ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​រស់នៅ​ក្នុង​តំបន់​មិន​រៀបរយ​ តើ​ជួប​ការ​លំបាក​អ្វីខ្លះ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ជីវភាព​លំបាកលំបិន ក្រខ្សត់​គ្មាន​ទីពឹង​ច្រើន​គ្រួសារ​ដែល​កំពុង​រស់នៅ​តាម​ភូមិតូច​ៗ ឬ​ក៏​ជា​តំបន់​សំណង់​អនាធិបតេយ្យ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រកប​មុខរប​ដូច​ជាកម្មករ​សំណង់ ដើរ​រើស​អេ​ត​ចាយ លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ លក់​អីវ៉ាន់ ដើរ​ស៊ីឈ្នួល​បោកគក់​ខោអាវ​ឱ្យ​គេ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ជីវភាព​លំបាកលំបិន ក្រខ្សត់​គ្មាន​ទីពឹង​ច្រើន​គ្រួសារ​ដែល​កំពុង​រស់នៅ​តាម​ភូមិតូច​ៗ ឬ​ក៏​ជា​តំបន់​សំណង់​អនាធិបតេយ្យ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រកប​មុខរប​ដូច​ជាកម្មករ​សំណង់ ដើរ​រើស​អេ​ត​ចាយ លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ លក់​អីវ៉ាន់ ដើរ​ស៊ីឈ្នួល​បោកគក់​ខោអាវ​ឱ្យ​គេ ឬ​ធ្វើការ​ក្រុមហ៊ុន​ផ្សេង​ៗ​ក៏​មាន​ខ្លះ​ដែរ ។

ចំពោះ​ជីវភាព​ការ​រស់នៅ​របស់​ពួក​គាត់​មានការ​ខ្វះខាត​យ៉ាង​ខ្លាំង​ម្យ៉ាងទៀត ទីលំនៅ​របស់​ពួក​គាត់​ភាគច្រើន​ធ្វើ​ពី​ឈើ ប្រក់​តង់ ឬ​ក៏​ជា​ស័ង្កសី​តូច​ចង្អៀត​ជាប់​ៗ​គ្នា​ធ្លុះធ្លាយ មុខក្រោយ លិច​ទឹក ភក់ជ្រាំ និង​មាន​ក្លិនឆ្អេះ​ឆ្អាប​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ឈឺ​ទាំងចាស់ទាំងក្មេង​ឥត​ល្ហែ ។

ជាក់ស្តែង​ដូច​ជា​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៨០​គ្រួសារ ដែល​កំពុង​តែ​រស់នៅ​ក្នុងភូមិ​៤ ហៅ​ភូមិ​ផ្អេ​រ ដែល​មា​នទី​តាំងនៅ​ខាងក្រោយ​ផ្សារ​សុ​វ​ណ្ណា ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង​ជាដើម ដែល​ជា​តំបន់​មិន​រៀបរយ​មួយ ក្នុង​ចំណោម​តំបន់​មិន​រៀបរយ​ជា​ច្រើន​កន្លែង​ទៀត ។ គួរ​ហៅ​ថា​ជា​សំណង់​មិន​រៀបរយ វា​ល្អ​ជាង​ឈ្មោះ​សំណង់​អនាធិបតេយ្យ ។

លោក ឡេ​ង ប៊ុ​ន​ហេង អាយុ​៥៨​ឆ្នាំ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​បាន​នាំ​ប្រពន្ធ កូន និង​ក្រុម​គ្រួសារ មក​តាំង​ទីលំនៅ​ក្នុងភូមិ​ផ្អេ​រ​នេះ តាំងពី​ឆ្នាំ​១៩៩២​មក​ម្ល៉េះ រហូត​មក​ដល់​ថ្ងៃនេះ​គឺ​មាន​រយៈពេល​២៧​ឆ្នាំ​មក​ហើយ ដោយ​ផ្តើម ឡើង​ដំបូង​ធ្វើ​ជា​កូនខ្ទម​តូច​មួយ​ធ្វើ​អំពី​ឈើ​និង​ប្រក់​តង់​តែ​ប៉ុណ្ណោះ ដោយ​ដំបូង​ឡើង​រូប​គាត់​បាន​ប្រកប​របរ​ធ្វើ​ជា​ជាងសំណង់ ដើម្បី​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ ។ លោក​ថា កាលនោះ ក្នុង​តំបន់​មួយ​នេះ​វា​ជា​ផ្លូវ​ដែល​គេ​ទុក​ចោល​មាន​ស្មៅ​ដុះ​ព្រៃ​ជិតឈឹង លិច​ទឹក និង​មិន​មាន​អ្នក​ណា​ម្នាក់​ធ្វើ​ដំណើរ​ឆ្លងកាត់​ឡើយ ។

ក្រៅពី​ក្រុម​គ្រួសារ​របស់​គាត់​មក​រស់នៅ​មុនគេ​ក៏​នៅ​មាន​ក្រុម​គ្រួសារ​អ្នក​ដ៏​ទៃ​ប្រហែលជា​៤០​ទៅ​៥០​គ្រួសារ​ទៀត នាំ​គ្នា​មក​កាប់​ឆ្ការព្រៃ​និង​ធ្វើ​ជា​ខ្ទម​តូច​ៗ​ខ្លះ​ប្រក់​តង់ ខ្លះ​ទៀត​ប្រក់​ស័ង្កសី មក​រស់នៅ​ជា​បន្តបន្ទាប់​ជុំ​គ្នា​ផង​ដែរ ។ លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​មក​តាំង​ទីលំនៅ ក្នុង​តំបន់​នេះ​ដែរ ដែល​ភាសា​សាមញ្ញ​ហៅ​ថា «​តំបន់​សំណង់​អនាធិបតេយ្យ​»​នោះ គឺ​វា​មិន​មានការ​ងាយស្រួល​ទេ ដោយ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ។ ដោយសារ​តែ​ការ​រស់នៅ​ជា​ប្រចាំ​ជួប​ទៅ​នឹង​ភាព​រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់ ក្នុង​ភក់ជ្រាំ ក្លិនស្អុយ ឆ្អេះឆ្អាប គ្មាន​អនាម័យ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទាំង​មនុស្ស​ចាស់ និង​ក្មេង​ៗ​ឧស្សាហ៍​ឈឺ​គ្រប់​ៗ​គ្នា​ផង​ដែរ ។

គាត់​ថា លុះ​ក្នុង​រយៈពេល​៤​ទៅ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​រស់នៅ​របស់​ពួក​គាត់​ហាក់បីដូចជា​មានការ​ធូរស្រាល​ច្រើន ដោយសារ​តែ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​មក​ធ្វើ​ផ្លូវលំ​ដែល​បោះបង់​ចោល​ឱ្យ​ក្លាយជា​ផ្លូវ​ស្អាត​ដោយ​បាន​រៀបចំ​សណ្តាប់ធ្នាប់ និង​តែងតែ​ចុះ​មក​ធ្វើការ​អប់រំ​ផ្សេង​ៗ​ជា​ប្រចាំ​ផង​ដែរ ។

រហូត​មក​ដល់​ពេល​នេះ ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​ទី​នេះ មានការ​កើនឡើង​ប្រហែលជា​ជាង​៨០​គ្រួសារ​ហើយ ដោយ​អ្នកខ្លះ​រស់នៅ​ប្រកប​មុខរបរ​កម្មករ​សំណង់ ដើរ​រើស​អេ​ត​ចាយ ដើរ​ស៊ីឈ្នួល​គេ ខ្លះ​ទៀត​លក់ដូរ​ខាងក្រៅ និង​នៅផ្ទះ និង​ធ្វើការ​នៅ​តាម​ក្រុមហ៊ុន​ក៏​មាន ។ ចំណែកឯ​ក្មេង​ៗ​វិញ បាន​ទៅ​រៀន​គ្រប់​គ្នា​ៗ ខ្លះ​រៀន​នៅ​សាលា​រដ្ឋ និង​ខ្លះ​ទៀត​រៀន​នៅ​តាម​សាលា​អង្គការ​ក៏​មាន​ដែរ ។

ស្រី្ត​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ អុ​ឹ​ង ស៊ី​បូ​ណា​រី អាយុ​៦៨​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់​(​ស្រី​៣​នាក់​ប្រុស​ម្នាក់​) និង​ចៅ​រហូត​ទៅ​ដល់ ៩​នាក់​ទៀត នៅ​ក្នុង​បន្ទុក​បាន​មក​រស់នៅ​ទី​នេះ ដោយ​បាន​ធ្វើ​ជា​ផ្ទះ​ឈើ​ប្រក់​ស័​ង្ក សី​តូច​មួយ​អស់​រយៈពេល​២៣​ឆ្នាំ​មក​ហើយ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក​ម្ល៉េះ ដោយ​បាន​ប្រកប​មុខរបរ​ស៊ីឈ្នួល​បោក​ខោអាវ និង​កោសខ្យល់​ឱ្យ​គេ ដើម្បី​រក​ប្រាក់​យក​មក ចិញ្ចឹម​កូន​ៗ ។

កា​រស់នៅ​ក្នុង​ជីវភាព​ជា​ស្ត្រី​មេម៉ាយ ចិញ្ចឹម​កូនប្រុស ស្រី​រហូត​ទៅ​ដល់​ចំនួន ៤​នាក់​នេះ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ដោយ​ក្នុង​មួយ​អាទិត្យ រូប​គាត់​អាច​រក​លុយ​បាន​ត្រឹមតែ​៣​ទៅ​៤​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ គ្រាន់​បង់ថ្លៃ​ទឹក ភ្លើង​និង ការ​ចំណាយ​ផ្សេង​ៗ​បន្តិចបន្តួច និង​ហូប​ចុក​មិន​គ្រាន់​ឡើយ ។ គាត់​បាន​រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា កា​រស់នៅ​របស់​គាត់​សព្វថ្ងៃ​ជួប​ទៅ​នឹង​ការ​លំបាក​ខ្លាំង នៅ​ពេល​ភ្លៀង​មក​ម្តង​ៗ ទឹកភ្លៀង​លិច​ចូល​ផ្ទះ លិច​ផ្លូវ គ្មាន​លូ​បង្ហូរទឹក ធ្វើ​ឱ្យ​មាន​ភក់ជ្រាំ និង​ជួប​ការ​លំបាក​គ្រប់​បែប​យ៉ាង តែ​រយៈពេល​ចុង​ក្រោយ​នេះ ការ​រស់នៅ​របស់​ពួក​គាត់​ហាក់បីដូចជា​មានការ​ប្រសើរ​ឡើង​បន្តិច​ជាង​មុន ព្រោះ​រដ្ឋអំណាច​មូលដ្ឋាន​បាន​ជួយ​ស្ថាបនា​ផ្លូវ​ឱ្យ​មានការ​ចេញចូល​បាន​ល្អ​ប្រសើរ​ជាង​ពី​អតីតកាល ។

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ សុខ សា​រ៉ាត់ អាយុ​៦០​ឆ្នាំ ដែល​មានស្រុក​កំណើត​នៅ​ឯ​ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ មានកូន​ស្រី​ម្នាក់ បាន​មក​ជួល​ផ្ទះ​របស់​គេ​តូច​មួយ​ស្នាក់​នៅ និង​ប្រកប​មុខរបរ​លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ ។

ការ​មក​រស់នៅ​ទី​នេះ រូប​គាត់​បាន​លើកដាក់​បន្លែ​របស់​គេ​យក​មក​លក់​ក្នុង​មួយ​ថ្ងៃ​អាច​រក​ប្រាក់​ចំណេញ​បាន​ចាប់ពី​២ ទៅ​៣​ម៉ឺន​រៀល​ដែរ ថ្ងៃ​ខ្លះ​លក់​មិន​ដាច់​ខាតដើម​ក៏​មាន តែ​លុយ​ដែល​រកបាន​នេះ​មិន​អាច​ធ្វើ​ឱ្យ​គ្រួសារ ពីរ​នាក់​ម្តាយ​និង​កូន​របស់​គាត់​ធូរធា​ឡើយ ដោយ​យ​គ្រាន់តែ​យក​មក​ចំណាយ​ថ្លៃ​ផ្ទះ​ជួល​ក្នុង​មួយ​ខែ​ចំនួន​១៤​ម៉ឺន​រៀល និង​ក្រៅពី​នោះ​គឺ​យក​ទៅ​ចំណាយ​លើ​ទឹក ភ្លើង និង​ចាយវាយ​ផ្សេង​ៗ​អស់​គ្មាន​សល់ ។គាត់​បាន​ប្រាប់​បន្ត​ទៀត​ថា ផ្ទះ​ដែល​រូប​គាត់​និង​កូនស្រី​ជួល​គេ​រស់នៅ​នេះ គឺជា​ផ្ទះ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ​ធ្លុះធ្លាយ​ដំបូល​ធ្លាយ​ប្រហោង​លិច​ទឹក​ចូល នៅ​ពេល​ដែល​មេឃ​មាន​ភ្លៀង​ម្តង​ៗ ។

មិនតែប៉ុណ្ណោះ​ក្នុង​តំបន់​នេះ ក៏​មាន​ជ្រាំ ក្លិនស្អុយ ឆ្អេះឆ្អាប​មានការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​កា​រស់នៅ​សព្វថ្ងៃ តែ​ចេះ​តែ​ទ្រាំ​ៗ​ទៅ​ធ្វើ​ម្តេច​យើង​គ្មាន​ផ្ទះ​រស់នៅ​ត្រឹមត្រូវ​ដោយ​ខ្លួនឯង​នោះ ។ គាត់​ថា​ចំណែកឯ​បញ្ហា​សន្តិសុខ​វិញ គឺ​រស់នៅ​សុខ​ស្រួល​ល្អ​ណាស់ មិន​ដែល​មាន​ចោរលួច ក្មេង​ទំនើង និង​គ្រឿងញៀន​ទេ តែ​នៅ​តែ​ម្យ៉ាង គឺ​ហិង្សា​ក្នុង​គ្រួសារ ឬ​ក៏​ការ​ឈ្លោះប្រកែក​គ្នា​របស់​អ្នក​ជិតខាង​គ្នា​ឯង​បន្តិចបន្តួច​ប៉ុណ្ណោះ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ