ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៩០% អ្នក​​ភូមិ​អណ្ដូង​រនុក ប្រកប​របរ​ត្បាញកន្ទេល​ក្រហម​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ភូមិ​អណ្ដូង ឃុំ​ត្រងិល ស្រុក​កំពង់លែង ប្រមាណ​ជាង​៩០​ភាគរយ ប្រកប​មុខរបរ​ត្បាញកន្ទេល​ក្រហម ក្រៅពី​ការងារ​ស្រែ​ចម្ការ​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ជា​មធ្យម​ក្នុង​១​គ្រួសារ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ភូមិ​អណ្ដូង ឃុំ​ត្រងិល ស្រុក​កំពង់លែង ប្រមាណ​ជាង​៩០​ភាគរយ ប្រកប​មុខរបរ​ត្បាញកន្ទេល​ក្រហម ក្រៅពី​ការងារ​ស្រែ​ចម្ការ​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ជា​មធ្យម​ក្នុង​១​គ្រួសារ អាច​រក​ចំណូល​បាន​ពី​៦​ទៅ​៨​លាន​រៀល​ក្នុង​មួយ​ឆ្នាំ ដោយ​មិនសូវ​ចំណាយ​ទុន​ប៉ុន្មាន​ឡើយ ។
អ្នក​ត្បាញកន្ទេល​ជា​ច្រើន​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រៅពី​ការងារ​ស្រែ​ចម្ការ ផ្ទះ​ណា​ក៏​ដូច​ជា​ផ្ទះ​ណា​ដែរ សុទ្ធតែ​ចាប់​មុខរបរ​ត្បាញកន្ទេល​ក្រហម ។ ការ​ត្បាញកន្ទេល​ក្រហម​នេះ គឺ​ចំណាយ​តែ​លើ​ថ្លៃ​ទិញ​ល័ក្ត​តែ​មួយ​មុខ​ប៉ុណ្ណោះ ។ ចំណែកឯ​វត្ថុធាតុដើម​មាន​កក់ និង​ក្រចៅ ដាំ​ដុះ​ដោយ​ខ្លួនឯង រួម​ទាំង​អុស​សម្រាប់​ស្ងោ​ទឹក​ល័ក្ត ក៏​ត្រូវ​ទៅ​រក​ទុក​ដុត​ដោយ​ខ្លួនឯង​ដែរ ។

តម្បាញ​កន្ទេលក្រហម គឺ​ចាប់ផ្ដើម​ពី​ខែកក្កដា រហូត​ដល់​ចុងខែ​កញ្ញា និង​ខ្លះ​ដល់​ដើមខែ​តុលា ទើប​អស់​កក់ មាន​រយៈពេល​២​ខែ​កន្លះ​ទៅ​៣​ខែ ។ រយៈពេល​នេះ​ខ្លះ​ត្បាញ​បាន​១០០​កន្ទេល និង​ខ្លះ​ច្រើន​ជាង​នេះ តាម​កក់​បាន​តិច ឬ​ច្រើន ។ បើ​តាម​ការប្រមាណ​ក្នុង​មួយ​គ្រួសារ អាច​រក​ចំណូល​បាន​ពី​៦​ទៅ​៨​លាន​រៀល​ក្នុង​១​ឆ្នាំ ។

សម្រាប់​ថ្លៃ​ល័ក្ត​ដែល​ទិញ​យក​មក​ជ្រលក់​កក់​ឱ្យ​ក្លាយជា​ពណ៌​ខៀវ ក្រហម ឬ​លឿង តាម​តម្រូវការ​ក្នុង​មួយ​រដូវ​ចំណាយ​អស់​ប្រមាណ​ជាង​១៥​ទៅ​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ដោយឡែក​កក់​សម្រាប់​យក​មក​ត្បាញ​ជា​កន្ទេល គឺ​រាល់​ឆ្នាំ​ពួក​គាត់​តែង​ទុក​គ្រាប់​ជា​ប្រចាំ ហើយ​ដល់​ខែមេសា ឬ​ឧសភា ពួក​គាត់​ចាប់ផ្តើម​សាប​គ្រាប់​កក់ រួម​ទាំង​ដើម​ក្រចៅ ដែល​ត្រូវ​យក​មក​វេញ ជា​ខ្សែ​សម្រាប់​ត្បាញ​ក៏​ត្រូវ​សាប​គ្រាប់​ដែរ ។ ក្រចៅ​រយៈពេល​២​ខែ​កន្លះ​អាច​ច្រូតកាត់​យករឹត​វា​ឱ្យ​សំប៉ែត ចំណែក​ក្រចៅ​ត្រូវ​កាប់​ដើម​យក​មក​បក​យក​សម្បក​វេញ​ជា​ខ្សែ ។

កសិករ​អ្នក​ភូមិ​អណ្តូង​រនុក បាន​បន្ត​ថា ពេល​ជ្រលក់​កក់​ឱ្យ​ក្លាយជា​ពណ៌​តាម​តម្រូវការ និង​វេញខ្សែ​ក្រចៅ ហើយ​ពួក​គាត់​ចាប់ផ្តើម​ត្បាញ​ជា​កន្ទេល​ហើយ ក្នុង​មួយ​ផ្ទះ​យ៉ាង​ហោច​ណាស់ ត្បាញ​បាន​កន្ទេល​មួយ​ដែរ ក្នុង​១​ថ្ងៃ​បើ​ផ្ទះ​ខ្លះ​មាន​មាន​មនុស្ស​ច្រើន អាច​បាន​២ ឬ​៣​កន្ទេល​ក្នុង​មួយ​ថ្ងៃ ។ កន្ទេល​១​លក់​ថ្លៃ​ពី​៦​ទៅ​១០​ម៉ឺន​រៀល តាម​តូច​តាម​ធំ ហើយ​កន្ទេល​ទាំងនោះ​មាន​ម៉ូយ​ទៅ​យក​ដល់​ផ្ទះ តែ​ពេល​ខ្លះ​ក៏​មាន​អ្នក​ប្រើប្រាស់​ទៅ​ទិញ​ដោយ​ផ្ទាល់​ដែរ ។

អ្នក​ភូមិ​សំណូមពរ​ដល់​អតិថិជន​ដែល​ប្រើប្រាស់​កន្ទេលក្រហម​ឲ្យ​ជួយ​ទិញ​កន្ទេលក្រហម​អ្នក​ភូមិ​អណ្ដូង​រនុក នេះ​ផង​ព្រោះ​មានគុណ​ភាព​ទាំង​ជាប់ និង​ពណ៌​បាន​យូរ​ដល់​ទៅ​៥​ទៅ​៦​ឆ្នាំ​ឯណោះ​លើកលែងតែ​កណ្ដុរ​កាត់ ។

អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា អ្នក​ភូមិ​អណ្ដូង​មាន​១៩៥​គ្រួសារ មាន​អ្នក​ត្បាញកន្ទេល​ប្រមាណ​៩៥% ហើយ​ប្រពល​រដ្ឋ​ទាំងនោះ​សុទ្ធតែ​មាន​ជីវភាព​សមរម្យ​ទាំងអស់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ