រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គេមិនថាមានរឿងអ្វីនោះទេ ស្រាប់យុវជន២ក្រុមបើកឆាកប្រយុទ្ធគ្នា ដោយភាគីម្ខាងទាញដាវសាំម៉ូរៃដេញកាប់ភាគីម្ខាងទៀត បង្កការភ្ញាក់ផ្អើលពេញវិទ្យាល័យព្រះស៊ីសុវត្ថិ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១៧៤ នៅចំណុចវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ក្រុមយុវជនទាំង២ក្រុមខាងលើនោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយបានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២ក្រុម មានគ្នាសរុបប្រមាណជា១០នាក់ ដោយភាគីម្ខាងមានគ្នា៥នាក់ជាជនរងគ្រោះ និងភាគីម្ខាងទៀតមានគ្នា៤ទៅ៥នាក់ជាជនបង្ក លុះពេលដល់វេលាម៉ោងកើតហេតុខាងលើនេះ ខណៈភាគីខាងជនរងគ្រោះកំពុងតែលេងបាល់ ហើយភាគីខាងជនបង្កក៏លេងបាល់នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិផងដែរ ។
តាមប្រភពដដែលបានបន្តថា គេមិនដឹងថាមានរឿងអ្វីនោះទេ ស្រាប់តែភាគីខាងជនបង្កដែលមានគ្នា៤ទៅ៥នាក់បានធ្វើសកម្មភាពដេញកាប់ភាគីខាងជនរងគ្រោះ បណ្តាលអោយផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ ហើយភ្លាមនោះភាគីខាងជនរងគ្រោះក៏បាននាំគ្នារត់គេចខ្លួនអស់ នៅសល់តែភាគីខាងជនបង្កនាំគ្នាទាញដាវសាំម៉ូរៃកាប់ម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GN-៣១៣៨ បណ្តាលអោយដួលនៅក្នុងវិទ្យាល័យផងដែរ បន្ទាប់មកក្រុមជនបង្កបានរត់គេចខ្លួនបាត់អស់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំភាគីខាងជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មី៣ ដើម្បីស្រាវជ្រាវរកភាគីខាងក្រុមជនបង្កយកមកផ្តន្ទាទោសតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ