ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយចាប់ខ្លួន…​ឧកញ៉ា​ស៊ឹង សំ​អុល និង​បក្សពួក​ ថ្ងៃនេះកំពុងសាកសួរនៅឡើយ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖​ លោក​ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា នេះ ឧកញ៉ា ស៊ឹង…

ខេត្តមណ្ឌលគិរី​ ៖​ លោក​ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា នេះ ឧកញ៉ា ស៊ឹង សំ​អុល និង​បក្សពួក​ កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​នៅឡើយ​ ខណៈ​នៅ​មិន​ទាន់​បញ្ជូន​ទៅ​ណា​នោះ​ទេ ។ គួរបញ្ជាក់ថា ពួកគេ​​ត្រូវ​បាន​​​គណៈ​កម្ម​ធិ​ការ​ថ្នាក់​ជាតិ​បង្ក្រាប​បទ​​​ល្មើស​ព្រៃឈើ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​០៩ កក្កដា ​។

សេចក្តី​រាយ​ការ​ណ៍​ពី​ស្រុក​កោះ​ញែក​​ថា គេ​​សង្កេត​ឃើញ​មានរថយន្តកែ​ច្នៃ, និងរថយន្ត​យី​ឌុ​ប​រាប់​សិប គ្រឿង​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កោះ​ញែក ក្រោយ​ពីមានការ​ចាប់​
ឃាត់​ខ្លួន​ឧកញ៉ា ស៊ឹង សំ​អុល កាលពី​ថ្ងៃ​ទី​០៩ កក្កដា នោះ ​។​ សមត្ថកិច្ច​កំពុង​បង្កើន​សកម្មភាព​រុករករថ យន្ត​បន្ថែម​ទៀត​ ដែល​ជាប់​ពាក់​ព័​ន្ឋ​បទល្មើស​ព្រៃឈើ ដើម្បី​ធ្វើការ​កម្ទេច​ចោល​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។

ទោះជា​យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​ថា នឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​ចាប់ខ្លួន​បន្ត​ទៀត​ឡើយ ទោះជា​នៅ​ទឹកដី​ស្រុក​កោះ​ញែក សំបូរអ្នក​រកស៊ី​បទល្មើស​ព្រៃឈើ​ក៏​ដោយ​ ។​ ចំណែក​វត្ថុ​តាង​ដែល​រឹបអូស​ បាន​ដូច​ជា ឈើ និងរថយន្ត ក្នុង​ករណី​ខាងលើ​ក៏​នៅ​មិន​ទាន់​មាន​របាយ​ការ​ណ៍​​បញ្ជាក់​នោះ​ដែរ​។

សូមបញ្ជាក់ទៀតថា ​ឧកញ៉ា ស៊ឹង សំ​អុល ដែល​ល្បីល្បាញ​ជា​ឈ្មួញ​រកស៊ី​ឈើ​ច្រើនឆ្នាំ​មក​ហើយ បាន​សុខ​រហូត​ក្លាយជា​«​ស្តេច​ខ្មូត​» និង​ល្បី​កក្រើក​នៅ​ភូមិភាគ​ឦសាន ដែល​កាលពីឆ្នាំ​២០១៦ បាន​រួច​ផុត​ពី​ការ​ចាប់ខ្លួន​ក្នុង​មុខ​ជំនួញរត់ពន្ធ​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នោះ ពេល​នេះ​បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ស្រុក​កោះ​ញែក កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា រួម​ជាមួយ​អ្នក​ពាក់ព័ន្ធ​ចំនួន​៣​នាក់​ទៀត ។

ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​ពី​វិធានការបង្ក្រាប​ការ​ជួញដូរ​ឈើ​គ្រប់​ប្រភេទ​នៅ​ទូ​ទាំងប្រទេស ដែល​ចេញ​ដោយ​នាយ​ឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ឯ​ខេត្តមណ្ឌលគិរី បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ។

លោក​ឧត្តមសេនីយ៍ អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា​ថា កម្លាំង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្រោម​ការ​ដឹក
នាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​ជាតិ បាន​បង្ក្រាប​ក្នុង​រូបភាពទ្រង់ ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុង​នោះ​មាន​ឧកញ៉ា ស៊ឹង សំ​អុល ប្រធាន​ក្រុមហ៊ុន មេការ​២​នាក់ និង​អ្នក​បើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជា​មធ្យោបាយ​ដឹកឈើ​ជាង​៤០​គ្រឿង​ផង​ដែរ ។

លោក អេ​ង ហុ​ី បន្ត​ថា នា​រសៀល​ថ្ងៃ​ទី​៩ខែកក្កដា ឧកញ៉ា ស៊ឹង សំ​អុល និង​មនុស្ស​៣​នាក់​ទៀត កំពុង​ត្រូវ​បាន​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ។ លោក​ឧត្តមសេនីយ៍ បាន​បញ្ជាក់​ទៀត​ថា រថយន្ដ​ល្មើស​ផ្សេង​ទៀត ត្រូវ​បាន​ឈ្មូ​ញយ​ក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ ហើយ​នៅ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​កំពុង​រុករក​យ៉ាង​ក្ដៅ​គគុក ។

ចំពោះ​រថយន្ដ​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ព្រៃ នឹង​បំផ្លាញ​ចោល​នៅ​ទីនោះ​តែ​ម្ដង ។ លោក អេ​ង ហុ​ី ក៏​បាន​អំពាវនាវ​ដល់​ក្រុម​ឈ្មួញដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​ដកខ្លួន​ចេញ​ជា​បន្ទាន់ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជាក់​ជា​មិន​ខាន​ឡើយ ។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​នេះបាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ សម្រេច​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​រឹត​បន្តឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​សម្រេច​ឲ្យ​មានការ​បំផ្លាញ​ចោល​មធ្យោបាយ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​នៅ​នឹង​កន្លែង​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ អេ​ង ហ៊ី បាន​បញ្ជាក់​ថា កន្លង​ទៅ​គណៈកម្មការ​ជាតិ បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា ទោះបី​មានការ​ផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ក៏​ដោយ ក៏​នៅ​តែ​មានការ​លួច​បន្លំ​កាប់​ឈើ​ដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​គ្រប់​មធ្យោបាយ​និង​គ្រប់​រូបភាព ។

លោក​បន្ត​ថា ដើម្បី​ថែរក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ នឹង​អនុវត្ត​វិធានការ​២​ចំណុច​គឺ ៖ ទី​១-​បុគ្គល​ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​ល្មើស ច្បាប់​នេះ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង ។ ទី​២-​មធ្យោបាយ (​រថយន្ត គោ​យន្ត ម៉ូតូ​…) ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​បាន​ស្នើ​សុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង ។

លោក​ឧត្តមសេនីយ៍ ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ថ្នាក់ មេត្តា​រួម​គ្នា​គិត រួម​គ្នា​ធ្វើ និង​រួម​គ្នា​ទទួល ខុស​ត្រូវ និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ផ្លាស់​ប្តូរ​ផ្នត់គំនិត​ពី​ការ​ប្រកប​មុខរបរ​កាប់​ឈើ ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​ប្រកប​មុខរបរ​ស្របច្បាប់​វិញ ដើម្បី​រួម​គ្នា​ការពារ​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ ៕

អត្ថបទសរសេរ ដោយ