រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ជាមន្ត្រីនគរបាលមានតួនាទីជាអធិការរងម្នាក់ទទួលផែនអន្តរាគមន៍ខណ្ឌដូនពេញ បានដេកស្លាប់នៅក្នុងវត្តសារាវ័ន្ត ផ្អើលសមត្ថកិច្ចអស់មួយខណ្ឌ ដោយសារតែជំងឺប្រចាំកាយ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង6និង30នាទីយប់ ថ្ងៃទី9 ខែកក្កដា ឆ្នាំ2019 តាមបណ្តោយផ្លូវ178 កែងផ្លូវ19 នៅចំណុចក្នុងវត្តសារាវ័ន្ត ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
បុរសដែលស្លាប់មានឈ្មោះ ឈឹម វណ្ណនី អាយុ52ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនៅខណ្ឌដូនពេញ តួនាទីជាអធិការរងទទួលផែនអន្តរាគមន៍ មានស្រុកកំណើតនៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ លោកអធិការរងខណ្ឌដូនពេញ ដែលគាត់បំរើការជាង30ឆ្នាំមកហើយ ហើយកូនចៅមួយណាក៏គេសរសើរគាត់ថា គាត់ជាមេល្អ និងស្លូតបូត តែងតែយកអាសាគេឯង មិនដែលធ្វើឱ្យកូនចៅមួយណាស្អប់នោះឡើយ តែគាត់មានជំងឺជាច្រើនមុខជាប់នឹងខ្លួនទៀត ប្រមាណជា3ទៅ4ខែមុនគាត់បានឈឺធ្ងន់ ហើយសំរាកព្យាបាលមួយរយៈ ក៏បានធូរស្បើយនឹងមានកម្លាំងធ្វើការជាបន្ត ។
ប្រភពដដែលបន្តថា ជាក់ស្តែងដល់ម៉ោងកើតហេតុខាងលើនេះ ក៏មានអ្នកនៅក្នុងវត្តសារាវ័ន្ត ប្រទះឃើញគាត់ខ្យល់គដេកដួលនៅក្នុងវត្តផ្អើលទៅដល់សមត្ថកិច្ចអស់មួយខណ្ឌ នាំគ្នាហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាល ប៉ុន្តែជាអកុសល គាត់ក៏បានស្លាប់នៅពាក់កណ្តាលផ្លូវទៅហើយ ។ សមត្ថកិច្ចក៏បានបញ្ជាក់ថា ជនរងគ្រោះគាត់ស្លាប់ដោយសារតែខ្យល់គ និងជំងឺប្រចាំកាយ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណី ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ