ខេត្តកំពង់ឆ្នាំង ៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន២២សព ត្រូវបានធ្វើពិធីប្រគល់-ទទួលកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត និងលោកង្វៀង វ៉ាន់ងៀ អនុស្នងការដ្ឋាននយោបាយ និងជាអនុប្រធានគណៈចង្អុល៥១៥ យុទ្ធភូមិភាគទី៩ នៃកងទ័ព ប្រជាជនវៀតណាម ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
នៅក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ ធន់ ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានអានរបាយការណ៍ស្ដីពី ការរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងខេត្តកំពង់ឆ្នាំងថា យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជារៀងរាល់ឆ្នាំ រវាងគណៈកម្មការជំនាញរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគណៈកម្មការជំនាញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្ដីពីការបន្តទៅរកជីកលើកធ្វើមាតុភូមិនិវត្តន៍អធ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនូវជំនាញការវៀតណាមដែលបានពលីក្នុងសម័យកាលសង្គ្រាមលើទឹកដីកម្ពុជា ។
លោកបានបន្តថា ថ្ងៃនេះយើងបានធ្វើពិធីប្រគល់-ទទួល នូវអដ្ឋិធាតុរបស់កងទ័ពស្ម័គចិត្តវៀតណាមចំនួន ២២ សព ដែលរកឃើញនៅស្រុកកំពង់ត្រឡាចចំនួន២០សព ស្រុកសាមគ្គីមានជ័យចំនួន១សព និងស្រុកជលគិរីចំនួន១សព។ អដ្ឋិធាតុទាំង២២សព នេះគឺបានរកឃើញនៅលើទីតាំងចំនួន១៤កន្លែង ដែលបានធ្វើការជីកកាយយក ក្រោមការជូនដំណឹងនិងចង្អុលបង្ហាញ របស់ប្រជាពលរដ្ឋចំនួន២០នាក់ ។ អធិធាតុទាំង២២សពនេះគឺបានរកចាប់ពីថ្ងៃទី១៥ ខែតុលា ២០១៨ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩ ។ សម្រាប់ខេត្តកំពង់ឆ្នាំងនេះជាលើកទី១៨ ហើយដែលបានធ្វើពិធីប្រគល់ ទទួល អធិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមធ្វើមាតុភូមិនិវត្តន៍វិញ ហើយបើគិតចាប់ពីលើកទី១ ដល់ទី១៨នេះ បានរកឃើញអដ្ឋិធាតុ អតីតកងទ័ពស្មគចិត្តវៀតណាមចំនួន៣៤៥សពហើយ។
លោកឧត្តមសេនីយ៍ទោ ធន់ធឿន បានបញ្ជាក់ថាៈ ជាមួយនឹងការលើកទឹកចិត្តផ្តល់ព័ត៌មានដែលបានឈានដល់រកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ឃើញគណៈកម្មការជំនាញថ្នាក់ខេត្ត បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ក្នុងសពមួយចំនួន២០ម៉ឺនរៀល ចំណែកអង្គភាព K90 បានជួយឧបត្ថម្ភសពមួយចំនួន៤០ម៉ឺនរៀល សរុបក្នុងសពមួយចំនួន៦០ម៉ឺនរៀល ជូនដល់ប្រជាពលរដ្ឋផងដែរ។
នៅក្នុងឱកាសនោះដែរ លោកស៊ុន សុវណ្ណរិទ្ធ ក៏បានថ្លែងអំណរគុណដល់កងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានសហការសាមគ្គីគ្នាជាមួយកងទព័បដិវត្តកម្ពុជា ក្នុងជួយរំដោះប្រទេសជាតិមាតុភូមិអោយរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ