ក្រុមហ៊ុន Ford និងក្រុមហ៊ុន Volkswagen បានធ្វើឱ្យទំនាក់ទំនងរបស់ពួកគេកាន់តែស៊ីជម្រៅទៅៗ ក្នុងទិសដៅបង្កើតភាពជាដៃគូមួយក្នុងចំណោមភាពជាដៃគូធំៗ ដែលក្នុងនោះគឹជាការវិនិយោគទៅលើបច្ចេកវិទ្យារថយន្តអគ្គិសនីនិងរថយន្តបើកបរដោយស្វ័យប្រវតិ្ត។ នេះក៏ដោយសារតែទីផ្សារបច្ចុប្បន្ននិងអនាគត កំពុងតែត្រូវប៉ាន់លើបច្ចេកវិទ្យានេះ។
យោងតាមប្រភពព័ត៌មានមួយបានប្រាប់សារព័ត៌មាន Reuters ថា ដើម្បីជួយគ្នាទៅវិញទៅមកចំពោះការប្រែប្រួលនៃសម្ពាធនៃការវិវត្តន៍នេះ ក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងការចែករំលែកបច្ចេកវិទ្យារថយន្តអគ្គីសនីនិងស្វ័យប្រវត្តិ ឱ្យគ្នាទៅវិញទៅមក ។ កិច្ចព្រមព្រៀងនេះគឺរហូតមកទល់ពេលនេះ គ្រាន់តែជាគម្រោង ហើយក្រុមហ៊ុនផលិតរថយន្តទាំងពីរ មិនបានចេញសេចក្តីលម្អិតអំពីកិច្ចព្រមព្រៀងនោះទេ។
ក្នុងអំឡុងពេលពិព័រណ៍រថយន្ត Detroit ឆ្នាំ២០១៩ ក្រុមហ៊ុនផលិតរថយន្តទាំងពីរ បាននិយាយអំពីរបៀបដែលពួកគេនឹងធ្វើជាដៃគូជាមួយគ្នា និង ទទួលបានការយល់ដឹងពីកន្លែងដែលពួកគេម្នាក់ៗខ្វះបទពិសោធ។ សម្រាប់ក្រុមហ៊ុន Ford គឹគេខ្វះបទពិសោធខាងរថយន្តអគ្គិសនី ខណៈដែល Volkswagen គឺខ្វះខាងរថយន្តដឹកទំនិញ។ បន្ទាប់មកពីរបីខែក្រោយ ក្រុមហ៊ុន Volkswagen បានចំណាយប្រាក់ចំនួន ១.៧ពាន់លានដុល្លារ ដើម្បីទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Argo AI របស់ក្រុមហ៊ុន Ford ។
ព័ត៌មានដ៏សំខាន់បំផុតរបស់ប្រភពនេះគឺថាក្រុមហ៊ុន Volkswagen គ្រោងនឹងចែករំលែកវេទិការថយន្តអេឡិចត្រូនិក MEB របស់ខ្លួនជាមួយក្រុមហ៊ុន Ford ។ នោះគឺជាកិច្ចព្រមព្រៀងដ៏ធំធេងមួយ ព្រោះវេទិកា MEB របស់ក្រុមហ៊ុន Volkswagen គឺពិតជាសំខាន់ណាស់ ដែលជាគ្រឹះរបស់រថយន្តទំនើបៗ នៅពេលអនាគតមួយចំនួន ដូចជា៖ ID.3, ID Crozz និង Audi Q4 e-tron ជាដើម។ ដោយសារតែបច្ចេកវិទ្យារថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Ford មិនមានភាពជឿនលឿនដូចក្រុមហ៊ុន Volkswagen វាអាចជួយដល់ក្រុមហ៊ុន Ford នៅពេលខាងមុខទៅលើផ្នែកនេះ៕
ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ