ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទនភាព​នៃ​ការ​ខំប្រឹង​ប្រែង​របស់​យុវ​ជន​​ល្ខោនខោល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​លោក​ខុន ច័ន្ទ​សិទ្ធិការ្យ ស្ថាបនិក​យុវជន​ល្ខោនខោល​កម្ពុជា បាន​បង្ហាញ​ជោគជ័យ​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ ជាមួយនឹង​សមិទ្ធផល​ធំ​សម្រាប់​បង្ហាញ​ដល់​មហាជន​តាម​រយៈ​សិល្បៈ​បុរាណ​មួយ​នេះ ។ លោក​ខុន ច័ន្ទ​សិទ្ធិការ្យ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា…

រាជធានី​ភ្នំពេញ​៖​លោក​ខុន ច័ន្ទ​សិទ្ធិការ្យ ស្ថាបនិក​យុវជន​ល្ខោនខោល​កម្ពុជា បាន​បង្ហាញ​ជោគជ័យ​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ ជាមួយនឹង​សមិទ្ធផល​ធំ​សម្រាប់​បង្ហាញ​ដល់​មហាជន​តាម​រយៈ​សិល្បៈ​បុរាណ​មួយ​នេះ ។

លោក​ខុន ច័ន្ទ​សិទ្ធិការ្យ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា «​ជោគជ័យ​នេះ​គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់ខ្ញុំ​នៅ​ក្នុង​ការ​ហាត់រៀន​ល្ខោនខោល​។ ខ្ញុំ​ប្រឹង​ឲ្យ​គេ​កោត​តាម​រយៈ​ការ​តស៊ូ ជាង​ប្រឹង​រអ៊ូ​ឲ្យ​គេ​អាណិត ។

តាំង​តែ​បង្កើត​ក្រុម​នេះ​មក ក្រុម​របស់ខ្ញុំ​បាន​ធ្វើ​ផ្ទាំងទស្សនីយភាព​ល្ខោនខោល ធំ​ៗ​ជា​ច្រើន​លើក​មក​ហើយ សម្តែង​មិន​គិតថ្លៃ​ជូន​ប្រជាជន​បាន​ទស្សនា និង​ចូលរួម​ការងារ​សង្គម​ផង​ដែរ​តាម​រយៈ​ជំនាញ​សិល្បៈ​នេះ ។

ជាង​៣​ឆ្នាំ​នេះ​ខ្ញុំ​មិន​ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ជំពាក់ ឬ​យក​ទ្រព្យសម្បត្តិ​ក្រុម​គ្រួសារ​លក់ដូរ សម្រាប់​បម្រើ​ការងារ​នេះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​ខ្ញុំ និង​សមាជិក​ក្រុម​សំបូរ​ការងារ​ធ្វើ និង​កាន់តែ​អភិវឌ្ឍន៍​ជំនាញ រៀង​ៗ​ខ្លួន រួម​ទាំង​មាន​កិត្តិយស​នៅ​ក្នុង​សង្គម​ផង​ដែរ ។

ខ្ញុំ​ហ៊ាន​និយាយ​ថា កិត្យានុភាព​នៃ​សិល្បៈ ដែល​យើង​កំពុង​តែ​បន្តវេន​នេះ អាច​ជួយ​ឲ្យ​យើង​ប្រសើរ យើង​ព្យាយាម​ឲ្យ​តម្លៃ និង​ដាក់​វា​ឲ្យ​ខ្ពស់ បូក​រួម​និង​វិជ្ជាជីវៈ​ច្បាស់លាស់​ក្នុង​ជំនាញ »​។

បើ​តាម​លោក​ខុន ច័ន្ទ​សិទ្ធិការ្យ ចុងឆ្នាំ​នេះ​ពួក​លោក​ដែល​ជា​យុវជន​ល្ខោនខោល​កម្ពុជា នឹង​បញ្ចប់​ការងារ​ដ៏​ធំ​មួយ​ជូន​ជាតិ នោះ​គឺ​ការ​ថត​ជា​វី​ដេ​អូរ​ឯកសារ​ទុកជា​មូលដ្ឋាន​គ្រឹះ​ក្បាច់​ស្វា ។

ក្រុម​យុវជន​ល្ខោនខោល​កម្ពុជា បាន​ផ្តួចផ្តើម​ថត Video មូលដ្ឋាន​ក្បាច់​បាត​ស្វា​ក្បាច់ និង​ស្វា​ពល ដែល​សហការ​ជ្រោមជ្រែង​ពី​លោកគ្រូ​ឯកទេស​ស្វា ដើម្បី Upload ជា​សារ​ធា​ណៈ ជូន​ជា​ទុន​សម្រាប់​អ្នក​ដែល​ចង់​ហាត់រៀន និង​ជា​ការ​ជំនួយស្មារតី​សម្រាប់​រៀមច្បង និង ប្អូន​ៗ​ដែល​មានការ​ភ្លេចភ្លាំង ឬ​ភាន់ច្រឡំ​លំដាប់លំដោយ ។

លោក​ខុន ច័ន្ទ​សិ​ទ្ធី​ការ្យ និង​កញ្ញា​លាវ ច័ន្ទ​លិ​កា បាន​ក្លាយជា​សិល្បករ សិល្ប​ការិនី​តំណាង​ប្រទេស​កម្ពុជា ដែល​ចេញ​ទៅ​ចូលរួម​ជាមួយ​សិល្បករ​នៃ​បណ្ដា​ប្រទេស​អាស៊ាន ក្នុង​កម្មវិធី​សម្ដែង​សិល្បៈ​រួម​គ្នា The Best of ASEAN Performing Arts and ASEAN Cultural Roadshow ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ប្រទេស​ថៃ រួច​បន្ត​ទៅ​សម្ដែង​នៅ​ប្រទេស​Denmark និង​ប្រទេស​Netherlands៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ