ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត! ខឹង​ឪ​ពុក​មិន​ទៅ​ដណ្តឹង​ប្រពន្ធ​ឱ្យ កូន​ប្រុស​ដុត​ផ្ទះ​ឆេះ​ម៉ត់​នៅ​ស្រុក​រំដួល

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ដុត​បំផ្លាញ​ផ្ទះ​របស់​ឪពុក​បណ្តាល​ឱ្យ​ឆេះ​ខ្ទេច​អស់​ នៅ​សល់​តែ​ផេះផង់ ដោយសារ​តែ​ជនសង្ស័យជាកូន​​ខឹង​ឪ​ពុក​មិន​ទៅ​ដណ្តឹងប្រពន្ធ​​ឱ្យ​ ​។ ​ហេតុការណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ស្រគុំ​…

ខេត្តស្វាយរៀង ​៖ ​យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ដុត​បំផ្លាញ​ផ្ទះ​របស់​ឪពុក​បណ្តាល​ឱ្យ​ឆេះ​ខ្ទេច​អស់​ នៅ​សល់​តែ​ផេះផង់ ដោយសារ​តែ​ជនសង្ស័យជាកូន​​ខឹង​ឪ​ពុក​មិន​ទៅ​ដណ្តឹងប្រពន្ធ​​ឱ្យ​ ​។

​ហេតុការណ៍​ខាងលើនេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ស្រគុំ​ ឃុំ​ពងទឹក ស្រុក​រំដួល​ ខេត្តស្វាយរៀង​ ។

​ផ្ទះខាងលើជា​ប្រភេទផ្ទះ​ក្បឿង​២​ខ្នង​ សសរ​បេតុង ជញ្ជាំង​ក្តារ​ មាន​ទំហំ​៧,៥​​ម៉ែត្រគុណនឹង​៩​ម៉ែត្រ ​ត្រូវភ្លើង​ឆេះ​អស់ទាំង​ស្រុង​ រួមទាំង​​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ក៏​ត្រូវភ្លើងឆេះអស់នៅ​សល់​តែ​ផេះ​ផង់ ។

​បើ​តាម​សមត្ថកិច្ច​នគ​បាល​ឃុំ​ពងទឹក​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ពិន ពិ​ទូ​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ ត្រូវជា​កូនបង្កើត​របស់​ឈ្មោះ​ពិន បូ​រិ​ន​ ភេទ​ប្រុស ​អាយុ​៥៩​ឆ្នាំ​ ​ត្រូវជា​ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​ផងដែរ។ អ្នកទាំង២មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ​ខាងលើ ។​​

តាម​ប្រភព​ដដែល​បាន​បន្ត​​ថា ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​​ជនសង្ស័យជា​កូន​ដុត​ផ្ទះ​របស់​ឪពុក​ខ្លួនឯង​ឆេះខ្ទេចអស់បែប​នេះ ​ក៏​ព្រោះតែ​​ជនសង្ស័យ​​ខឹង​ឪពុក​​មិន​រកប្រពន្ធឱ្យ​ខ្លួន​​។

​តាម​ប្រភពពី​​​ជនរងគ្រោះ​ជា​ឪពុក​បាន​ឲ្យ​ដឹង​ថា មិនមែន​គាត់​មិន​រកប្រពន្ធ​ឱ្យ​កូន​ប្រុស​​នោះ​ទេ គឺ​មក​ពី​គ្មាន​អ្នក​ណា​គេ​ស្រឡាញ់​ បើ​​កូន​ប្រុស​កំហូច​នេះ​ចង់បាន​ប្រពន្ធ ​ចំពោះ​នារី​​ណា​ដែល​​កូន​ប្រុសរបស់​គាត់​ស្រឡាញ់​ពេញចិត្ត​ ហើយ​ប្រាប់​ពួកគាត់ដែលជា​ឪ​ពុក​ម្តាយ​ឲ្យ​ចូល​ទៅ​ស្តីដណ្តឹងនោះ​ លុះត្រាតែពួក​​គាត់​ទៅ​ស៊ើបសួរ​ខាង​ស្រី​សិន តើ​គេ​ព្រម​ឲ្យ​ចូល​ដណ្តឹង​ដែរ​ឬអត់ ទើប​ពួកគាត់ជា​ឪ​ពុក​ម្តាយ​ហ៊ាន​ចូល​ទៅ​ស្តីដណ្តឹង​កូន​ស្រី​គេ បើ​ទៅ​ស៊ើប​សួរ​ហើយ​ តែ​គេ​បដិសេធ តើ​​ឱ្យ​គាត់​​ធ្វើ​យ៉ាងណា? ។

តាមប្រភពពីជនរងគ្រោះជា​ឪពុកបាន​​ឱ្យដឹង​បន្ត​ថា ​បើ​ចង់​មាន​ប្រពន្ធ ត្រូវ​មានការ​ងារ​ធ្វើសិន ទើប​អាច​ចិញ្ចឹម​ប្រពន្ធ​ និង​ចិញ្ចឹម​កូន​បាន ​ទើបគាត់​​ទៅ​ស្តីដណ្តឹង​កូនស្រី​​គេ​ឲ្យ ហើយ​បើ​ចរិតកូនប្រុសរបស់​គាត់​​ឆេវឆាវ​គ្មាន​ធ្វើការ​អ្វី​សោះ ចេះ​តែ​ផឹកស៊ី តើ​ទៅ​រក​ស្តី​កូន​ស្រីគេ​ អ្នក​ណា​គេ​ឲ្យ​។

​ទោះ​​បី​ជា​យ៉ាងណា​ ​ជនសង្ស័យជា​កូន​​ខាងលើ​​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​រួច​ហើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ