ្ងៃ ខណៈ ឆ្នាំមុនបានតែប្រមាណ២ ៧០០០ ម៉ឺនរៀលក្នុងមួយថ្ងៃ ។ លោកបានលើកឡើងថា ប្រាក់ចំណូលទទួលបានសព្វថ្ងៃនេះវាបានត្រឹមតែទប់ទល់ការនឹងការហូបចុក ហើយសល់បានតិចតួច ព្រោះថ្លៃទំនិញក៏វាឡើងថ្លៃជាប្រចាំ។
បើតាមកម្មករសំណង់មកពីខេត្តកំពង់ស្ពឺដដែលបានឲ្យដឹងថា «កម្មករគ្មានជំនាញធ្វើការនៅក្រុមហ៊ុនបរទេសទទួលបានចំណូលពីការងារប្រហែល៤ម៉ឺនរៀល អ្នកជំនាញពី១៥ដុល្លារទៅ២០ដុល្លារ។ តែសម្រាប់កម្មករធ្វើការនៅក្រុមហ៊ុនក្នុងស្រុកខ្លះផ្តល់ប្រាក់កម្រៃឲ្យកម្មករ តែ២៧០០០ រៀល និងអ្នកជំនាញអាចបានជាង៣ម៉ឺនរៀលក្នុងមួយថ្ងៃ»។ តាមយុវជនម្នាក់មកពីខេត្តកំពង់ចាម លោក ផាត់សុផាន់ណា ត្រៀមធ្វើការផ្នែកទឹកនិងភ្លើងនៅក្នុងបុរីធំមួយបានឱ្យដឹងថា ខ្ញុំមកធ្វើការនៅក្នុងវិស័យសំណង់នេះតាមរយៈបងប្អូនរបស់លោក ក្នុងដំណាក់កាលដំបូងនេះទទួលបានប្រាក់កម្រៃពលកម្មបាន៣ម៉ឺនរៀល ហើយប្រាក់កម្រៃទទួលបានវាសមស្របអាចទទួលយកបានសម្រាប់យើងមិនទាន់មានជំនាញ »។ លោកបានលើកឡើងថា «បើខ្ញុំចេះជំនាញ ឬបានយល់ដឹងបានតិចតួចថែមទៀត នោះប្រាក់កម្រៃអាចឡើងខ្លះទៀត។ បើគេមានជំនាញគេទទួលបានពី៤៥០០០ រៀលទៅ ៤៦០០០ រៀលក្នុងមួយថ្ងៃ»។
ទុនវិនិយោគក្នុងវិស័យសំណង់រយៈពេល១៩ឆ្នាំមានជាង៤ម៉ឺនលានដុល្លារអាមេរិក
ថ្នាក់ដឹកនាំក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ធ្លាប់បានឱ្យដឹងថា ទុនវិនិយោគនៅក្នុងវិស័យសំណង់ក្នុងរយៈពេល១៩ឆ្នាំចាប់ពីឆ្នាំ២០០០ដល់២០១៩នេះមានទុនវិនិយោគប៉ាន់ស្មានជាង៤លានដុល្លារអាមេរិក។
លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍កាលពីថ្ងៃទី ៤ ខែកក្កដាកន្លងមកថា «ចាប់ពីឆ្នាំ២០០០រហូតដល់មកដល់ឆ្នាំ២០១៩ នេះមានគម្រោងវិនិយោគប្រមាណជាង៤៥.២៦៥គម្រោង មានតម្លៃទុនវិនិយោគប៉ាន់ស្មានប្រមាណ៤៤.៥៧៦លានដុល្លារអាមេរិក។ ទុនវិនិយោគក្នុងវិស័យសំណង់នៅឆ្នាំ២០១៨មាន៥.២៥៨លានដុល្លារអាមេរិក និងបានផ្តល់ការងារដល់ពលរដ្ឋធ្វើប្រចាំថ្ងៃមានប្រមាណ២០ម៉ឺននាក់» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ