ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនធាន​ដែល​អ្នក​ត្រូវការ ​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

នរណា​ក៏​អាច​ចាប់ផ្តើម​អាជីវកម្ម​បាន​ដែរ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​ជោគជ័យ​ មិនមែន​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​អាច​ធ្វើ​បាន​ទេ​។ ជា​ទូទៅ មនុស្ស​យើង​តែងតែ​គិត​ថា​ លុយ​គឺជា​ធនធាន​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ ដែល​ពួក​គេ​ត្រូវការ​ ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​។ យ៉ាងណា​ក្តី គំនិត​នេះ…

នរណា​ក៏​អាច​ចាប់ផ្តើម​អាជីវកម្ម​បាន​ដែរ ប៉ុន្តែ​ការ​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​ជោគជ័យ​ មិនមែន​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​អាច​ធ្វើ​បាន​ទេ​។ ជា​ទូទៅ មនុស្ស​យើង​តែងតែ​គិត​ថា​ លុយ​គឺជា​ធនធាន​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ ដែល​ពួក​គេ​ត្រូវការ​ ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​។ យ៉ាងណា​ក្តី គំនិត​នេះ ​មិន​អាច​ជំរុញ​ឲ្យ​អាជីវកម្ម​នេះ​បន្តដំណើរ​ការ​បាន​យូរ​ឡើយ​ប្រសិនបើ​មិន​មាន​ធនធាន​សំខាន់​ៗ​ខាងក្រោម​នេះ​ទេ ​៖

១-ការ​ប្តេជ្ញា

សហគ្រិន​ដែល​ជោគជ័យ គឺជា​មនុស្ស​ដែល​មានការ​ប្តេជ្ញា​ខ្ពស់​លើ​ក្រុមហ៊ុន ឬ​អាជីវកម្ម​របស់​ពួក​គេ​។ អ្នក​ត្រូវ​តែ​ត្រៀម​ចិត្ត​ និង​កាយ​ក្នុង​ការ​វិនិយោគ​កម្លាំង​និង​ស្មារតី​ ដែល​ខ្លួន​មាន​លើ​អ្វី​ដែល​អ្នក​ធ្វើ និង​ជឿជាក់​លើ​ផលិតផល​ឬ​សេវាកម្ម​ដែល​អ្នក​ផ្តល់​ជូន​អតិថិជន ព្រមទាំង​ខិតខំ​តស៊ូ​ធ្វើការ​ទាំង​ហត់នឿយ​ពិតមែន​ក្តី​។
អ្នក​ត្រូវ​ចង​ចាំ​ថា អ្នក​ប្រហែលជា​ត្រូវ​លះបង់​ជា​ច្រើន​ដូច​ជា​ថ្ងៃ​ឈប់​សម្រាក ឬ​ប្រាក់បៀវត្សរ៍​ដើម្បី​អាជីវ កម្ម​របស់​ខ្លួន​។ ដូច្នេះ​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា​អ្នក​ត្រៀមខ្លួន​ឬ​នៅ​ក្នុង​ការ​ប្តេជ្ញា​ផ្តោត​ស្មារតី និង​លះបង់​ដើម្បី​អាជីវកម្ម​របស់​ខ្លួន?

២-ការ​អនុវត្តន៍

ប្រាកដ​ណាស់​គំនិត​ ក្នុង​ការ​បង្កើត​អាជីវកម្ម​គឺ​សំខាន់ ប៉ុន្តែ​វា​មិន​អាច​កើត​មាន​ឡើង​ទេ​ប្រសិនបើ​មិន​មាន​អ្នក​អនុវត្ត​គំនិត​នោះ ​។ អាជីវករ​ដែល​ជោគជ័យ ​គឺជា​មនុស្ស​ដែល​គិត​ថា​ បញ្ហា​នីមួយ​ៗ​ដែល​ពួក​គេ​ជួប​ប្រទះ គឺ​គ្រាន់តែ​ជា​ឧបសគ្គ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ ពួក​គេ​មិន​ងាយ​នឹង​បោះបង់​ចោល​គំនិត​អាជីវកម្ម​របស់​ពួក​គេ​ទេ​និង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ឬ​វិធី​ផ្សេង​ៗ​ក្នុង​ការ​អនុវត្ត​គម្រោង​អាជីវកម្ម​របស់​ខ្លួន​។

៣-ចំណេះដឹង​អាជីវកម្ម

មនុស្ស​ជា​ច្រើន​ បាន​ចាប់ផ្តើម​អាជីវកម្ម​ដោយ​មិន​ព្យាយាម​សិក្សា​ស្វែង​យល់​ពី​ការ​ធ្វើ​អាជីវកម្ម​ជា​មុន​សិន​។ ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​មួយ អ្នក​ត្រូវ​តែ​យល់​ដឹង​ពី​ផ្នែក​ផ្សេង​ៗ​គ្នា​នៃ​អាជីវកម្ម​នោះ ឬ​បាន​ធ្វើការ​ស្រាវ ជ្រាវ​ដើម្បី​រក​មនុស្ស​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ដែល​អ្នក​ខ្វះខាត​។

ឧទាហរណ៍ ​ដូច​ជា ប្រសិនបើ​អ្នក​មិន​ពូកែ​ក្នុង​ផ្នែក​ចាត់ចែង​គណនេយ្យ អ្នក​អាច​ស្វែងរក​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់​ដើម្បី​ឲ្យ​ជួយ​អ្នក​បាន​។ ពេល​ដែល​អ្នក​បង្កើត​គម្រោង​អាជីវកម្ម កត្តា​មួយ​សំខាន់​គឺ​ស្វែង​យល់​ពី​ជំនាញ​និង​ចំណេះដឹង​របស់​អ្នក ​។ តើ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​ចាត់ចែង​ការងារ​ណាមួយ​ក្នុង​អាជីវកម្ម​របស់​អ្នក ហើយ​អ្នក​ត្រូវការ​ជំនួយ​ពី​ក្រៅ​ក្នុង​ផ្នែក​ណាខ្លះ?

លើស​ពី​នេះ​ទៅ​ទៀត ចំណេះដឹង​ផ្នែក​លក់​និង​ទីផ្សារ​ ក៏​មាន​សារសំខាន់​ដែរ​។ អ្នក​គួរតែ​ដឹង​ថា​ ដៃគូ​ប្រកួត ប្រជែង​របស់​អ្នកជា​អ្នក​ណា? តើ​អ្នក​អាច​ផ្សព្វផ្សាយ​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​បែប​ណា​ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​ជាង​ដៃគូ​ប្រកួតប្រជែង​ជាដើម​។

ភាព​ជោគជ័យ​នៃ​អាជីវកម្ម​របស់​អ្នក​ពិតជា​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ចំណេះ​ដឹង ដែល​អ្នកមាន​និង​ការ​ស្រាវជ្រាវ​ផ្សេង​ៗ​ ដែល​អ្នក​បាន​ធ្វើ​ឡើង​ដើម្បី​យល់​ដឹង​បន្ថែម​ពី​អាជីវកម្ម​នេះ​ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ