រាជធានីភ្នំពេញ ៖ មន្ត្រីជើងចាស់របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលពេលនេះបានចូលនិវត្តន៍ទៅហើយនោះ បានរៀបរាប់ប្រាប់កោះសន្តិភាពថា រាជធានីភ្នំពេញត្រូវបានសាងសង់ជាលើកដំបូង នៅក្នុងសតវត្សរ៍ទី១៥ ក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រណ៌ ពញាយ៉ាត ។
លោកថ្លែងប្រាប់កោះសន្តិភាពទៀតថា នៅពេលដែលព្រះអង្គបានបោះបង់ចោល រាជធានីអង្គរ ហើយបានទៅសាងសង់រាជធានីថ្មីមួយទៀត នៅទួលបាសានក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃជាស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម ហើយព្រះអង្គគង់នៅទីនោះបានតែមួយឆ្នាំគត់ ដោយសារតែមានទឹកជំនន់នៅរដួវវស្សាលិចលង់ ទើបព្រះអង្គបានផ្លាស់ប្តូរ និងកសាងរាជធានីថ្មីមួយទៀត តាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) ក្នុងឆ្នាំ១៤៣៤ គឺជារាជធានីភ្នំពេញរហូតមកដល់ពេលនេះ ។
លោកបន្តថា ការកសាងនិងអភិវឌ្ឍន៍រាជធានីភ្នំពេញ ចាប់តាំងពីករកើតដំបូងរហូតមកដល់បច្ចុប្បន្ន គឺដោយសារការចាក់ដីបំពេញ ព្រោះភូមិសាស្ត្ររាជធានីភ្នំពេញ ជាប្រភេទដីទំនាបដែលសម្បូរទៅដោយបឹងតូចបឹងធំគ្រប់ប្រភេទនៅជាប់ៗគ្នា ស្ទើរដូចរន្ធបាយខុំ ។មន្ត្រីជើងចាស់រូបនោះ បានរៀបរាប់ទាំងស្រពិច ស្រពិលថា បើតាមគាត់នៅចាំមិនភ្លេចទេនោះ ចំនួនបឹងនៅរាជធានីភ្នំពេញ មានប្រមាណជិត៣០គឺ៖
ទី១-បឹងកេងកង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ។ ទី២-បឹងត្របែកខាងជើង ក្នុងទឹកដីសង្កាត់ទួលទំពូង ខណ្ឌចំការមន ។ ទី៣-បឹងត្របែកខាងត្បូង ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ទី៤-បឹងរាំង ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ ទី៥-បឹងកក់ នៅក្នុងសង្កាត់បឹងកក់ ខណ្ឌដូនពេញ ។ ទី៦-បឹងទំពន់ ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។ ទី៧-បឹងជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ទី៨-បឹងព្រលិត ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ ទី៩-បឹងកប់ស្រូវ ឬបឹងតាមោក បឹងនេះស្ថិតក្នុងភូមិសាស្ត្រសង្កាត់ពន់សាំង សង្កាត់គោករការ សង្កាត់ពញាពន់ សង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ស្ថិតនៅល្ហលល្ហេវនៅឡើយ ។ ទី១០-បឹងប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ទី១១-បឹងពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទី១២-បឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទី១៣-បឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ទី១៤-បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ទី១៥-បឹងតាម៉ាត(សង្កាត់ដង្កោខណ្ឌដង្កោ ទី១៦-បឹងឈូក(សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ទី១៧-បឹងឈូក ឬត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ទី១៨-បឹងឈូក សង្កាត់ច្រាំងចំរេះទី១ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់បឹងឈូក ខណ្ឌឫស្សីកែវ ។ទី១៩-បឹងក្រពើ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ទី២០-បឹងទួលពពែ សង្កាត់ដង្កោ ខណ្ឌដង្កោ
ទី២១-បឹងរាជសីហ៍ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ទី២២-បឹងអូរអង្កាម សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ទី២៣-បឹងខាំពង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។ទី២៤-បឹងទទឹងថ្ងៃ ឬបឹងចុងជញ្ជីង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ទី២៥-បឹងក្បាលដំរី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ទី២៦-បឹងសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ កំពុងប្រទាញប្រទងក្លាយមេម៉ាយចាយរាងនៅឡើយ ។ ទី២៧-គឺបឹងកន្សែង។
ប្រភពខ្លះនៅចាំបានថា ដូចជានៅមានឈ្មោះបឹងខ្លះទៀត ដែលមិនសូវចាំច្បាស់លាស់ ដែលគ្មានការកត់ត្រាទុកជាឯកសារផ្លូវការណាមួយទម្លាយឱ្យដឹងនៅឡើយទេ ដូចជាបឹងតេជោ នៅទីតាំងសាលាបាក់ទូកជាប់បូរីកីឡា ។ ចំណែកទីតាំងបូរីកីឡា គឺជាទីទួលមួយ ដែលសម័យកាលនោះជាទីតាំងកប់សព ។
លុះក្រោយមកក្នុងឱកាសស្ថាបនា កីឡដ្ឋានអូឡាំពិក នាឆ្នាំ១៩៦២ នៃសម័យសង្គមរាស្ត្រនិយម ត្រូវបានប្រកាសឱ្យគ្រួសារទាំងឡាយដែលបញ្ចុះសពនៅទីនោះរុះរើគាស់សពចេញ ដើម្បីស្ថាបនាបូរីមួយ សម្រាប់កីឡាករស្នាក់នៅ ទើបឱ្យឈ្មោះថា «បូរីកីឡា» ។
មន្ត្រីចូលនិវត្តន៍រូបនោះបានបញ្ជាក់ថា ការអភិវឌ្ឍន៍រាជធានីភ្នំពេញ រហូតមកដល់សព្វថ្ងៃនេះ ដោយ
សារការចាក់ដីបំពេញ គឺទាមទាឲ្យមានការលុបបឹងព្រែក និងប្រឡាយជាដើម ដែលត្រូវជុំនួសដោយការសាងសង់ប្រឡាយ ដាក់លូធំៗ និងស្ថាបនាស្ថានីយបូមទឹកដើម្បីបង្ហូរទឹកចេញទៅក្រៅក្រុង ទើបធ្វើឲ្យរាជធានីភ្នំពេញរបស់យើងរីកចម្រើនយ៉ាងឆាប់រហ័ស និងល្អប្រណីតមិនចាញ់ទីក្រុងនៅបណ្តាប្រទេសជឿនលឿននៅលើពិភពលោកឡើយ ។
ជាក់ស្តែង បច្ចុប្បន្ន ក្នុងចំណោមបឹងជិត៣០នោះ ត្រូវបានចាក់ដីលុប នៅសល់តែបឹងចំនួន៤ គឺបឹងត្របែក បឹងកប់ស្រូវ បឹងទំពន់ និងបឹងជើងឯកដែលសេដ្ឋីខ្លះនោះកំពុងចាក់ដី និងលក់តៗគ្នាជាដើមទុនវាល់លានដុល្លារដើម្បីអភិវឌ្ឍ ។ ប៉ុន្តែបឹងទំពន់ និងបឹងជើងឯកនេះ ក៏ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍ ដែលបាននិងកំពុងលុបបឹងនេះជាបន្តបន្ទាប់ ។
មានអ្នកនៅចាំខ្លះៗថា ទីតាំងវត្តកោះ គឺជាជម្រៅនៃបឹងមួយឈ្មោះបឹងរាំង ត្រូវបានចាក់បំពេញក្នុងឆ្នាំ១៩៥៧-១៩៥៨ ដែលមានកុដិខ្លះសង់អំពីបេតុង បានកប់ដីអស់មួយជាន់ ពេលលុបបឹង ។ រីឯបឹងកេងកងដែលស្ថិតនៅតំបន់មុខរោងភាពយន្តគិរីរម្យ ក៏ចាក់លុបរួចរាល់ ប្រហែលជានៅក្នុង១៩៦០ ។
ទោះបីកំពុងបូមដីចាក់លុបក្តី ក្នុងបឹងទាំងមូលពេញទៅដោយសំណង់ ផ្ទះឈើនៅពាសពេញ ដែលផ្ទះនីមួយៗ សង់ជាជួរ មានស្ពានឈើឆ្លងកាត់ពីផ្ទះមួយទៅផ្ទះមួយរកេតរកូត លើផ្ទៃបឹង ដែលមើលទៅដូចរស់នៅលើផ្ទៃទឹកដ៏ល្វឹងល្វើយ ។ ចំណែកទីទួលរឹងមាំ និងខ្ពស់មានតែវត្តភ្នំ និងតំបន់ព្រះបរមរាជវាំង ដែលស្ថិតនៅចំទន្លេ៤មុខហៅ «ចតុមុខ» តែប៉ុណ្ណោះ ។
ទោះបីភ្នំពេញក្លាយជារាជធានី ជាបេះដូងនៃព្រះរាជាណាចក្រក៏ដោយ ក៏ឈ្មោះបឹងទាំងឡាយដែលរាជការបានចាក់លុបពីអតីតកាលក៏នៅរក្សាបានឈ្មោះបឹងដដែល ដូចឈ្មោះបឹងខាងលើបានក្លាយជាឈ្មោះសង្កាត់ ឈ្មោះខណ្ឌ រហូតមកដល់បច្ចុប្បន្ន ។
ការស្រាវជ្រាវស្វែងរកបរិមាណបឹង និងឈ្មោះដូចបានផ្សាយនៅពេលនេះ អាចមិនទាន់សុក្រិត្យ អាចនៅខ្វះចន្លោះ ខ្លះៗជាមិនខាន ។ ព័ត៌មាននេះគ្រាន់តែជាលទ្ធផលនៃការស្រាវជ្រាវដោយផ្ទាល់របស់កោះសន្តិ ភាពតែប៉ុណ្ណោះ ។ ប្រសិនមានការខ្វះខាត ឬមិនគ្រប់គ្រាន់មានខ្វះចន្លោះដោយប្រការណាមួយ សូមលោកអ្នកអានជាទីគោរព ស្រឡាញ់មេត្តាយោគយល់ដោយក្តីអនុគ្រោះ ។
កោះសន្តិភាពយល់ឃើញថា យ៉ាងណាក៏ដោយ ព័ត៌មាននេះអាចជាឯកសារមួយ សម្រាប់ការស្រាវជ្រាវបន្តផងដែរ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ