អ្នក​ចិញ្ចឹម​ជ្រូក​មាន​ទឹកមាត់​លេប​វិញ បើ​តេស្ត​មិន​មាន​មេរោគ​អាច​លក់ និង​ចិញ្ចឹម​បាន


ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពូល​សេរី និង​ភូមិ​សោយ ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ បាន​សំដែង​នូវ​ក្តី​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ខណៈ​ពេល​ដែល​បាន​ជួប​ផ្ទាល់​ជាមួយនឹង​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រីក្រសួង​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា​នេះ ដោយ​បាន​ទទួលយក​នូវ​សំណូ​ម​ពរ​របស់​ពលរដ្ឋ​ឲ្យ​ក្រុមបច្ចេកទេស​ចុះ​មក​បូម​ឈាម​ជ្រូក​យក​មក​វិភាគ​ដល់​មូលដ្ឋាន​ក្នុង​រយៈពេល​២​ម៉ោង និង​ដឹង​លទ្ធផល ប្រសិនបើ​មិនឃើញ​មាន​មេរោគ​នោះ​អាច​ដឹក​យក​ទៅ​លក់​គ្រាន់​នឹង​បាន​ថវិកា​ខ្លះ​យក​ទៅ​សង​សំ​ណុ​ល​ធនាគារឯកជន ។

អ្នកស្រី ជី​ន សុ​ខុន អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​សោយ ឃុំ​មៀន ឲ្យ​ដឹង​ថា គាត់​បាន​ចាប់ផ្តើម​ប្រកប​របរ​ចិញ្ចឹមជ្រូក តាម​រយៈ​ការ​ផ្តល់​ចំណី​ដែល​រហូត​មក​ដល់​សព្វថ្ងៃ​បាន​៥​ឆ្នាំ​ហើយ និង​លើក​ចុង​ក្រោយ​បាន​ដាក់ជ្រូក​ក្នុង​ទ្រុង​ចិញ្ចឹម​ចំនួន​៣០​ក្បាល ដោយ​មាន​ទាំង​មេ​ផង ហើយ​មាន​ជ្រូក​ខ្លះ​មាន​ទង្ង​ន់​ក្នុង​ចន្លោះ​ពី​៥០​ទៅ​៦០​គីឡូក្រាម តែ​ចាប់តាំងពី​ពេល​ដែល​នៅ​ភូមិ​របស់​គាត់​បាន​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នោះ​មិន​ទាន់​មាន​១​ក្បាល​ណា​បាន​ឈឺ​ឡើយ ។

អ្នកស្រី​សុ​ខុន បន្ត​ថា ក្រុម​ជំនាញ​បសុព្យាបាល​ខេត្ត​បាន​ចុះ​មក​ដល់​ភូមិ​គាត់​បាន​យកចិត្តទុកដាក់​ចុះបាញ់ថ្នាំ​តាម​ផ្លូវ និង​តាម​ខ្នង​ផ្ទះ​ដែល​មាន​ជំងឺ​នោះ ហើយ​ទ្រុង​ជ្រូក​គាត់​បាន​សុំ​ថ្នាំ​យក​មក​បាញ់​សម្លាប់មេរោគ និង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​មក​ពី​ខាងក្រៅ​ចូល​ទេ ។ សូ​ម្បី​តែ​គាត់​ពេល​ឲ្យ​ចំណី​ជ្រូក​ត្រូវ​បាន​លាង​ជើង​នឹង​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ដិត​ដល់ ហេតុ​ដូច្នេះ​ហើយ​បាន​ហ្វូង​ជ្រូក​របស់​គាត់​មិន​ឈឺ​ដោយ​មាន​សុខភាព​ធម្មតា​នោះ នៅ​រសៀល​ថ្ងៃ​ទី​១៤ កក្កដា​ក្រុម​មន្ទីរ​ពេទ្យសត្វ​បាន​ចុះ​មក​បូម​ឈាម​ជ្រូក​របស់​គាត់​យក​ទៅ​ពិនិត្យ​ដោយ​មាន​ក្រុមបច្ចេកទេស​នាំ​យក​ឧបករណ៍​មក​ពិនិត្យ​រក​មេរោគ​ដល់​ភូមិ​តែ​ម្តង ។ ក្នុង​ករណី​មិន​មាន​មេរោគ​គាត់​នឹង​លក់​ជ្រូក​ចេញ​ទៅ​ឲ្យ​ឈ្មួញ ដោយ​មាន​អម​លិខិត​ត្រួតពិនិត្យ​សុខភាព​ពេទ្យសត្វ​ខេត្ត សម្រាប់​ថវិកា​ដែល​លក់​បាន​ត្រូវ​បង្វិល​សង​ទៅ​ធនាគារឯកជន ។

លោក​សួន សុ​ធឿ​ន អគ្គនាយករង​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​មាន​ប្រសាសន៍​ថា សូម​បងប្អូន​ប្រជា​ជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ មេត្តា​អនុញ្ញាត​ឲ្យ​ក្រុមការងា​របស់​លោក​ដែល​បាន​សហការ​ជាមួយ និង​មន្ទីរ​កសិកម្ម​ខេត្ត​ចុះ​បូម​ឈាម​ជ្រូក​យក​មក​ពិនិត្យ​រក​មេរោគ ។ ទ្រុង​ចិញ្ចឹម​ត្រូវ​បាន​បាញ់ថ្នាំសម្លាប់​មេរោគ ក្រោយមក​ក្នុង​រយៈពេល​១​ខែ​ទៅ​២​ខែ ម្ចាស់​ដាក់​ជ្រូក​ចិញ្ចឹម​ឡើង​វិញ ប្រសិនបើ​មិន​មាន​ឈឺ​នោះ​មាន​ន័យ​ថា មេរោគ​លែង​មាន​នឹង​ប្រកាស​ឲ្យ​ចិញ្ចឹម​ឡើង​វិញ ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​មាន​ប្រសាសន៍​ថា ដោយសារ​តែ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ​នោះ រូប​លោក​បាន​បញ្ជូន​ក្រុមបច្ចេកទេស​ឲ្យ​ចុះ​មក​ដល់​ភូមិ ដើម្បី​បូម​ឈាម​ជ្រូក​យក​ពិនិត្យ ប្រសិនបើ​រក​ឃើញ​មាន​មេរោគ​នោះ​នឹង​ត្រូវ​យក​ទៅ​ដុត​កម្ទេច​ចោល ។ ហើយ​បើ​មិន​មាន​មេរោគ​នឹង​ត្រូវ​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត ចេញ​លិខិត​ត្រួតពិនិត្យ​សុខភាព​សត្វ ដើម្បី​លក់​ឲ្យ​ឈ្មួញ​ឲ្យ​បាន​ឆាប់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​ខាតបង់​ថវិកា​ច្រើន ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មាន​ប្រសាសន៍​បន្ត​ថា កន្លង​មក​នៅ​ខេត្តរតនៈគិរី​បាន​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ដោយ​ជំនាញ​បាន​ប្រមូល​ជ្រូក​កម្ទេច​ចោល​ជាង​១០០០​ក្បាល មក​ដល់​សត្វ​ថ្ងៃ​ជំងឺ​នេះបាន​ស្វាង​ហើយ នៅ​ប្រទេស​វៀតណាម​វិញ​ជ្រូក​ងាប់​ប្រមាណ​៣​លាន​ក្បាល ដោយសារ​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ត្រូវ​បាន​ខាតបង់​ប្រមាណ​ជិត​២០០​លាន​ដុល្លារ ។ ដោយឡែក​នៅ​ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ចាប់តាំងពី​ថ្ងៃ​ទី​២៣ មិថុនា ដល់​ថ្ងៃ​ទី​១៣ កក្កដា ២០១៩ ជ្រូក​ងាប់​សរុប​ចំនួន​៩៣​ក្បាល ក្នុង​ចំណោម​កសិករ​ចិញ្ចឹម​ចំនួន​៦៨២​ក្បាល ស្មើនឹង​៥៨​គ្រួសារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ