សង្គ្រោះ «​មន្ទីរពេទ្យ​ជំនាន់​ជ័យ​វរ្ម័ន​ទី​៧» ដែល​ទ្រុឌទ្រោម​ខ្លាំង


ខេត្តសៀមរាប ៖ ប្រាសាទទន្លេស្ងួត​ជា​មន្ទីរពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរពេទ្យ​ទាំង​១០២​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ មាន​ទីតាំង​ស្ថិត​នៅ​ទិស​ខាងជើង​ក្រុង​អង្គរធំ កសាង​ឡើង​នា​ចុង​សតវត្ស​ទី​១២​។ មក​ដល់​ពេល​នេះ តួ​ប្រាសាទ គ្រឹះ​ប្រាសាទ និង​រចនា​សម្ពន្ធ​ផ្សេង​ៗ​ទៀត​របស់​ប្រាសាទ​បាន​រង​នូវ​ការ​ខូចខាត​ជា​ខ្លាំង ហើយ​ពេល​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​កំពុង​ដំណើរការ​ជួសជុល​ឡើង​វិញ ដោយ​មាន​ផែនការ​ជួសជុល​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ​។

តាម​ការ​បញ្ជាក់​របស់​លោក ជា សា​រិ​ទ្ធិ បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ដែល​ជា​ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ នេះ​បានឱ្យ​ដឹង​ថា ប្រាសាទទន្លេស្ងួត​រង​នូវ​ការ​ខូច​ខាត​ខ្លាំង​ដោយ​កត្តា​ពីរ​សំខាន់ ទី​១-​គឺ​ទឹកភ្លៀង ព្រោះ​ប្រាសាទ​គ្មាន​ដំបូល​នាំ​ឱ្យ​ទឹក​ហូរ​ចូល​ដល់​ក្នុង​គ្រឹះ ធ្វើ​ឱ្យ​គ្រឹះ​ប្រាសាទ​ចុះ​ខ្សោយ​ខ្លាំង និង​ស្រុត​។ ទី​២-​គឺ​ដើមឈើ​ដែល​ជា​បង្អែក​ដល់​ប្រាសាទ​ផង ហើយ​ក៏​ជា​អ្នក​បំផ្លាញ​ប្រាសាទ​ផង ព្រោះ​វា​ដុះ​លើ​ប្រាសាទ ហើយ​ចាក់​ឫស​ចូល​គ្រឹះ​ធ្វើ​ឱ្យ​ថ្ម​នៃ​រចនាសម្ព័ន្ធ​ប្រាសាទ​រំកិល​ចេញពី​ស្ថានភាព​ដើម ទើប​មាន​ថ្ម​ខ្លះ​រអិល​ធ្លាក់ ហើយ​ខ្លះ​ទៀត​ឫស​ឈើ​ទាញ​ចេញពី​គ្នា​។

លោក សា​រិ​ទ្ធ បន្ត​ថា ដោយសារ ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង​នេះ​ហើយ​កាលពី​ឆ្នាំ​២០០៥ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើការ​ទល់​ទ្រ​ជុំវិញ​ប្រាសាទ​ទប់ទល់​នឹង​ការ​បាក់​រលំ​។ លុះដល់​ឆ្នាំ​២០១៩ ទើប​ក្រុមការងារ​មាន​លទ្ធភាព​ក្នុង​ការ​ជួសជុល ដើម្បី​ពង្រឹង​រចនា​សម្ព័ន្ធ​ប្រាសាទ​ឱ្យ​មាន​លំនឹង​ឡើង​វិញ ក៏​ដូច​ជា​ការ​លើក​តម្លៃ​មរតក​ដូនតា ដែល​ជា​ស្ថាបត្យកម្ម​ដ៏​សំខាន់​មួយ​នៃ​មន្ទីរពេទ្យ​សម័យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ឱ្យ​មាន​រូបរាង​ល្អ​ប្រសើរ​ឡើង​វិញ​។

ចំពោះ​ដំណើរការ​ជួសជុល​ប្រាសាទទន្លេស្ងួត បុរាណ​វិទូ​រូប​នេះ​អះអាង​ថា វា​មាន​ភាព​លំបាក​និង​ស្មុគស្មាញ​ខ្លាំង ព្រោះ​គ្រឹះ​ប្រាសាទ​ធ្វើ​ពី​ថ្មបាយក្រៀម​បាន​ខូច​ទាំងស្រុង មិន​អាច​ទ្រ​លំនឹង​តួ​ប្រាសាទ​ធ្វើ​ពី​ថ្មភក់​បាន​។ ដូច្នេះ កិច្ចការ​នេះ​ត្រូវ​ទាមទារ​ពេលវេលា​យូរ អ្នកជំនាញ និង​បច្ចេកទេស​ច្បាស់លាស់ ដោយ​ចែក​ជា​ពីរ​ដំណាក់កាល​៖ ទី​១-​រុះរើ​តួ​ប្រាសាទ​ទាំងអស់​ពីលើ​ដល់​គ្រឹះ ហើយ​ប្រមូល​ថ្ម ចុះបញ្ជី​ថ្ម ចុះ​លេខ​ថ្ម សម្រង់​ប្លង់​ប្រាសាទ និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​៤​កន្លែង​ដើម្បី​សិក្សា​ពី​ស្ថានភាព​គ្រឹះ​មុន​នឹង​ធ្វើការ​ជួសជុល​។ ទី​២-​គឺ​ការ​រៀបសា​ឡើង​វិញ​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ដើម ទម្រង់​ដើម ដោយ​មានការ​សិក្សា​យ៉ាង​ល្អិតល្អន់​ទាំង​គ្រឹះ ជញ្ជាំង និង​ដំបូល ព្រមទាំង​ធ្វើការ​សិក្សា​រក​ថ្ម​រ៉ា​យ​ប៉ាយ ប្រមូល​រៀប​ផ្គុំ​សាកល្បង ហើយ​យក​ដាក់​បំពេញ​ទីតាំង​ដើម​វិញ​ក្នុង​ពេល​ជួសជុល​។

សូម​បញ្ជាក់​ដែរ​ថា ប្រាសាទ​ឬ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត កាលពី​ឆ្នាំ​២០១៧ ធ្លាប់​បាន​កំណាយ​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​បុរាណវិទ្យា​អាជ្ញាធរ​ជាតិ​អប្សរា បាន​រក​ឃើញ​ទ្វារបាល​កម្ពស់​ជិត​២​ម៉ែត្រ ព្រះពុទ្ធ​ស្តេច​ថ្នាំ បដិមា​ជា​ច្រើន​អង្គ បំណែ​កជើង​ទ្វារបាល និង​ស្លាកស្នាម​រស់នៅ​របស់​ប្រជាជន​នា​អតីតកាល​ជា​ច្រើន​។

ប្រាសាទ​នេះ​មិន​ធ្លាប់​មានការ​ជួសជុល​ឡើយ​ពី​មុន គឺ​មាន​តែ​អ្នកជំនាញ​បារាំង​បាន​ចូល​មក​ថែទាំ​សម្អាត​និង​កាប់​ដើមឈើ​ដុះ​លើ​ប្រាសាទ​នា​ឆ្នាំ​១៩៣០ និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ផ្នែក​តួ​ម៉ប​ជ្រុង​អាគ្នេយ៍ និង​ជុំវិញ​ប្រាសាទ​ដើម្បី​បក​យក​កំណក​ដី​លើ​ខឿន​ប្រាសាទ ហើយ​ប្រមូល​ថ្ម​ដែល​ធ្លាក់​ពីលើ​មក​ទុក​មួយ​កន្លែង និង​ចងក្រង​ឯកសារ​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ