សំណួរដែលមនុស្សជាច្រើន មានពេលដែលចង់ប្តូររថយន្តគឺ តើគួរតែទិញរថយន្តថ្មី ឬរថយន្តជជុះ? ប៉ុន្តែសំណួរដែលត្រឹមត្រូវគួរតែជា តើអ្នកត្រូវការរថយន្តថ្មី ឬចង់បានរថយន្តថ្មី? អ្នកប្រហែលជាមិនត្រូវការរថយន្តម៉ូដថ្មីទំនើបៗដែលឃើញផ្សាយតាមទូរទស្សន៍លើប្រព័ន្ធសង្គមទេ ប៉ុន្តែអ្នកត្រូវបានទាក់ទាញឲ្យចង់បានវា ។
អ្នកត្រូវចងចាំថាក្នុងសង្គមនេះ តែងតែមានអ្នកដែលមានរថយន្តល្អ និងទំនើបជាងអ្នកជាក់ជាមិនខានដូច្នេះអ្នកមកមិនចាំបាច់ព្យាយាមធ្វើឲ្យដូចគេ ឬល្អជាងគេទេ។ លើសពីនេះទៅទៀត ការចំណាយថវិកាច្រើនលើរថយន្តថ្មីៗ អាចជាការខាតបង់មួយដែរ ព្រោះអ្នកមិនយកវាដើម្បីរកប្រាក់ចំណូលជូនអ្នកឡើយ។
ក្រៅពីនេះ អ្នកដែលសម្រេចចិត្តបង់រំលស់រថយន្តថ្មីវិញ កាន់តែខាតបង់ទៅទៀត ព្រោះពួកគេកាត់បន្ថយប្រាក់សន្សំរបស់ពួកគេ ដែលអាចយកទៅវិនិយោគលើធនធានដែលអាចរកប្រាក់ចំណេញដល់ពួកគេដទៃ។
ប្រសិនបើអ្នកមិនត្រូវការរថយន្តថ្មីទេ ការទិញរថយន្តមួយតឹកក៏មិនមែនជាជម្រើសគួរឲ្យខ្មាសអៀនដែរព្រោះលើទីផ្សារកម្ពុជាយើងមានរថយន្តល្អៗជាច្រើនដែលអ្នកអាចទិញបានក្នុងតម្លៃទាបជាងរថយន្តថ្មីៗ។
តែបើអ្នកសម្រេចចិត្តថាទិញហើយ សំណួរមួយទៀតដែលអ្នកសូរខ្លួនឯងប្រហែលជា តើធ្វើដូចម្តេចទើបដឹងថាខ្ញុំគួរទិញរថយន្តតម្លៃប៉ុន្មាន?
អ្នកជំនាញផ្តល់យោបល់មកថា អ្នកគួរតែទិញរថយន្តដែលមានតម្លៃស្មើប្រាក់សន្សំរបស់អ្នកក្នុងរយៈពេល១៨ខែប៉ុណ្ណោះ។ មូលហេតុអ្វីបានជា១៨ខែជាពេលដ៏ល្អ? អ្នកជំនាញប្រាប់មកថា រយៈពេល១៨ខែជាពេលដែលមនុស្សយើងជៀសវាងការសម្រេចចិត្តឆេវឆាវ។
រូបមន្តគឺមិនស្មុគស្មាញទេ អ្នកអាចដឹងថាអ្នកគួរតែទិញរថយន្តតម្លៃប៉ុន្មានដោយយកចំនួនប្រាក់សន្សំដែលអ្នកអាចសន្សំក្នុងមួយខែ គុណនិងពេលវេលាដែលអ្នកសន្សំជាការស្រេច។
ឧទាហរណ៍ដូចជា បើអ្នកសន្សំបាន១ពាន់ដុល្លារក្នុងមួយខែ នោះអ្នកអាចទិញរថយន្តដែលមានតម្លៃ១៨,០០០ដុល្លារបាន។
សម្រាប់អ្នកដែលមិនអាចសន្សំបានច្រើនដូចចំនួនក្នុងឧទាហរណ៍ទេ អ្នកអាចបង្កើនពេលវេលាសម្រាប់សន្សំបាន។ មនុស្សយើងមានស្ថានការខុសៗគ្នា ប៉ុន្តែចូរចងចាំថារាល់ការសម្រេចចិត្តរបស់អ្នកគួរតែធ្វើឡើងដោយយោងតាមការពិចារណាលើស្ថានការទាំងនោះផង ជាពិសេសគឺស្ថានការបន្ទាប់ពីការទិញរថយន្តជាដើមព្រោះអ្នកអាចនឹងត្រូវចំណាយច្រើនជាងមុនលើថ្លៃសាំងនិងថ្លៃជួសជុលផ្សេងៗ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ