រាជធានីភ្នំពេញ ៖ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) លោក កែវ រតនៈ បានបញ្ជាក់ថា លោក នឹងចាត់វិធានការចំពោះមន្ត្រីអគ្គិសនីណាដែលយកលុយថ្លៃសេវាពីប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាតតាមច្បាប់។
ការបញ្ជាក់របស់លោក កែវ រតនៈ បន្ទាប់ពីចោទសួរពីសំណាក់ លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ កក្កដា ក្រោមអធិបតីភាពសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងសេវាតភ្ជាប់ភ្លើងប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត-រាជធានីមួយចំនួនមានសេវាបីករណី គឺរហ័ស មធ្យម និងយឺត។
លោក កែវ រតនៈ បានបញ្ជាក់ថា «ចំពោះសេវាពី ឬបីតង់ ឬ VIP នោះគ្មានទេ យើងខ្ញុំសូមបញ្ជាក់ថា គឺអំពើខុសច្បាប់។ នៅក្នុងបញ្ញាត្តិរបស់អាជ្ញាធរអគ្គិសនីបានចែងថា គ្មានការបែងចែក រើសអើង អ្នកណាបង់លុយមុន ឬមានសេវា VIP នោះទេ ។ ប៉ុន្តែមានកិច្ចការមួយចំនួនដែលកត់សម្គាល់ក្នុងការប្រតិបត្តិនោះ គឺប្រសិនបើមានគ្រួសារ មានបុណ្យសព រៀបការកូននោះ អគ្គិសនីតែងតែផ្គត់ផ្គង់ប្រើប្រាស់ ដោយទុកអ្នកដទៃសិន»។
ជាមួយគ្នានោះដែរ លោកកែវ រតនៈ ក៏បានលើកឡើងថា កន្លងមក មានប្រជាពលរដ្ឋខ្លះធ្វើខុនដូ ឬហាង ផ្ទះមួយជាច្រើនឆ្នាំ តែក្រោយមកមកសុំភ្ជាប់ភ្លើងដោយសុំការប្រញាប់ដែរ ផ្ទុយពីបទបញ្ញត្តិរបស់ EDC បានចែងថា អតិថិជនធន់តូចចាប់ពី៦០អំពែចុះក្រោម ទុកពេលឲ្យអគ្គិសនី២សប្តាហ៍ដើម្បីឆ្លើយតប ប្រសិនបើ EDC មិនឆ្លើយតបក្នុងរយៈ២សប្តាហ៍ គឺខុស។ ប៉ុន្តែភាគច្រើនអ្នកដែលដាក់ពាក្យនោះចង់ដាក់ភ្លាម យកភ្លាម ដែលបង្កើតឲ្យមានបញ្ហាមិនចេះចប់។
លោកអគ្គនាយក EDC ក៏បានគូសបញ្ជាក់ថា «យើងខ្ញុំសូមបញ្ជាក់ និងធានាជូនអង្គប្រជុំព្រឹទ្ធសភាក៏ដូចជា ប្រជាពលរដ្ឋជ្រាបថា ប្រសិនបើនៅក្នុងថ្ងៃ ឬក៏ពេលវេលាណាដែល EDC ប្រតិបត្តិធ្វើមិនបាន គឺយើងខ្ញុំសុំទទួលខុសត្រូវចំពោះមុខច្បាប់»។ ជាមួយគ្នានោះដែរ លោក កែវ រតនៈ ក៏បានឲ្យដឹងថា តាមការចុះកិច្ចព្រមព្រៀងជាមួយអង្គភាពអំពើពុករលួយរួចមក ស្តីពីដៃគូកំចាត់អំពើពុករលួយ។
លោកបញ្ជាក់ថា «អីចឹង បើមានមន្ត្រី EDC ណាធ្វើខុស យើងដាក់ពិន័យ ដេញចោល ឬដាក់ទោសតាមវិធានរដ្ឋបាលផ្ទៃក្នុង ហើយបុគ្គលនោះនឹងប្រឈមជាមួយច្បាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ អីចឹងយើងខ្ញុំសូមដាក់ឆន្ទៈមាំណាស់ក្នុងការចាត់វិធានការ អីុចឹង បើអ្នកតំណាងរាស្ត្រដែលធ្វើការជាមួយរាស្ត្រ មានបញ្ហានេះសូមប្តឹងមកយើងខ្ញុំ»។
លោកបន្តថា ការប្តឹងនោះមិនចាំបាច់សសេរអ្វីច្រើនទេ គឺដាក់មួយម៉ាត់ថា «បុគ្គលិក EDC មានឈ្មោះនៅលើអាវនេះ…» ដាក់មកលើហ្វេសប៊ុក EDC នោះ នឹងចាត់វិធានការទៅភ្លាម ។ ជាមួយគ្នានោះ លោក កែវ រតនៈ ក៏បានលើកឡើងពីបញ្ហាតំបន់ជនបទមានភ្លើងប្រើប្រាស់ជិត៨៣ភាគរយហើយ ដូច្នេះកម្ពុជាបានជាប់ចំណាត់ថ្នាក់ថា ជាប្រទេសមួយដែលអត្រាអគ្គិសនីប្រើប្រាស់លឿនក្នុងចំណោមប្រទេសអភិវឌ្ឍន៍។
សូមជម្រាបថា ការលើកឡើងរបស់លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ខណៈដែរលោកចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទៅក្រុមហ៊ុន អេសភី អេចភី ( ខេមបូឌា)ឯ.ក ដែលសម័យប្រជុំមានការចញរួមពីសមាជិក សមាជិការព្រឹទ្ធសភាចំនួន៤៨រូប នៃចំនួនសមាជិកព្រឹទ្ធសភាទាំងអស់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ