ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​នាំ​យក​សេ​រ៉ូ​ម, តង់ និង​គ្រែ​ជូន​មន្ទីរពេទ្យ ក្រោយ​កើន​អ្នកជំងឺ​គ្រុន​ឈាម

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​មន្ត្រី​នៃ​សាខា​កាកបាទក្រហម​ខេត្ត នាំ​យក​នូវ​អំណោយ​មាន​តង់…

ខេត្តកំពង់ឆ្នាំង ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៩ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​មន្ត្រី​នៃ​សាខា​កាកបាទក្រហម​ខេត្ត នាំ​យក​នូវ​អំណោយ​មាន​តង់ សេរ៉ូម និង​គ្រែពេទ្យ​ផ្ដល់​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​ជំងឺគ្រុនឈាម​ផ្ទុះ​ឡើង​ធ្វើ​ឲ្យ​កើន​អ្នកជំងឺ ហើយ​ខ្វះ​កន្លែង​សម្រាប់​អ្នកជំងឺ​ស្នាក់​នៅ​ព្យាបាល ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា ដោយ​យោង​ទៅ​តាម​ស្ថានភាព​អ្នកជំងឺ​គ្រុនឈាម​ចេះ​តែ​កើនឡើង និង​បាន​ទទួល​ព័ត៌មាន​ថា​ខាង​មន្ទីរពេទ្យ​ខ្វះ​កន្លែង​សម្រាប់​អ្នកជំងឺ​ស្នាក់​នៅ​និង​ព្យាបាល លោក​អភិបាលខេត្ត​បាន​នាំ​យក​នូវ​តង់​ចំនួន​៥០ សេរ៉ូម ចំនួន​១.០០០​ប្លោក ដោយឡែក​គ្រែពេទ្យ​ចំនួន​១៥ ជា​អំណោយ​របស់​ក្រសួងសុខាភិបាល​ក៏​បាន​ប្រគល់​ជាមួយ​គ្នា​នេះ​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​ប្រគល់​អំណោយ​នៅ​រសៀល​នោះ​ដែរ លោក​អភិបាលខេត្ត​ក៏​បាន​ផ្តាំផ្ញើ​ដល់​អាណាព្យាបាល​ដែល​កំពុង​តែ​កំដរ​កូន​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​កូនចៅ​ដោយ​ការពារ​កុំ​ឲ្យ​មូស​ខ្លាខាំ ត្រូវ​ស្លៀកពាក់​ខោអាវ​ឱ្យ​ជិត និង​លុប​បំបាត់​ទឹក​ដក់​ក្នុង​សំបក​កង់​រថយន្ត ឬ​ក្នុង​កំប៉ុង​នៅ​តាម​លំនៅ​ឋាន​ជាដើម ។

សូម​បញ្ជាក់​ថា លោក សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ធ្លាប់​ប្រាប់​ឱ្យ​ដឹង​ថា ចាប់ពី​ដើមខែ​មិថុនា​ដល់​ដើមខែ​កក្កដា​នេះ មាន​អ្នកជំងឺ​ជា​កុមារ​ចូល​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន​៤៥៩​នាក់ ក្នុង​នោះ​៩០​ភាគរយ​មាន​ជំងឺគ្រុនឈាម ចំណែក​១០​ភាគី​មាន​ជំងឺ​រាករូស​និង​គ្រុនក្តៅ​ធម្មតា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ