ខេត្តបន្ទាយមានជ័យ ៖ ហាងលក់ទំនិញគ្រប់ប្រភេទនាំចូលពីប្រទេសចិនមួយកន្លែង ជាប់ដងផ្លូវជាតិលេខ5 ស្ថិតក្នុងភូមិបាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចចម្រុះមួយក្រុមចូលត្រួតពិនិត្យរកឃើញថ្នាំនាំចូលមិនបានចុះបញ្ជីការ ហើយផលិតផលផ្សេងៗជាច្រើនទៀត ក៏មិនបានចុះបញ្ជីពិនិត្យគុណភាពផលិតផល ។
ការឆ្មក់ចូលត្រួតពិនិត្យនេះ ធ្វើឡើងរសៀលថ្ងៃទី១២ កក្កដា ហើយទីតាំងកើតហេតុ គេឃើញមានវត្តមានលោកតេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ត្រីកាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ និងនគរបាលក្នុងខេត្ត-ក្រុងប៉ោយប៉ែតជាច្រើននាក់ ។
សមត្ថកិច្ចចម្រុះបានហៅបុរសជនជាតិចិនចំនួន៤នាក់ យកទៅសាកសួរហើយទំនិញជាច្រើនមុខ ត្រូវបានយកទៅពិនិត្យផងដែរ ។ ករណីត្រួតពិនិត្យនេះ សមត្ថកិច្ចមិនអនុញ្ញាតឱ្យអ្នកយកព័ត៌មានផ្តិតយករូបភាពទេ។
លោកតេង សាម៉ៃ ព្រះរាជអាជ្ញារងស្តីទីប្រាប់កោះសន្តិភាពថា លោកគ្រាន់តែចូលរួមធ្វើកាសម្របសម្រួលឱ្យគេស្ម័គ្រចិត្តបើកឃ្លាំង ឬហាងតែប៉ុណ្ណោះ ហើយថាការងារខាងលើ នៅមិនទាន់ចប់ទេ ព្រោះដល់ម៉ោងកំណត់ផ្អាកបណ្តោះអាសន្ន សមត្ថកិច្ចហៅជនជាតិចិនទៅសាកសួរសិន ។
ដោយឡែក លោកឧត្តមសេនីយ៍ត្រីកាន វឌ្ឍនា អនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃប្រាប់កោះសន្តិភាពថា ការត្រួតពិនិត្យហាងខាងលើនេះ ទី១-រកឃើញថ្នាំនាំចូលមិនបានចុះបញ្ជីកាហើយផលិតផលផ្សេងៗមួយចំនួនទៀត អត់បានចុះបញ្ជីពិនិត្យគុណភាពផលិតផលឡើយ ។ (សម្រួលដោយ៖ ស្រីណា) ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ